នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៦ អ្នកស្រីខារីសសា(Carissa) បានបង្ហោះរូបភាព នៅលើបណ្តាញសង្គម ដើម្បីបង្ហាញអំពីទឹកជំនន់ដ៏កាចសាហាវ ក្នុងរដ្ឋលូវីសស៊ីអាណា។ នៅថ្ងៃបន្ទាប់ នាងក៏បានបន្ថែមសារខ្លីមួយ ដោយដកស្រង់សំណេររបស់មនុស្សម្នាក់ កំពុងអង្វរសូមជំនួយ ក្នុងតំបន់ទឹកជំនន់នោះ។ ៥ម៉ោងក្រោយមក នាង និងលោកបប់ប៊ី ដែលជាស្វាមីរបស់នាង ក៏បានអំពាវនាវអ្នកដទៃទៀត ឲ្យចូលរួមជាមួយពួកគេ នៅក្នុងការធ្វើដំណើរ ទៅជួយជនរងគ្រោះ ដែលបាត់បង់ផ្ទះសម្បែង ដោយសារទឹកជំនន់ធ្វើឲ្យខូចខាតយ៉ាងធ្ងន់ធ្ងរ។
តើមានអ្វីខ្លះដែលបានបណ្តាលចិត្តពួកគេ ឲ្យលះបង់អ្វីៗគ្រប់យ៉ាង ហើយបើកបររថយន្ត ១៧ម៉ោង ដើម្បីនាំសម្ភារៈ ជួយរៀបចំជម្រក ហើយផ្តល់ក្តីសង្ឃឹម ក្នុងកន្លែងដែលពួកគេមិនដែលបានទៅពីមុន? ទាំងអស់នេះ គឺដោយសារសេចក្តីស្រឡាញ់។
នៅក្នុងការអំពាវនាវសូមជំនួយ តាមបណ្តាញសង្គមនោះ នាងក៏បានដាក់ខគម្ពីរដែលបានចែងថា “ចូរទុកដាក់ផ្លូវអ្នកនឹងព្រះយេហូវ៉ាចុះ ថែមទាំងទុកចិត្តដល់ទ្រង់ផង នោះទ្រង់នឹងប្រោសឲ្យបានសំរេច”(ទំនុកដំកើង ៣៧:៥)។ សូមយើងពិចារណាអំពីបទគម្ពីរនេះ។ ព្រះទ្រង់នឹងប្រទានពរយើង ជាពិសេសនៅពេលដែលយើង ធ្វើតាមការត្រាសហៅរបស់ទ្រង់។ សាវ័កយ៉ូហានបានមានប្រសាសន៍ថា “បើអ្នកណា … ឃើញបងប្អូនណាដែលខ្វះខាត តែមិនចេះអាណិតមេត្តាសោះ នោះធ្វើដូចម្តេច ឲ្យសេចក្តីស្រឡាញ់នៃព្រះ បានស្ថិតនៅក្នុងអ្នកនោះបាន”(១យ៉ូហាន ៣:១៧)។ វាអាចជាកិច្ចការដ៏សំខាន់ ប៉ុន្តែ ព្រះទ្រង់បានសន្យាថា នឹងជួយយើង ពេលដែលយើង “ធ្វើការអ្វីដែលទ្រង់សព្វព្រះទ័យ”(ខ.២២)។
ពេលដែលយើងដឹងថា អ្នកដទៃកំពុងមានសេចក្តីត្រូវការ យើងអាចថ្វាយព្រះកិត្តិនាមដល់ព្រះ ដោយស្ម័គ្រចិត្តផ្តល់សេចក្តីស្រឡាញ់ សម្រាប់កិច្ចការអ្វី ដែលទ្រង់ប្រាប់ឲ្យយើងធ្វើ សម្រាប់អ្នកដទៃ។-DAVE BRANON