នៅ​ថ្ងៃ​ទី​២១ ខែ​សីហា ឆ្នាំ២០១៦ អ្នក​ស្រី​ខារីសសា(Carissa) បាន​បង្ហោះ​រូប​ភាព នៅ​លើ​បណ្តាញ​សង្គម ដើម្បី​បង្ហាញ​អំពី​ទឹក​ជំនន់​ដ៏​កាច​សាហាវ ក្នុង​រដ្ឋ​លូវីសស៊ីអាណា។ នៅ​ថ្ងៃ​បន្ទាប់ នាង​ក៏​បាន​បន្ថែម​សារ​ខ្លី​មួយ ដោយ​ដកស្រង់​សំណេរ​របស់​មនុស្ស​ម្នាក់ កំពុង​អង្វរ​សូម​ជំនួយ ​ក្នុង​តំបន់​ទឹក​ជំនន់​នោះ។ ៥​ម៉ោង​ក្រោយ​មក នាង និង​លោក​​បប់ប៊ី ដែល​ជា​ស្វាមី​របស់​នាង ក៏​បាន​អំពាវ​នាវ​អ្នក​ដទៃ​ទៀត ឲ្យ​ចូល​រួម​ជា​មួយ​ពួក​គេ នៅ​ក្នុង​ការ​ធ្វើ​ដំណើរ ទៅ​ជួយ​ជន​រង​គ្រោះ ដែល​បាត់​បង់​ផ្ទះ​សម្បែង ដោយ​សារ​ទឹក​ជំនន់​ធ្វើ​ឲ្យ​ខូច​ខាត​យ៉ាង​ធ្ងន់​ធ្ងរ។

តើ​មាន​អ្វី​ខ្លះ​ដែល​បាន​បណ្តាល​ចិត្ត​ពួក​គេ ឲ្យ​លះ​បង់​អ្វី​ៗ​គ្រប់​យ៉ាង ហើយ​បើក​បរ​រថយន្ត ១៧​ម៉ោង ដើម្បី​នាំ​សម្ភារៈ ​ជួយ​រៀប​ចំ​ជម្រក ហើយ​ផ្តល់​ក្តី​សង្ឃឹម ក្នុង​កន្លែង​ដែល​ពួក​គេ​មិន​ដែល​បាន​ទៅ​ពី​មុន? ទាំង​អស់​នេះ គឺ​ដោយសារ​សេចក្តី​ស្រឡាញ់។

នៅ​ក្នុង​ការ​អំពាវ​នាវ​សូម​ជំនួយ តាម​បណ្តាញ​សង្គម​នោះ នាង​ក៏​បាន​ដាក់​ខគម្ពីរ​ដែល​បាន​ចែង​ថា “ចូរ​ទុក​ដាក់​ផ្លូវ​អ្នក​នឹង​ព្រះយេហូវ៉ា​ចុះ ថែម​ទាំង​ទុក​ចិត្ត​ដល់​ទ្រង់​ផង នោះ​ទ្រង់​នឹង​ប្រោស​ឲ្យ​បាន​សំរេច”(ទំនុកដំកើង ៣៧:៥)។ សូមយើង​ពិចារណា​អំពី​បទ​គម្ពីរ​នេះ។ ព្រះ​ទ្រង់​នឹង​ប្រទាន​ពរ​យើង ជា​ពិសេស​នៅ​ពេល​ដែល​យើង ធ្វើ​តាម​ការ​ត្រាស​ហៅ​របស់​ទ្រង់។ សាវ័ក​យ៉ូហាន​បាន​មាន​ប្រសាសន៍​ថា “បើ​អ្នក​ណា ​… ​ឃើញ​បង​ប្អូន​ណា​ដែល​ខ្វះ​ខាត តែ​មិន​ចេះ​អាណិត​មេត្តា​សោះ នោះ​ធ្វើ​ដូច​ម្តេច ឲ្យ​សេចក្តី​ស្រឡាញ់​នៃ​ព្រះ បាន​ស្ថិត​នៅ​ក្នុង​អ្នក​នោះ​បាន”(១យ៉ូហាន ៣:១៧)។ វា​អាច​ជា​កិច្ច​ការ​ដ៏​សំខាន់ ប៉ុន្តែ ព្រះ​ទ្រង់​បាន​សន្យា​ថា នឹង​ជួយ​យើង ពេល​ដែល​យើង “ធ្វើ​ការ​អ្វី​ដែល​ទ្រង់​សព្វ​ព្រះ​ទ័យ”(ខ.២២)។

ពេល​ដែល​យើង​ដឹង​ថា អ្នក​ដទៃ​កំពុង​មាន​សេចក្តី​ត្រូវ​ការ យើង​អាច​ថ្វាយ​ព្រះ​កិត្តិ​នាម​ដល់​ព្រះ ដោយ​ស្ម័គ្រ​ចិត្ត​ផ្តល់​សេចក្តី​ស្រឡាញ់ សម្រាប់​កិច្ច​ការ​អ្វី ដែល​ទ្រង់​ប្រាប់​ឲ្យ​យើង​ធ្វើ  សម្រាប់​អ្នក​ដទៃ។​-DAVE BRANON