ពេលដែលខ្ញុំកំពុងដើរកាត់តាមផ្លូវដើរ ជាប់នឹងជញ្ជាំងខាងក្រៅ នៃអគារការិយាល័យរបស់ខ្ញុំ ខ្ញុំមានចិត្តរីករាយ ពេលដែលឃើញដើមផ្កាដ៏ស្រស់បំព្រង កំពុងលូតលាស់ តាមក្រហែងថ្ម ទោះជាស្ថានភាពរបស់វាមានការពិបាកយ៉ាងណាក៏ដោយ រុក្ខជាតិនេះបានរកឃើញកន្លែងឈរយ៉ាងមាំមួន ដោយចាក់ឫសចូលទៅក្នុងក្រហែងថ្មស្ងួត ហើយក៏បានលូតលាស់យ៉ាងប្រសើរ។ ក្រោយមក ខ្ញុំក៏បានដឹងថា តាមពិតមានប្រអប់កង្ហាម៉ាស៊ីនត្រជាក់ មានទីតាំងចំពីលើដើមផ្កាមួយនេះ ហើយបានស្រក់ទឹកពីលើវា ពេញមួយថ្ងៃ។ ទោះស្ថានភាពនៅជុំវិញវា មិនមានលក្ខណៈអំណោយផលក៏ដោយ ក៏វានៅតែបានទទួលជំនួយដែលវាត្រូវការ ពីទឹកដែលស្រក់មកពីលើ។
យ៉ាងណាមិញ ជួនកាល ការលូតលាស់ក្នុងជីវិតជាគ្រីស្ទបរិស័ទ អាចមានការពិបាក ប៉ុន្តែ ពេលដែលយើងមានការទ្រាំអត់ ជាមួយព្រះគ្រីស្ទ នោះយើងអាចជម្នះឧបស័គ្គនានា។ កាលៈទេសៈរបស់យើងប្រហែលជាមិនអំណោយផល ហើយការបាក់ទឹកចិត្តហាក់ដូចជាឧបស័គ្គ។ ប៉ុន្តែ ពេលដែលយើងបន្តមមុលទៅមុខ ក្នុងទំនាក់ទំនងជាមួយព្រះអម្ចាស់ យើងអាចលូតលាស់យ៉ាងប្រសើរ ដូចដើមផ្កាមួយនោះដែរ។ នេះហើយជាបទពិសោធន៍ដែលសាវ័កប៉ុលបានឆ្លងកាត់នោះ។ ទោះជាមានទុក្ខលំបាកខ្លាំងយ៉ាងណា ហើយគាត់បានជួបឧបស័គ្គអ្វីក៏ដោយ(២កូរិនថូស ១១:២៣-២៧) គាត់មិនព្រមចុះចាញ់ឡើយ។ គឺដូចដែលគាត់បានមានប្រសាសន៍ថា “ខ្ញុំកំពុងតែដេញតាម សង្វាតនឹងចាប់ឲ្យបានសេចក្តី ដែលព្រះគ្រីស្ទយេស៊ូវបានចាប់ខ្ញុំឲ្យបាននោះដែរ។ ទាំងរត់ដំរង់ទៅឯទី ដើម្បីឲ្យបានរង្វាន់នៃការងារដ៏ខ្ពស់របស់ព្រះ ក្នុងព្រះគ្រីស្ទយេស៊ូវ”(ភីលីព ៣:១២,១៤)
សាវ័កប៉ុលដឹងថា គាត់អាចធ្វើការគ្រប់យ៉ាង ដោយសារព្រះអម្ចាស់ ដែលចម្រើនកម្លាំងឲ្យគាត់(៤:១៣) ហើយយើងក៏អាចធ្វើការគ្រប់យ៉ាងផងដែរ ពេលដែលយើងបន្តមមុលទៅមុខ ដោយជំនួយពីព្រះមួយអង្គ ដែលប្រទានកម្លាំងឲ្យយើង។-LAWRENCE DARMANI