ខ្ញុំមានទម្លាប់​អានទស្សនាវដ្ដីឌីជីថល តាមទូរស័ព្ទ ឬកំព្យូទ័រ ហើយខ្ញុំ​មាន​អារម្មណ៍ល្អ ដោយដឹងថា ខ្ញុំបានចូលរួមការកាត់បន្ថយការកាប់ដើមឈើរដើម្បីផលិតក្រដាស។ លើសពីនោះទៅទៀត ខ្ញុំ​មិនចាំបាច់​រង់ចាំ​គេយកសៀវភៅទស្សនាវដ្ដី មកដាក់ប្រអប់សំបុត្រមុខផ្ទះខ្ញុំទៀតទេ។ ទោះបីជា​យ៉ាង​ណាក៏ដោយ ខ្ញុំ​ពិតជា​នឹកទស្សនាវដ្ដី​ដែលផលិតពីក្រដាស់ ព្រោះ​ខ្ញុំចូលចិត្ត​បើកសន្លឹករបស់វាដោយដៃខ្ញុំផ្ទាល់ ហើយខ្ញុំ​អាចយកកន្ត្រៃមកកាត់យកសន្លឹក ដែលមានរូបមន្ត​ធ្វើម្ហូបដែល​ខ្ញុំចូលចិត្ត។

ខ្ញុំក៏មាន​ព្រះគម្ពីរ​ឌីជីថល នៅក្នុងទូរស័ព្ទរបស់ខ្ញុំផងដែរ​។ ប៉ុន្តែ ខ្ញុំ​នៅតែ​មាន​ព្រះគម្ពីរ​បោះពុម្ព​ពី​ក្រដាស ដែលខ្ញុំចូលចិត្ត គឺព្រះគម្ពីរ​មួយក្បាល​ដែល​ខ្ញុំ​បានគូសពណ៌ចំណាំនៅលើទំព័រ និង​បានអាន​ច្រើន​លើក​ច្រើន​សារមកហើយ។ យើង​មិនដឹងថា តើអនាគត​នៃ​ព្រះគម្ពីរ​​ដែលបោះពុម្ភពីក្រដាស នឹងទៅជាយ៉ាងណាទេ តែមានការមួយ​ដែលយើងអាចដឹងច្បាស់នោះគឺថា កន្លែង​ល្អបំផុត​សម្រាប់​ដាក់​ព្រះបន្ទូល​របស់​ព្រះ​ មិនមែននៅលើ​ទូរស័ព្ទ​ដៃរបស់​យើង ឬនៅលើម៉ាស៊ីន​អេឡិចត្រូនិចសម្រាប់អាន ឬក៏នៅក្នុងក្រដាស់សៀវភៅ​នោះឡើយ។

បទគម្ពីរទំនុកដំកើង ជំពូក ១១៩ បានចែងអំពី ការទុកដាក់ព្រះបន្ទូលព្រះ​នៅ​ក្នុងចិត្តរបស់​យើង។ គឺដូចមានសេចក្តីចែងថា​ “ទូល​បង្គំ​បាន​កំណត់​ចាំ​ព្រះ​បន្ទូល​ទ្រង់​ទុក​នៅ​ក្នុង​ចិត្ត”(ទំនុកដំកើង ១១៩:១១)។ គ្មាន​អ្វី​អាចប្រៀបស្មើ​នឹង​ការពិចារណា​ព្រះបន្ទូល​របស់​ព្រះ និង​ការរៀន​ឲ្យ​ស្គាល់ទ្រង់​កាន់តែច្បាស់ ព្រមទាំង​ការ​យក​ព្រះបន្ទូល​របស់ព្រះមកអនុវត្ត​នៅក្នុងជីវិត​ប្រចាំថ្ងៃ​របស់​យើង​នោះឡើយ។ កន្លែង​ល្អបំផុត​សម្រាប់​ព្រះបន្ទូល​របស់ទ្រង់ គឺស្ថិត​នៅ​ក្នុង​ជម្រៅ​ដួងចិត្តរបស់យើង។

យើង​ប្រហែលជា​មានការដោះសារ​ជាច្រើន  សម្រាប់​ការ​​ខកខាន​មិន​បានអាន​ព្រះគម្ពីរ  និងជញ្ជឹងគិត ឬ ទន្ទេញឲ្យចាំមាត់ ប៉ុន្តែ យើង​ត្រូវការ​ព្រះបន្ទូល​របស់ព្រះ។ ខ្ញុំសូមអធិស្ឋាន ​សូម​ព្រះអង្គជួយ​យើង ​​ឲ្យអាច​រក្សាទុក​ព្រះបន្ទូល​ទ្រង់​ នៅ​ក្នុង​កន្លែង​ដែល​ល្អបំផុត គឺ​នៅ​ក្នុងចិត្ត​របស់​យើង។-KEILA OCHOA