បន្ទាប់​ពី​រដូវ​កាល នៃ​ពិធី​បុណ្យ​ណូអែល​បាន​បញ្ចប់ នៅ​ចុង​ខែ​ធ្នូ គំនិត​របស់​ខ្ញុំ ច្រើន​តែ​បែរ​ទៅ​រក​ការ​មក​ដល់​នៃ​ឆ្នាំ​ថ្មី។ ខណៈ​ពេល​ដែល​កូន​ៗ​របស់​ខ្ញុំ​កំពុង​ឈប់​សម្រាក​ពី​ការ​សិក្សា ហើយ​សកម្ម​ភាព​ប្រចាំ​ថ្ងៃ មាន​ដំណើរ​យឺត​ៗ ខ្ញុំ​ក៏​បាន​ជញ្ជឹង​គិត អំពីអ្វី​ដែល​ខ្ញុំ​បាន​ទទួល​ពី​ឆ្នាំ​ចាស់ និង​អំពី​អ្វី​ដែល​ខ្ញុំ​នឹង​ធ្វើ​សម្រាប់​ឆ្នាំ​ថ្មី។ ជួន​កាល ការ​ជញ្ជឹង​គិត​នេះ មាន​ការ​ឈឺ​ចាប់ និង​ការ​ស្តាយ​ក្រោយ ចំពោះ​កំហុស​ដែល​ខ្ញុំ​បាន​ធ្វើ។ ប៉ុន្តែ ការ​ត្រៀម​ខ្លួន​សម្រាប់​ឆ្នាំ​ថ្មី បាន​បំពេញ​ខ្ញុំ ដោយ​សេចក្តី​សង្ឃឹម  និង​ការ​រំពឹង​ចង់​បាន។ ខ្ញុំ​គិត​ថា ខ្ញុំ​មាន​ឱកាស​ចាប់​ផ្តើម​ជា​ថ្មី​ឡើង​វិញ ទោះ​បី​ជា​ឆ្នាំ​ចាស់​មាន​រឿង​អ្វី​កើត​ឡើង​ក៏​ដោយ។

ខ្ញុំ​បាន​ត្រៀម​ខ្លួន​ចាប់​ផ្តើម​ជា​ថ្មី ក្នុង​ឆ្នាំ​ថ្មី តែ​វា​មិន​អាច​ប្រៀប​ផ្ទឹម​បាន នឹង​ក្តី​សង្ឃឹម ដែល​ពួក​អ៊ីស្រាអែល​មាន ពេល​ដែល​ស្តេច​ស៊ីរូស នៃ​ចក្រ​ភព​ពើស៊ី បាន​រំដោះ​ពួក​គេ ឲ្យ​ត្រឡប់​ទៅ​ស្រុក​កំណើត​វិញ ក្នុង​ទឹក​ដី​យូដា បន្ទាប់​ពី​បាន​រស់នៅ​ជា​ឈ្លើយ​សឹក អស់​៧០​ឆ្នាំ ក្នុង​ទឹក​ដី​បាប៊ីឡូន។ ស្តេច​អង្គ​មុន ព្រះ​នាម​នេប៊ូក្នេសា បាន​និរទេស​ពួក​គេ​ពី​ស្រុក​កំណើត។ ប៉ុន្តែ ព្រះ​អម្ចាស់​បាន​ជំរុញ​ចិត្ត​ស្តេច​ស៊ីរូស ឲ្យ​បញ្ជូន​ពួក​ឈ្លើយ​សឹក​ទាំង​អស់ ឲ្យ​វិល​ត្រឡប់​ទៅ​ក្រុង​យេរូសាឡិម​វិញ ដើម្បី​កសាង​ព្រះ​វិហារ​របស់​ព្រះ​ឡើង​វិញ(អែសរ៉ា ១:២-៣)។ ស្តេច​ស៊ីរូស​ក៏​បាន​ប្រគល់​រតន​វត្ថុ ដែល​គេ​បាន​ប្រមូល​ពី​ព្រះ​វិហារ ឲ្យ​ទៅ​ពួក​គេ​វិញ​ផង​ដែរ។​ ក្នុង​ការ​រស់​នៅ ជា​រាស្រ្ត​រើស​តាំង​របស់​ព្រះ ក្នុង​ទឹក​ដី​ដែល​ព្រះ​បាន​ប្រទាន​ឲ្យ​ពួក​គេ ពួក​គេ​ក៏​បាន​ចាប​ផ្តើម​ជីវិត​សារ​ជា​ថ្មី បន្ទាប់​ពី​រដូវ​កាល​ដ៏​យូរ នៃ​ទុក្ខ​លំបាក ក្នុង​ទឹក​ដី​បាប៊ីឡូន ដែល​បណ្តាល​មក​ពី​អំពើ​បាប​របស់​ពួក​គេ។

ទោះ​ជា​មាន​បញ្ហា​អ្វី​ក៏​ដោយ នៅ​ក្នុង​អតីត​កាល ព្រះ​ទ្រង់​នៅ​តែ​អត់​ទោស​បាប​ឲ្យ​យើង ហើយ​ប្រទាន​ឲ្យ​យើង​មាន​ការ​ចាប់​ផ្តើម​ជា​ថ្មី ពេល​ណា​យើង​សារ​ភាព​អំពើ​បាប​របស់​យើង។ ការ​នេះ​ពិត​ជា​ធ្វើ​ឲ្យ​យើង​មាន​សង្ឃឹម​ណាស់!—Kirsten Holmberg