ខ្ញុំមានទម្លាប់អានទស្សនាវដ្ដីឌីជីថល តាមទូរស័ព្ទ ឬកំព្យូទ័រ ហើយខ្ញុំមានអារម្មណ៍ល្អ ដោយដឹងថា ខ្ញុំបានចូលរួមការកាត់បន្ថយការកាប់ដើមឈើរដើម្បីផលិតក្រដាស។ លើសពីនោះទៅទៀត ខ្ញុំមិនចាំបាច់រង់ចាំគេយកសៀវភៅទស្សនាវដ្ដី មកដាក់ប្រអប់សំបុត្រមុខផ្ទះខ្ញុំទៀតទេ។ ទោះបីជាយ៉ាងណាក៏ដោយ ខ្ញុំពិតជានឹកទស្សនាវដ្ដីដែលផលិតពីក្រដាស់ ព្រោះខ្ញុំចូលចិត្តបើកសន្លឹករបស់វាដោយដៃខ្ញុំផ្ទាល់ ហើយខ្ញុំអាចយកកន្ត្រៃមកកាត់យកសន្លឹក ដែលមានរូបមន្តធ្វើម្ហូបដែលខ្ញុំចូលចិត្ត។
ខ្ញុំក៏មានព្រះគម្ពីរឌីជីថល នៅក្នុងទូរស័ព្ទរបស់ខ្ញុំផងដែរ។ ប៉ុន្តែ ខ្ញុំនៅតែមានព្រះគម្ពីរបោះពុម្ពពីក្រដាស ដែលខ្ញុំចូលចិត្ត គឺព្រះគម្ពីរមួយក្បាលដែលខ្ញុំបានគូសពណ៌ចំណាំនៅលើទំព័រ និងបានអានច្រើនលើកច្រើនសារមកហើយ។ យើងមិនដឹងថា តើអនាគតនៃព្រះគម្ពីរដែលបោះពុម្ភពីក្រដាស នឹងទៅជាយ៉ាងណាទេ តែមានការមួយដែលយើងអាចដឹងច្បាស់នោះគឺថា កន្លែងល្អបំផុតសម្រាប់ដាក់ព្រះបន្ទូលរបស់ព្រះ មិនមែននៅលើទូរស័ព្ទដៃរបស់យើង ឬនៅលើម៉ាស៊ីនអេឡិចត្រូនិចសម្រាប់អាន ឬក៏នៅក្នុងក្រដាស់សៀវភៅនោះឡើយ។
បទគម្ពីរទំនុកដំកើង ជំពូក ១១៩ បានចែងអំពី ការទុកដាក់ព្រះបន្ទូលព្រះនៅក្នុងចិត្តរបស់យើង។ គឺដូចមានសេចក្តីចែងថា “ទូលបង្គំបានកំណត់ចាំព្រះបន្ទូលទ្រង់ទុកនៅក្នុងចិត្ត”(ទំនុកដំកើង ១១៩:១១)។ គ្មានអ្វីអាចប្រៀបស្មើនឹងការពិចារណាព្រះបន្ទូលរបស់ព្រះ និងការរៀនឲ្យស្គាល់ទ្រង់កាន់តែច្បាស់ ព្រមទាំងការយកព្រះបន្ទូលរបស់ព្រះមកអនុវត្តនៅក្នុងជីវិតប្រចាំថ្ងៃរបស់យើងនោះឡើយ។ កន្លែងល្អបំផុតសម្រាប់ព្រះបន្ទូលរបស់ទ្រង់ គឺស្ថិតនៅក្នុងជម្រៅដួងចិត្តរបស់យើង។
យើងប្រហែលជាមានការដោះសារជាច្រើន សម្រាប់ការខកខានមិនបានអានព្រះគម្ពីរ និងជញ្ជឹងគិត ឬ ទន្ទេញឲ្យចាំមាត់ ប៉ុន្តែ យើងត្រូវការព្រះបន្ទូលរបស់ព្រះ។ ខ្ញុំសូមអធិស្ឋាន សូមព្រះអង្គជួយយើង ឲ្យអាចរក្សាទុកព្រះបន្ទូលទ្រង់ នៅក្នុងកន្លែងដែលល្អបំផុត គឺនៅក្នុងចិត្តរបស់យើង។-KEILA OCHOA