Month: May 2018

មុនពេលការចាប់ផ្តើម

“ប៉ុន្តែ បើ​ព្រះ​ទ្រង់​គ្មាន​ដើម​កំណើត និង​ទី​បញ្ចប់​ទេ ហើយ​តែង​តែ​មាន​តាំង​ពី​ដើម​មក តើ​ទ្រង់​កំពុង​ធ្វើ​អ្វី មុន​ពេល​ទ្រង់​បង្កើត​យើង​មក? តើ​ទ្រង់​ចំណាយ​ពេល​របស់​ទ្រង់ ដោយ​របៀប​ណា?” នេះ​ជា​សំណួរ ដែល​ក្មេង​ៗ សិស្ស​សាលា​រៀនថ្ងៃ​អាទិត្យ តែង​តែ​សួរ ពេល​ដែល​យើង​ជជែក​គ្នា អំពី​លក្ខណៈ​ដ៏អស់​កល្ប​របស់​ព្រះ។ ខ្ញុំ​ធ្លាប់​ឆ្លើយ​តប​ថា រឿង​នេះ​ មាន​ភាព​អាថ៌​កំបាំង​បន្តិច។ ប៉ុន្តែ ថ្មី​ៗ​នេះ ខ្ញុំ​ដឹង​ថា ព្រះ​គម្ពីរ​បាន​ប្រទាន​ឲ្យ​យើង​មាន​ចម្លើយ សម្រាប់​សំណួរ​នេះ។

ពេល​ដែល​ព្រះ​យេស៊ូវ​អធិ​ស្ឋាន ទៅ​កាន់​ព្រះ​វរបិតា​ទ្រង់ ក្នុង​បទ​គម្ពីរ​យ៉ូហាន ជំពូក​១៧ ទ្រង់​បាន​មាន​បន្ទូល​ថា “ឱ​ព្រះ​វរបិតា​អើយ … ​ទ្រង់​បាន​ស្រឡាញ់​ទូល​បង្គំ តាំង​តែ​ពី​មុន​កំណើត​លោកីយ៍​រៀង​មក”(ខ.២៤)។ នេះ​ហើយ​ជា​លក្ខណៈ​របស់​ព្រះ ដែល​បាន​បើក​បង្ហាញ​ដល់​យើង តាម​រយៈ​អង្គ​ព្រះ​យេស៊ូវ មុន​ពេល​ទ្រង់​បង្កើត​លោកិយ របស់​សព្វ​សារ​ពើ ព្រះ​ទ្រង់​ជា​ព្រះ​វរបិតា ដែល​ស្រឡាញ់​ព្រះ​រាជ​បុត្រា​ទ្រង់ តាម​រយៈ​ព្រះ​វិញ្ញាណ​បរិសុទ្ធ។ ពេល​ដែល​ព្រះយេស៊ូវ បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក ព្រះ​ទ្រង់​បាន​ចាត់​ព្រះ​វិញ្ញាណ​ទ្រង់ ឲ្យ​យាង​ចុះ​មក ដូច​ជា​សត្វ​ព្រាប ហើយ​មាន​បន្ទូល​ថា “នោះ​ជា​កូន​ស្ងួនភ្ងា​របស់​អញ ជា​ទី​ពេញ​ចិត្ត​អញ​ណាស់”(ម៉ាថាយ ៣:១៧)។ លក្ខណៈ​ចម្បង​បំផុត​នៃ​អត្ត​សញ្ញាណ​របស់​ព្រះ គឺ​សេចក្តី​ស្រឡាញ់ នៅ​ក្នុង​ការ​ទំនាក់​ទំនង​ជា​មួយ​មនុស្ស និង​ប្រទាន​នូវ​ជីវិត។

យើង​មាន​សេចក្តី​ពិត​ដែល​គួរ​ឲ្យ​ស្រឡាញ់ និង​មាន​ការ​លើក​ទឹក​ចិត្ត​យ៉ាង​ខ្លាំង ដែល​បាន​និយាយ​អំពី​ព្រះ​នៃ​យើង!ការស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក នៅ​ក្នុង​ការ​ប្រកប​ទាក់​ទង ដែល​បង្ហាញ​ចេញ​មក តាម​រយៈ​សមា​ជិក​នីមួយ​ៗ ​នៃ​ព្រះ​ត្រៃឯក ដែល​មាន​ព្រះ​វរ​បិតា…

ការផ្លាស់ប្តូរទស្សនៈ

ស្រុក​កំណើត​របស់​ខ្ញុំ បាន​ជួប​ប្រទះ​រដូវ​រងា ដែល​មាន​សភាព​ធ្ងន់​ធ្ងរ​បំផុត ក្នុង​រយៈ​ពេល​៣០​ឆ្នាំ។ ខ្ញុំ​បាន​ចំណាយ​ពេល​ជា​ច្រើន​ម៉ោង នៅ​ក្នុង​ការ​ជោគ​ព្រឹល ដែល​ធ្លាក់​មិន​ចេះ​ឈប់ ជា​ហេតុ​ធ្វើ​ឲ្យ​សាច់​ដុំ​ខ្ញុំ​ឈឺ។ ពេល​នោះ​ ខ្ញុំ​ក៏​មាន​អារម្មណ៍​ថា ការ​ប្រឹង​ប្រែង​របស់​ខ្ញុំ ដូច​ជា​គ្មាន​ផ្លែ​ផ្កា​អ្វី​សោះ បាន​ជា​ខ្ញុំ​បោះ​ជំហាន​ចូល​ក្នុង​ផ្ទះ​វិញ ទាំង​គោះ​ស្បែក​ជើងកវែង​ខ្លាំង​ៗ​។ ប៉ុន្តែ ពេល​ចូល​ទៅ​ដល់​ខាង​ក្នុង ខ្ញុំ​ក៏​បាន​ទទួល​ការ​ស្វាគមន៍​ពី​កម្តៅ​ភ្លើង​ក៏​កក់​ក្តៅ និង​ពី​កូន​ៗ​របស់​ខ្ញុំ ដែល​កំពុង​ជួប​ជុំ​គ្នា នៅ​ជុំវិញ​ភ្លើង​នោះ។ ខណៈ​ពេល​ដែល​ខ្ញុំ​សម្លឹង​មើល​ទៅ​ក្រៅ​ផ្ទះ តាម​មាត់​បង្អួច​ផ្ទះ​ខ្ញុំ ទស្សនៈ​ដែល​ខ្ញុំ​មាន ចំពោះ​អាកាស​ធាតុ​ក៏​បាន​ផ្លាស់​ប្តូរ​ទាំង​ស្រុង។ ខ្ញុំ​មិន​បាន​គិត​អំពី​ការ​ងារ ដែល​ខ្ញុំ​ត្រូវ​ធ្វើ​ជា​បន្ថែម​ទៀតឡើយ ផ្ទុយ​ទៅ​វិញ ខ្ញុំ​បាន​គយ​គន់​សម្រស់​នៃ​មែក​ឈើ​ដែល​បាន​កក និង​មើល​ទៅ​ព្រឹល​ដែល​បាន​គ្រប​ដណ្តប់​ទេសភាព​រដូវរងា​ដែល​គ្មាន​ពណ៌។

ពេល​ខ្ញុំ​អាន​ទំនុក​ដំកើង ជំពូក​៧៣ ខ្ញុំ​បាន​ឃើញ​ការ​ពិពណ៌​នា​របស់​លោក​អេសាភ ដែល​បាន​ផ្លាស់​ប្តូរ​ពី​ការ​និយាយអំពី​ការ​លំបាក ដែល​ធ្ងន់​ធ្ងរ​ជាង​ខ្ញុំ ទៅ​រក​ការ​និយាយ​អំពី​ការ​ល្អ​វិញ។ នៅ​ដើម​ជំពូក គាត់​បាន​ពោល​ពាក្យ​ដំងូរ​អំពីដំណើរ​របស់​លោកិយ ដែល​ក្នុង​នោះ មនុស្ស​អាក្រក់​ហាក់​ដូច​ជា​បាន​ទទួល​រង្វាន់។ គាត់​មាន​ការ​សង្ស័យ អំពី​តម្លៃ​នៃ​ការ​រស់​នៅ ខុស​ពី​លោកិយ និង​ការ​រស់​នៅ​ដើម្បី​ប្រយោជន៍​អ្នក​ដទៃ(ខ.១៣)។ ប៉ុន្តែ ពេល​ដែល​គាត់​បាន​ចូល​ក្នុង​ទីបរិសុទ្ធ​របស់​ព្រះ ទស្សនៈ​គាត់​ក៏​បាន​ផ្លាស់​ប្តូរ(ខ.១៦-១៧) ដោយ​គាត់​ចាំ​ថា ព្រះ​ទ្រង់​នឹង​ជំនុះ​ជម្រះ​លោកិយ នឹង​ជម្រះ​បញ្ហា​របស់​លោកិយ យ៉ាង​ឥត​ខ្ចោះ ហើយ​ដែល​សំខាន់​ជាង​នោះ​ទៀត គឺ​គាត់​ដឹង​ថា ការ​នៅ​ជិត​ព្រះ គឺ​ជា​ការ​ដ៏គាប់​ប្រសើរ​ណាស់(ខ.២៨)។

ពេល​ដែល​យើង​មាន​ការ​ពិបាក​ចិត្ត ដោយ​សារ​បញ្ហា ដែល​ហាក់​ដូច​ជា​កើត​ឡើង មិន​ព្រម​ឈប់​ឈរ យើង​អាច​ចូល​ទៅក្នុង​ទី​បរិសុទ្ធ​របស់​ព្រះ ដោយ​ការ​អធិ​ស្ឋាន…

ការ​ស្រេក​ឃ្លាន​រក​ព្រះ

ថ្ងៃ​មួយ កូន​ស្រី​ខ្ញុំ​បាន​មក​លេង​ចៅ​ប្រុស​ខ្ញុំ ដែល​មាន​អាយុ​១​ឆ្នាំ។ ខ្ញុំ​កំពុង​តែ​រៀប​ចំ​ខ្លួន​ចេញ​ពី​ផ្ទះ ដើម្បី​ធ្វើ​កិច្ច​ការ​ខ្លះ ប៉ុន្តែ គ្រាន់​តែ​ខ្ញុំ​ដើរ​ចេញ​ពី​បន្ទប់​បាន​បន្តិច ចៅ​ប្រុស​ខ្ញុំ​ក៏​បាន​ចាប់​ផ្តើម​យំ។ វា​ក៏​បាន​យំ​ដូច​នេះ​ពីរ​ដង ហើយ​ជា​រៀងរាល់​ពេល​វា​យំ​ម្តង​ៗ ខ្ញុំ​ត្រូវ​ត្រឡប់​មក​វិញ ហើយ​ចំណាយ​ពេល​ជា​មួយ​វា​មួយ​ភ្លែត។ ពេល​ខ្ញុំ​ដើរ​ចេញ​តាម​ទ្វារ​ជា​លើកទី​បី បបូរ​មាត់​ដ៏​តូច​របស់​វា​ក៏​បាន​ពេប​ចង់​យំ​ទៀត។ នៅ​ពេល​នោះ កូន​ស្រី​ខ្ញុំ​ក៏​បាន​ប្រាប់​ខ្ញុំ​ថា “ប៉ា ហេតុ​អ្វី​ប៉ា​មិន​យក​វា ទៅ​ជា​មួយ​ផង?” អ្នក​ដែល​មាន​ចៅ​បង្កើត គឺ​សុទ្ធ​តែ​អាច​និយាយ​ប្រាប់​អ្នក​ថា នឹង​មាន​អ្វី​កើត​ឡើង​បន្ទាប់។ ចៅ​របស់​ខ្ញុំ​ក៏​បាន​ឡើង​ជិះឡាន​ទៅ​ជា​មួយ​ខ្ញុំ គឺ​ព្រោះ​តែ​វា​ដឹង​ថា​ខ្ញុំ​ស្រឡាញ់​វា។

យ៉ាង​ណា​មិញ ចិត្ត​របស់​យើង ដែល​ស្រេក​ឃ្លាន​រក​ព្រះ ក៏​បាន​ទទួល​ការ​ឆ្លើយ​តប ដោយ​សេចក្តី​ស្រឡាញ់​ផង​ដែរ។ ព្រះ​គម្ពីរ​បាន​ធានា​ដល់​យើង​ថា យើង​អាច “ស្គាល់ និង​ពឹង​ផ្អែក​លើ​សេចក្តី​ស្រឡាញ់ ដែល​ព្រះ​ទ្រង់​មាន​ចំពោះ​យើង”(១យ៉ូហាន ៤:១៦)។ ព្រះ​ទ្រង់​មិន​បាន​ស្រឡាញ់​យើង ដោយ​សារ​ការ​អ្វី​ដែល​យើង​បាន​ធ្វើ ឬ​មិន​បាន​ធ្វើ​នោះ​ឡើយ។ សេចក្តី​ស្រឡាញ់​របស់​ទ្រង់ មិន​ពឹង​ផ្អែក​លើ​ភាព​សក្តិ​សម​របស់​យើង​សោះ​ឡើយ ប៉ុន្តែ ពឹង​ផ្អែក​ទៅ​លើ​សេចក្តី​ល្អ និង​សេចក្តី​ស្មោះ​ត្រង់​របស់​ទ្រង់។ ពេល​ដែល​លោកិយ​ដែល​នៅ​ជុំវិញ​យើង​ មិន​មាន​សេចក្តី​ស្រឡាញ់ និង​មិន​សប្បុរស ​យើង​អាច​ពឹង​ផ្អែក​លើ​សេចក្តី​ស្រឡាញ់​ដែល​មិន​ចេះ​ប្រែ​ប្រួល​របស់​ព្រះ ជា​ប្រភព​នៃ​ក្តី​សង្ឃឹម និង​សន្តិ​ភាព​របស់​យើង​។

ព្រះ​វរបិតា​នៃ​យើង​ដែល​គង់​នៅ​ស្ថាន​សួគ៌ បាន​បង្ហាញ​ព្រះ​ទ័យ​របស់​ទ្រង់ ដល់​យើង តាម​រយៈ​ការ​ប្រទាន​ព្រះ​រាជ​បុត្រា និង​ព្រះ​វិញ្ញាណ​បរិ​សុទ្ធ ធ្វើ​ជា​អំណោយ​ដល់​យើង។ យើង​ពិត​ជា​មាន​ការ​កម្សាន្ត​ចិត្ត​ណាស់ ដែល​បាន​ទទួល​ការ​ធានាថា ព្រះ​ទ្រង់​ស្រឡាញ់​យើង ដោយ​សេចក្តី​ស្រឡាញ់​ដែល​មិន​ចេះ​ចប់​ឡើយ! —JAMES…

ការរង់ចាំ ដោយការរំពឹង

ជា​រៀង​រាល់​ថ្ងៃ​ទី​១​ខែ​ឧសភា នៅ​ទីក្រុង​អុក​ស្វឺត ប្រទេស​អង់​គ្លេស ហ្វូង​មនុស្ស​តែង​តែ​មក​ជួប​ជុំ​នៅ​ពេល​ព្រឹក​ព្រលឹម ដើម្បី​ទទួល​ស្វាគមន៍​រដូវ​ផ្កា​រីក។ នៅ​វេលា​ម៉ោង ៦​ព្រឹក ក្រុម​ចម្រៀង​មហា​វិទ្យាល័យ​ម៉ាកដាលេន បាន​បន្លឺ​សម្លេង​ច្រៀង ពី​លើ​ប៉ម​ម៉ាក់​ដាលេន។ មនុស្ស​រាប់​ពាន់​អ្នក​បាន​រង់​ចាំ ដោយ​ការ​រំពឹង​ថា ស្បៃ​រាត្រី​នឹង​ត្រូវ​លើក​ចេញ ​បន្ទាប់​ពី​បទ​ចម្រៀង និង​សម្លេង​ជួង​បាន​បន្លឺ​ឡើង។

ជា​ញឹក​ញាប់ ខ្ញុំ​ក៏​មាន​ការ​រង់​ចាំ​ផង​ដែរ គឺ​មិន​ខុស​ពី​ហ្វូង​មនុស្ស​ទាំង​នោះ​ឡើយ។ ខ្ញុំ​រង់​ចាំ ចម្លើយ​សម្រាប់​ការ​អធិស្ឋាន​របស់​ខ្ញុំ ឬ​រង់​ចាំ​ការ​ដឹក​នាំ​មក​ពី​ព្រះ​អម្ចាស់​ជា​ដើម។ ទោះ​បី​ជា​ខ្ញុំ​មិន​ដឹង​ថា ការ​រង់​ចាំ​របស់​ខ្ញុំ នឹង​បញ្ចប់​នៅ​ពេល​ណា​ពិត​ប្រាកដ​ក៏​ដោយ ក៏​ខ្ញុំ​កំពុង​តែ​រៀន​រង់​ចំា ដោយ​ការ​រំពឹង​។ ក្នុង​បទ​គម្ពីរ​ទំនុក​ដំកើង ជំពូក ១៣០ អ្នក​និពន្ធ​ទំនុក​ដំកើង បាន​សរសេរ​អំពី​ការ​មាន​ទុក្ខ​ជា​ទម្ងន់ ដោយ​សារ​គាត់​កំពុង​ប្រឈម​មុខ​នឹង​បញ្ហា ដែល​ហាក់​ដូច​ជា​ពេល​យប់​ដែល​ងងឹត​បំផុត។ ក្នុង​ពេល​ដែល​មាន​ទុក្ខ​នោះ គាត់​ក៏​បាន​សម្រេច​ចិត្ត​ទុក​ចិត្ត​ព្រះ ហើយ​ប្រុង​ចិត្ត ដូច​ជា​អ្នក​យាម ​កំពុង​មាន​នាទី​ជា​អ្នក​រង់​ចាំ​ប្រកាស​ថា ថ្ងៃ​ភ្លឺ​ហើយ។ គឺ​ដូច​ដែល​គាត់​បាន​ពោល​ថា “ព្រលឹង​នៃ​ទូលបង្គំ​រង់ចាំ​ព្រះអម្ចាស់

ជា​ជាង​ពួក​យាម​ល្បាត​រង់ចាំ​ភ្លឺ​ឡើង អើ ជា​ជាង​ពួក​យាម​ល្បាត​រង់ចាំ​ភ្លឺ​ឡើង​ទៅ​ទៀត”(ខ.៦)។

អ្នក​និពន្ធ​ទំនុក​ដំកើង​បាន​រំពឹង​រង់​ចាំ​ព្រះ​អម្ចាស់ រំដោះ​គាត់​ចេញ​ពី​ភាព​ងងឹត​នៃ​បញ្ហា​គាត់ ដោយ​ជឿ​ជាក់​លើ​ភាព​ស្មោះត្រង់​របស់​ទ្រង់ បាន​ជា​គាត់​មាន​សេចក្តី​សង្ឃឹម​ថា នឹង​អាច​អត់​ទ្រាំ សូម្បី​តែ​នៅ​ក្នុង​ពេល​ដែល​គាត់​មាន​ទុក្ខ​ក៏​ដោយ។ ដោយ​ផ្អែក​ទៅ​លើ​ព្រះ​បន្ទូល​សន្យា​របស់​ព្រះ នៅ​ក្នុង​ព្រះ​គម្ពីរ​ទាំង​មូល សេចក្តី​សង្ឃឹម​នោះ​អនុញ្ញាត​ឲ្យ​គាត់ បន្ត​រង់​ចាំ ​ទោះ​បី​ជា​គាត់​មិន​ទាន់​បាន​ឃើញ​ពន្លឺ​លេច​ឡើង​ក៏​ដោយ។

សូម​មាន​សង្ឃឹម​ឡើង បើ​សិន​ជា​អ្នក​កំពុង​តែ​ស្ថិត​នៅ​ក្នុង​យប់​ដ៏​ងងឹត នៃ​បញ្ហា​ក្នុង​ជីវិត។ ពន្លឺ​ថ្ងៃ​នឹង​ភ្លឺ​មក​ដល់ នៅ​ក្នុងជីវិត​នេះ…