ក្នុង​អំឡុង​ពេល​រដូវ​រងា ដែល​មាន​ភាព​ត្រជាក់​មុត​សាច់ ក្នុង​តំបន់​ដែល​យើង​រស់​នៅ ក្នុង​រដ្ឋ​មីឈីហ្គិន យើង​មាន​អារម្មណ៍​លាយ​ឡំ​គ្នា​ជា​ច្រើន ចំពោះ​អាកាស​ធាតុ។ ពេល​ដែល​ព្រឹល​បាន​បន្ត​ធ្លាក់​ក្នុង​រដូវ​រងា រហូត​ដល់​ខែ​មិនា មនុស្ស​ភាគ​ច្រើន​នៅ​តំបន់​នោះ​មាន​ការ​ណាយ​ចិត្ត​នឹង​ព្រឹល​ដែល​ចេះ​តែ​ធ្លាក់​មិន​ព្រម​ឈប់ ហើយ​ក៏​មាន​ការ​រអ៊ូរទាំ​ ពេល​គេ​ព្យាករណ៍​ឧតុ​និយម​ថា អាកាស​ធាតុ​ត្រជាក់​នៅ​មាន​រយៈ​ពេល​យូរ​ទៀត។

ប៉ុន្តែ សម្រស់​ដ៏​អស្ចារ្យ​នៃ​ព្រឹល នៅ​តែ​បន្ត​ធ្វើ​ឲ្យ​ខ្ញុំ​មាន​ចិត្ត​រីក​រាយ។ ទោះ​ខ្ញុំ​ត្រូវ​លំបាក​យកប៉ែល​ចូក​ព្រឹល​ចេញ​ពី​ផ្លូវ នៅ​មុខ​ផ្ទះ​ខ្ញុំ ដាក់​នៅ​លើ​គំនរ​ព្រឹល​អម​សង្ខាង​ផ្លូវ​ក៏​ដោយ ក៏​ខ្ញុំ​នៅ​តែ​មាន​ចិត្ត​ស្ងើច​ចំពោះ​វត្ថុ​ពណ៌​ស​ក្បុស​នេះ។ នៅ​ថ្ងៃ​មួយ មាន​ដុំ​ទឹក​កក​តូច​ៗ ថ្លា​ដូច​គ្រីស្ទាល់​បាន​ធ្លាក់​ពី​លើ​មេឃ ចុះ​មក​ទើ​នៅ​លើ​គំនរ​ព្រឹល​ចាស់​ៗ។ ពេល​ខ្ញុំ និង​ភរិយា​របស់​ខ្ញុំ​បាន​ដើរ​កាត់​តាម​ទេស​ភាព​ព្រឹល​ទឹកកក​ដែល​ចាំង​ពន្លឺ​ផ្លេក​ៗ មើល​ទៅ​ហាក់​ដូច​ជា​មាន​កំទេច​គ្រាប់​ពេជ្យ​ចាំង​ពន្លឺ​ផ្លេក​ៗ ពាស​ពេញ​ទី​វាល។

​ព្រះ​គម្ពីរ ហាក់​ដូច​ជា​បាន​និយាយ​អំពី​ព្រឹល​ក្នុង​ន័យ​ខុស​ៗ​គ្នា។ ព្រះ​ទ្រង់​បាន​បង្គាប់​ឲ្យ​ព្រឹល​ធ្លាក់​ចុះ​មក ជា​សញ្ញា​បង្ហាញ​អំពីភាព​ធំ​ប្រសើរ​របស់​ទ្រង់​(យ៉ូប ៣៧:៦ ៣៨:២២-២៣)។ កំពូល​ភ្នំ​ខ្ពស់​ៗ​ដែល​គ្រប​ដណ្តប់​ទៅ​ដោយ​ព្រឹល បាន​ធ្វើ​ជា​ប្រភព​ទឹក​ដែល​ហូរ​ចុះ​មក ស្រោច​ស្រព​តាម​ជ្រលង​ដង​អូរ ដែល​នៅ​តំបន់​វាល​ទំនាប។ តែ​ដែល​កាន់​តែ​អស្ចារ្យ​ជាង​នេះ​ទៀត​នោះ គឺ​ព្រះ​បាន​ប្រទាន​ព្រឹល​មក ជា​និមិត្ត​រូប​ដំណាង​អំពី​ការ​អត់​ទោស​បាប​ឲ្យ​យើង​រាល់​គ្នា។

ដំណឹង​ល្អ​នៃ​ព្រះ​យេស៊ូវ​បាន​បើក​ផ្លូវ​ ឲ្យ​យើង​បាន​ទទួល​ការ​សម្អាត​អំពើ​បាប​យើង និង​ដើម្បី​ឲ្យ​ចិត្ត​យើង​បាន​ប្រែ​ជា “ស​ជាង​ព្រឹល”ផង​(ទំនុកដំកើង ៥១:៧ អេសាយ ១:១៨)។ លើក​ក្រោយ ពេល​អ្នក​បាន​ឃើញ​ព្រឹល​ដោយ​ផ្ទាល់​ភ្នែក ឬ​នៅ​ក្នុង​រូប​ថត សូម​អរ​ព្រះ​គុណ​ព្រះ សម្រាប់​ការ​អត់​ទោស​បាប និង​ប្រទាន​សេរី​ភាព ឲ្យ​យើង​រួច​ពី​ទោស​នៃ​អំពើ​បាប ដែល​ជា​អំណោយ​សម្រាប់​អស់​អ្នក​ដែល​ទុក​ចិត្ត​លើ​ព្រះ​សង្រ្គោះ​នៃ​យើង។-Dave Branon