កាលកូនស្រីរបស់ខ្ញុំមានអាយុ១៥ឆ្នាំ នាងបានរត់ចេញពីផ្ទះ។ នាងបាត់ខ្លួន អស់រយៈពេលជាង៣សប្តាហ៍។ រយៈពេល៣សប្តាហ៍នោះ ជារយៈពេលដែលមានការពិបាកយូរបំផុតនៅក្នុងជីវិតគ្រួសារខ្ញុំ។ យើងខំស្វែងរកនាងគ្រប់ទីកន្លែង ហើយក៏បានស្វែងរកជំនួយ ពីអាជ្ញាធរ និងមិត្តភក្ដិផង។ ក្នុងអំឡុងពេលដ៏អស់សង្ឃឹមនោះ ខ្ញុំនិងប្រពន្ធរបស់ខ្ញុំ បានរៀនអំពីសារៈសំខាន់នៃការរង់ចាំព្រះ ក្នុងការអធិស្ឋាន។ ពួកយើងបានប្រើកម្លាំង និងធនធានអស់ពីសមត្ថភាពហើយ។ យើងមានតែត្រូវពឹងផ្អែកលើព្រះប៉ុណ្ណោះ។
ក្នុងឱកាសទិវានៃលោកឪពុក យើងក៏បានរកឃើញនាង។ កាលនោះ យើងនៅកន្លែងចំណតរថយន្តរបស់ភោជនីយដ្ឋានមួយ កំពុងរៀបចំខ្លួនទៅទទួលទានអាហារពេលល្ងាច ហើយយើងក៏បានឮទូរស័ព្ទរោទិ៍ឡើង។ អ្នករត់តុម្នាក់ ក្នុងភោជនីយដ្ឋានផ្សេងទៀត បានប្រទះឃើញនាង។ កូនស្រីរបស់យើងកំពុងនៅចម្ងាយ ពីរបីផ្លូវពីពួកយើងប៉ុណ្ណោះ។ មិនយូរប៉ុន្មាន យើងក៏បាននាំនាងមកដល់ផ្ទះវិញ ដោយសុវត្ថិភាព។
យើងត្រូវតែរង់ចាំព្រះឆ្លើយតប នៅពេលដែលយើងអធិស្ឋាន។ យើងប្រហែលមិនដឹងថា ព្រះអង្គនឹងឆ្លើយតប ដោយរបៀបណា និងនៅពេលណាទេ ប៉ុន្តែ យើងអាចដាក់ចិត្តរង់ចាំទ្រង់ជានិច្ច។ ពេលខ្លះ យើងមិនបានទទួលចម្លើយ ចំពេលដែលយើងចង់បាននោះទេ។ បញ្ហាអាចប្រែជាធ្ងន់ទៅៗក៏មាន។ ប៉ុន្តែ យើងត្រូវតែបន្តអត់ធ្មត់ទ្រាំទ្រ ហើយបន្តមានជំនឿ ព្រមទាំងបន្តទូលអង្វរជានិច្ច។
ការរង់ចាំមិនមែនជារឿងងាយស្រួលទេ ប៉ុន្តែ លទ្ធផលចុងក្រោយ គឺសក្តិសមនឹងឲ្យយើងរង់ចាំ ទោះលទ្ធផលនោះមានលក្ខណៈដូចម្តេចក៏ដោយ។ ស្ដេចដាវីឌមានបន្ទូលយ៉ាងដូច្នេះថា “ឯអស់អ្នកដែលស្គាល់ព្រះនាមទ្រង់ គេនឹងទុកចិត្តដល់ទ្រង់ ដ្បិត ឱព្រះយេហូវ៉ាអើយ ទ្រង់មិនបានបោះបង់ចោលពួកអ្នក ដែលស្វែងរកទ្រង់ឡើយ” (ទំនុកដំកើង ៩:១០)។ ចូរបន្តស្វែងរក ចូរបន្តទុកចិត្ត ចូរបន្តទូលសូម ចូរបន្តអធិស្ឋានជានិច្ច។-JAMES BANKS