ពេលខ្ញុំព្យាយាមជួសជុលអ្វីដែលខូច នៅផ្ទះខ្ញុំ តាមធម្មតា ខ្ញុំបែរជាធ្វើឲ្យខូចលើសដើម ហើយត្រូវបង់ថ្លៃឈ្នួល ឲ្យគេមកជួសជុលការខូចខាត ដែលខ្ញុំបានធ្វើបន្ថែមពីអ្វីដែលខូចស្រាប់។ ប៉ុន្តែ កាលពីពេលថ្មីៗនេះ ខ្ញុំបានជួសជុលឧបករណ៍ប្រើប្រាស់ នៅផ្ទះមួយគ្រឿង ដោយជោគជ័យ ដោយអនុវត្តតាមការបង្ហាញរបស់មនុស្សម្នាក់ អំពីរបៀបជួសជុស នៅក្នុងវីដេអូYoutube មួយជំហានម្តងៗ។
សាវ័កប៉ុលបានធ្វើជាគំរូដ៏មានអំណាច សម្រាប់យុវជន ឈ្មោះធីម៉ូថេ ដែលជាសិស្សគាត់ ដែលបានធ្វើដំណើរជាមួយគាត់ ហើយមើលគំរូនៃការប្រព្រឹត្តរបស់គាត់។ សាវ័កប៉ុលបានសរសេរសំបុត្រផ្ញើគាត់ ពីមន្ទីរឃុំឃាំងថា “អ្នកបានស្គាល់គ្រប់សេចក្តីដែលខ្ញុំបង្រៀន កិរិយាដែលប្រព្រឹត្ត និងបំណងចិត្ត សេចក្តីជំនឿ សេចក្តីអត់ធ្មត់ សេចក្តីស្រឡាញ់ សេចក្តីខ្ជាប់ខ្ជួនរបស់ខ្ញុំហើយ ព្រមទាំងការដែលគេបៀតបៀនដល់ខ្ញុំ និងសេចក្តីទុក្ខលំបាករបស់ខ្ញុំដែរ ជាការដែលកើតដល់ខ្ញុំ នៅក្រុងអាន់ទីយ៉ូក ក្រុងអ៊ីកូនាម និងក្រុងលីស្ត្រា ក៏ស្គាល់សេចក្តីបៀតបៀនជាយ៉ាងណា ដែលខ្ញុំទ្រាំទ្រនោះដែរ”(២ធីម៉ូថេ ៣:១០-១១)។ ម្យ៉ាងទៀត សាវ័កប៉ុលក៏បានលើកទឹកចិត្តលោកធីម៉ូថេ ឲ្យនៅជាប់ក្នុងសេចក្តីដែលគាត់បានរៀន ហើយជឿប្រាកដវិញ ដោយដឹងថា គាត់បានរៀនសេចក្តីនោះពីអ្នកណា ហើយថា តាំងពីក្មេងតូចមក គាត់បានស្គាល់បទគម្ពីរទាំងប៉ុន្មាន”(ខ.១៤-១៥)។
ទីបន្ទាល់នៃការរស់នៅរបស់សាវ័កប៉ុល បានបង្ហាញឲ្យយើងដឹង អំពីភាពចាំបាច់នៃការកសាងជីវិតយើង នៅលើគ្រឹះនៃព្រះបន្ទូលព្រះ។ គាត់បានរំឭកលោកធីម៉ូថេថា ព្រះគម្ពីរគឺជាប្រភពដ៏មានអំណាច ដែលព្រះបានប្រទាន ដែលយើងត្រូវយកទៅបង្រៀន និងបង្ហាត់បង្ហាញដល់អ្នក ដែលចង់ក្លាយជាអ្នកដើរតាមព្រះគ្រីស្ទ។
ខណៈពេលដែលយើងអរព្រះគុណព្រះអម្ចាស់ ដោយព្រោះអ្នកដែលបានជួយយើង ឲ្យលូតលាស់ក្នុងជំនឿ យើងគួរតែយកតម្រាប់តាមគំរូដ៏ល្អ នៃការរស់នៅរបស់ពួកគេ តាមសេចក្តីពិត ហើយទន្ទឹមនឹងនោះ យើងក៏ត្រូវបង្រៀន និងលើកទឹកចិត្តអ្នកដទៃផងដែរ។
នោះហើយជាអំណាចនៃការបង្ហាញចេញនូវគំរូដ៏ល្អ។—DAVID C. MCCASLAND