ថ្ងៃ​មួយ ពេល​ខ្ញុំ​មាន​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង អំពី​សុខ​ទុក្ខ​របស់​អ្នក​ដែល​ជិត​ស្និទ្ធ​នឹង​ខ្ញុំ ខ្ញុំ​ក៏​បាន​រក​ឃើញ​ការ​លើក​ទឹក​ចិត្ត នៅ​ក្នុង​បទ​គម្ពីរ​សញ្ញា​ចាស់ ដែល​ចែង​អំពី​រឿង​លោក​សាំយ៉ូអែល ដែល​ជា​អ្នក​ដឹកនាំ​ដ៏​ឆ្ងាត​វ័យ​របស់​ជន​ជាតិ​អ៊ីស្រាអែល។ ខ្ញុំ​ក៏​បាន​អាន​អំពី​ការ​ដែល​លោក​សាំយ៉ូអែល​បាន​ទូល​អង្វរ​ឲ្យ​រាស្រ្ត​របស់​ព្រះ ពេល​ពួក​គេ​ជួប​ទុក្ខ​ភ័យ​ ហើយ​ខ្ញុំ​ក៏​បាន​ប្តេជ្ញា​ចិត្ត​កាន់​តែ​ខ្លាំង​ថា នឹង​អធិស្ឋាន​ឲ្យ​អ្នក​ដែល​ខ្ញុំ​ស្រឡាញ់។

នៅ​សម័យ​នោះ ពួក​អ៊ីស្រាអែល បាន​ជួប​ការ​គំរាម​កំហែង ពី​ពួក​ភីលីស្ទីន ដែល​បាន​ឈ្នះ​ពួក​គេ ក្នុង​សង្រ្គាម​កាល​ពី​មុន ពេល​ដែល​ពួក​គេ​មិន​ទុក​ចិត្ត​ទ្រង់(មើល ១សាំយ៉ូអែល ៤)។ បន្ទាប់​ពី​ពួក​គេ​ប្រែ​ចិត្ត​ចេញ​ពី​អំពើ​បាប​របស់​ខ្លួន ​ពួក​គេ​ក៏​បាន​ទទួល​ដំណឹង​ថា ពួក​ភីលីស្ទីន​ហៀប​នឹង​លើក​ទ័ព​មក​វាយ​ពួក​គេ​ទៀត​ហើយ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ​លើក​នេះ ពួក​គេ​បាន​សូម​លោក​សាំយ៉ូអែល ឲ្យ​បន្ត​អធិស្ឋាន​ឲ្យ​ពួក​គេ(៧:៨) ហើយ​ព្រះ​អម្ចាស់​ក៏​បាន​ឆ្លើយ​តប យ៉ាង​ជាក់​ច្បាស់ ដោយ​ធ្វើ​ឲ្យ​ខ្មាំង​សត្រូវ​របស់​ពួក​គេ​មាន​ការ​ភាន់​ច្រឡំ(ខ.១០)។ ទោះ​ពួក​ភីលីស្ទីន មាន​កម្លាំង​ទ័ព​ខ្លាំងជាង​ពួក​អ៊ីស្រា​អែល​ក៏​ដោយ ក៏​ព្រះ​អម្ចាស់​នៅ​តែ​មាន​អំណាច​ចេស្តា​លើស​គេ។

ពេល​យើង​ខ្វល់​អំពី​ទុក្ខ​លំបាក​ដែល​មនុស្ស​ជា​ទី​ស្រឡាញ់​របស់​យើង​កំពុង​ជួប​ប្រទះ  ហើយ​ខ្លាច​ពួក​គេ​ជួប​ការ​លំបាក​កាន់​តែ​ខ្លាំង នោះ​យើង​អាច​ត្រូវ​ការ​ល្បួង​នាំ​ឲ្យ​គិត​ថា ព្រះអម្ចាស់​នឹង​មិន​ជួយ​ពួក​គេ​ទេ។ ប៉ុន្តែ យើង​មិន​ត្រូវ​មើល​ស្រាល​អំណាច​នៃ​ការ​អធិស្ឋាន​ឡើយ ដ្បិត​ព្រះ​នៃ​ក្តី​ស្រឡាញ់ ទ្រង់​ស្តាប់​ឮ​យើង​ទូល​អង្វរ។ យើង​មិន​ដឹង​ថា ទ្រង់​នឹង​ឆ្លើយ​តប​ជា​យ៉ាង​ណា ចំពោះ​ការ​ទូល​អង្វរ​របស់​យើង​ឡើយ តែ​យើង​ដឹង​ថា ព្រះ​វរ​បិតា​នៃ​យើង សព្វ​ព្រះ​ទ័យ​ឲ្យ​យើង​ឱប​ក្រសោប​សេចក្តី​ស្រឡាញ់​របស់​ទ្រង់ ហើយ​ទុក​ចិត្ត​លើ​ភាព​ស្មោះ​ត្រង់​របស់​ទ្រង់។​

តើ​អ្នក​មាន​មនុស្ស​ដែល​អ្នក​អាច​អធិស្ឋាន​ឲ្យ​ដែរ​ឬ​ទេ នៅ​ថ្ងៃ​នេះ?-AMY BOUCHER PYE