បទ​ចម្រៀង​ដែល​ច្រៀង​ថា “ព្រះ​យេស៊ូវ​ស្រឡាញ់​ខ្ញុំ​ណាស់ ព្រះ​គម្ពីរ​សម្តែង​យ៉ាង​ច្បាស់” ស្ថិត​ក្នុង​ចំណោម​បទ​ចម្រៀងគ្រីស្ទ​បរិស័ទ​ដែល​មាន​ភាព​យូរ​អង្វែង​ជាង​គេ ជា​ពិសេស​សម្រាប់​ក្មេង​ៗ។ បទ​ចម្រៀង​នេះ ត្រូវ​បាន​និពន្ធ​ដោយ​អ្នក​ស្រី អានណា ប៊ី វននើរ(Anna B. Warner) ក្នុង​ទសវត្សរ៍​ឆ្នាំ១៨០០។ បទ​ចម្រៀង​នេះ​បាន​ថ្លែង​បញ្ជាក់​អំពី​ទំនាក់​ទំនង​របស់​យើង យ៉ាង​ស្រទន់​ថា ព្រះ​យេស៊ូវ​ស្រឡាញ់​យើង​ណាស់​។

មាន​មនុស្ស​ម្នាក់​បាន​ឲ្យ​ផ្លាក​មួយ​សន្លឹក មក​ភរិយា​ខ្ញុំ សម្រាប់​ដាក់​តាំង​ក្នុង​ផ្ទះ​យើង ដែល​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ​អំពី​បទ​ចម្រៀង​នេះ។ នៅ​លើ​ផ្លាក​នោះ គេ​បាន​សរសេរ​ត្រឡប់​ពាក្យ​ថា “ព្រះ​យេស៊ូវ ស្គាល់ ខ្ញុំ ខ្ញុំ​ស្រឡាញ់​ទ្រង់​ណាស់”។ ការ​នេះ​បាន​ប្រាប់​យើង​ថា ទ្រង់​មិន​គ្រាន់​តែ​ស្រឡាញ់​យើង​ប៉ុណ្ណោះ​ទេ តែ​ទ្រង់​ថែម​ទាំង​បាន​ស្គាល់​យើង​យ៉ាង​ច្បាស់។

នៅ​ប្រទេស​អ៊ីស្រាអែល​សម័យ​បុរាណ អ្នក​គង្វាល​ចៀម​ស្រឡាញ់ ហើយ​ស្គាល់​ចៀម​គាត់ គឺ​ខុស​ពី​អ្នក​ស៊ី​ឈ្នួល​ឃ្វាល​ចៀម ដើម្បី​តែ​ប្រាក់​កំរៃ។ អ្នក​គង្វាល​ចៀម​ចំណាយ​ពេល​ជា​ច្រើន ជា​មួយ​ចៀម​គាត់ ធ្វើ​ឲ្យ​គាត់​មាន​មនោសញ្ចេតនា​ចំពោះ​ចៀម​គាត់ ហើយ​មាន​ការ​យល់​ដឹង​ស៊ី​ជម្រៅ អំពី​ពួក​វា។​ ហេតុ​នេះ​ហើយ បាន​ជា​ព្រះ​យេស៊ូវ​បាន​មាន​បន្ទូល​ថា “ឯ​ខ្ញុំ ជា​អ្នក​គង្វាល​ល្អ ខ្ញុំ​ស្គាល់​ចៀម​របស់​ខ្ញុំ ហើយ​ចៀម​ក៏​ស្គាល់​ខ្ញុំ … ចៀម​ខ្ញុំ​ទាំង​ប៉ុន្មាន​វា​ស្តាប់​ខ្ញុំ ហើយ​មក​តាម ខ្ញុំ​ក៏​ស្គាល់​វា​ដែរ”(យ៉ូហាន ១០:១៤,២៧)។

ទ្រង់​ស្គាល់​យើង ហើយ​ក៏​ស្រឡាញ់​យើង​ផង! យើង​អាច​ទុក​ចិត្ត​ថា ព្រះ​យេស៊ូវ​មាន​បំណង​ព្រះ​ទ័យ​ដ៏​ល្អ​សម្រាប់​យើង ​ហើយ​អាច​សម្រាក​ក្នុង​ព្រះ​បន្ទូល ដែល​ទ្រង់​បាន​សន្យា​ថា ទ្រង់​យក​ព្រះ​ទ័យ​ទុក​ដាក់​ចំពោះ​យើង​ ដោយ​សារ​ព្រះ​វរបិតា “ជ្រាប​ថា យើង​ត្រូវ​ការ​អ្វី មុន​ពេល​ដែល​យើង​ទូល​សូម​ទ្រង់​ផង”(ម៉ាថាយ ៦:៨)។ ខណៈ​ពេល​ដែល​យើង​កំពុងជម្នះ​ភាព​ឡើង​ចុះ​នៃ​ជីវិត​នៅ​ថ្ងៃ​នេះ ចូរ​យើង​មាន​ការ​សម្រាក​ខាង​វិញ្ញាណ ដោយ​ដឹង​ថា អ្នក​គង្វាល​នៃ​ដួង​ចិត្ត​យើង ទ្រង់​ស្គាល់ ហើយ​ក៏​ស្រឡាញ់​យើង​ផង។-BILL CROWDER