ថ្ងៃមួយ ពេលខ្ញុំមានការព្រួយបារម្ភយ៉ាងខ្លាំង អំពីសុខទុក្ខរបស់អ្នកដែលជិតស្និទ្ធនឹងខ្ញុំ ខ្ញុំក៏បានរកឃើញការលើកទឹកចិត្ត នៅក្នុងបទគម្ពីរសញ្ញាចាស់ ដែលចែងអំពីរឿងលោកសាំយ៉ូអែល ដែលជាអ្នកដឹកនាំដ៏ឆ្ងាតវ័យរបស់ជនជាតិអ៊ីស្រាអែល។ ខ្ញុំក៏បានអានអំពីការដែលលោកសាំយ៉ូអែលបានទូលអង្វរឲ្យរាស្រ្តរបស់ព្រះ ពេលពួកគេជួបទុក្ខភ័យ ហើយខ្ញុំក៏បានប្តេជ្ញាចិត្តកាន់តែខ្លាំងថា នឹងអធិស្ឋានឲ្យអ្នកដែលខ្ញុំស្រឡាញ់។
នៅសម័យនោះ ពួកអ៊ីស្រាអែល បានជួបការគំរាមកំហែង ពីពួកភីលីស្ទីន ដែលបានឈ្នះពួកគេ ក្នុងសង្រ្គាមកាលពីមុន ពេលដែលពួកគេមិនទុកចិត្តទ្រង់(មើល ១សាំយ៉ូអែល ៤)។ បន្ទាប់ពីពួកគេប្រែចិត្តចេញពីអំពើបាបរបស់ខ្លួន ពួកគេក៏បានទទួលដំណឹងថា ពួកភីលីស្ទីនហៀបនឹងលើកទ័ពមកវាយពួកគេទៀតហើយ។ ទោះជាយ៉ាងណាក៏ដោយ លើកនេះ ពួកគេបានសូមលោកសាំយ៉ូអែល ឲ្យបន្តអធិស្ឋានឲ្យពួកគេ(៧:៨) ហើយព្រះអម្ចាស់ក៏បានឆ្លើយតប យ៉ាងជាក់ច្បាស់ ដោយធ្វើឲ្យខ្មាំងសត្រូវរបស់ពួកគេមានការភាន់ច្រឡំ(ខ.១០)។ ទោះពួកភីលីស្ទីន មានកម្លាំងទ័ពខ្លាំងជាងពួកអ៊ីស្រាអែលក៏ដោយ ក៏ព្រះអម្ចាស់នៅតែមានអំណាចចេស្តាលើសគេ។
ពេលយើងខ្វល់អំពីទុក្ខលំបាកដែលមនុស្សជាទីស្រឡាញ់របស់យើងកំពុងជួបប្រទះ ហើយខ្លាចពួកគេជួបការលំបាកកាន់តែខ្លាំង នោះយើងអាចត្រូវការល្បួងនាំឲ្យគិតថា ព្រះអម្ចាស់នឹងមិនជួយពួកគេទេ។ ប៉ុន្តែ យើងមិនត្រូវមើលស្រាលអំណាចនៃការអធិស្ឋានឡើយ ដ្បិតព្រះនៃក្តីស្រឡាញ់ ទ្រង់ស្តាប់ឮយើងទូលអង្វរ។ យើងមិនដឹងថា ទ្រង់នឹងឆ្លើយតបជាយ៉ាងណា ចំពោះការទូលអង្វររបស់យើងឡើយ តែយើងដឹងថា ព្រះវរបិតានៃយើង សព្វព្រះទ័យឲ្យយើងឱបក្រសោបសេចក្តីស្រឡាញ់របស់ទ្រង់ ហើយទុកចិត្តលើភាពស្មោះត្រង់របស់ទ្រង់។
តើអ្នកមានមនុស្សដែលអ្នកអាចអធិស្ឋានឲ្យដែរឬទេ នៅថ្ងៃនេះ?-AMY BOUCHER PYE