ពេល​ដែល​ខ្ញុំ​កំពុង​ដើរ​កាត់​តាម​ផ្លូវ​ដើរ ជាប់​នឹង​ជញ្ជាំង​ខាង​ក្រៅ នៃ​អគារ​ការិយាល័យ​របស់​ខ្ញុំ ខ្ញុំ​មាន​ចិត្ត​រីក​រាយ ពេល​ដែល​ឃើញ​ដើម​ផ្កា​ដ៏​ស្រស់​បំព្រង កំពុង​លូត​លាស់ តាម​ក្រហែង​ថ្ម ទោះ​ជា​ស្ថាន​ភាព​របស់​វាមាន​ការ​ពិបាក​យ៉ាង​ណា​ក៏​ដោយ រុក្ខ​ជាតិ​នេះ​បាន​រក​ឃើញ​កន្លែង​ឈរ​យ៉ាង​មាំ​មួន ដោយ​ចាក់​ឫស​ចូល​ទៅ​ក្នុង​ក្រហែង​ថ្ម​ស្ងួត ហើយ​ក៏​បាន​លូត​លាស់​យ៉ាង​ប្រសើរ។ ក្រោយ​មក ខ្ញុំ​ក៏​បាន​ដឹង​ថា តាម​ពិត​មាន​ប្រអប់​កង្ហា​ម៉ាស៊ីន​ត្រជាក់ មាន​ទីតាំង​ចំ​ពី​លើ​ដើម​ផ្កា​មួយ​នេះ ហើយ​បាន​ស្រក់​ទឹក​ពី​លើ​វា ពេញ​មួយ​ថ្ងៃ។ ទោះ​ស្ថាន​ភាព​នៅ​ជុំវិញ​វា មិន​មាន​លក្ខណៈ​អំណោយ​ផល​ក៏​ដោយ ក៏​វា​នៅ​តែ​បាន​ទទួល​ជំនួយ​ដែល​វា​ត្រូវ​ការ ពី​ទឹក​ដែល​ស្រក់​មក​ពី​លើ។

យ៉ាង​ណា​មិញ ជួន​កាល ការ​លូត​លាស់​ក្នុង​ជីវិត​ជា​គ្រីស្ទ​បរិស័ទ អាច​មាន​ការ​ពិបាក ប៉ុន្តែ ពេល​ដែល​យើង​មាន​ការ​ទ្រាំអត់ ជា​មួយ​ព្រះ​គ្រីស្ទ នោះ​យើង​អាច​ជម្នះ​ឧបស័គ្គ​នា​នា។ កាលៈ​ទេសៈ​របស់​យើង​ប្រហែល​ជា​មិន​អំណោយ​ផល ​ហើយ​ការ​បាក់​ទឹក​ចិត្ត​ហាក់​ដូច​ជា​ឧប​ស័គ្គ។ ប៉ុន្តែ ពេល​ដែល​យើង​បន្ត​មមុល​ទៅ​មុខ ក្នុង​ទំនាក់​ទំនង​ជា​មួយ​ព្រះអម្ចាស់ យើង​អាច​លូត​លាស់​យ៉ាង​ប្រសើរ ដូច​ដើម​ផ្កា​មួយ​នោះ​ដែរ។​ នេះ​ហើយ​ជា​បទ​ពិសោធន៍​ដែល​សាវ័ក​ប៉ុល​បាន​ឆ្លង​កាត់​នោះ។​ ទោះ​ជា​មាន​ទុក្ខ​លំបាក​ខ្លាំង​យ៉ាង​ណា ហើយ​គាត់​បាន​ជួប​ឧបស័គ្គ​អ្វី​ក៏​ដោយ​(២កូរិនថូស ១១:២៣-២៧) គាត់​មិន​ព្រម​ចុះ​ចាញ់​ឡើយ។ គឺ​ដូច​ដែល​គាត់​បាន​មាន​ប្រសាសន៍​ថា “​ខ្ញុំ​កំពុង​តែ​ដេញ​តាម សង្វាត​នឹង​ចាប់​ឲ្យ​បាន​សេចក្តី ដែល​ព្រះគ្រីស្ទ​យេស៊ូវ​បាន​ចាប់​ខ្ញុំ​ឲ្យ​បាន​នោះ​ដែរ។ ទាំង​រត់​ដំរង់​ទៅ​ឯ​ទី ដើម្បី​ឲ្យ​បាន​រង្វាន់​នៃ​ការងារ​ដ៏​ខ្ពស់​របស់​ព្រះ ក្នុង​ព្រះគ្រីស្ទយេស៊ូវ”(ភីលីព ៣:១២,១៤)

សាវ័ក​ប៉ុល​ដឹង​ថា គាត់​អាច​ធ្វើ​ការ​គ្រប់​យ៉ាង ដោយ​សារ​ព្រះ​អម្ចាស់ ដែល​ចម្រើន​កម្លាំង​ឲ្យ​គាត់(៤:១៣) ហើយ​យើង​ក៏​អាច​ធ្វើ​ការ​គ្រប់​យ៉ាង​ផង​ដែរ ពេល​ដែល​យើង​បន្ត​មមុល​ទៅ​មុខ ដោយ​ជំនួយ​ពី​ព្រះ​មួយ​អង្គ ដែល​ប្រទាន​កម្លាំង​ឲ្យ​យើង។-LAWRENCE DARMANI