កាល​ពី​ពេល​ថ្មី​ៗ​នេះ ភរិយា​ខ្ញុំ​បាន​ឲ្យ​កូន​ឆ្កែ​មួយ​ក្បាល មក​ខ្ញុំ។ វា​ជា​ពូជ​ឆ្កែ​ប្រម៉ាញ់​ឡាប្រាឌរ។ យើង​បាន​ដាក់​ឈ្មោះឲ្យ​វា​ថា ម៉ាក(Mark)។ ថ្ងៃ​មួយ ពេល​ដែល​វា​កំពុង​តែ​ចំណាយ​ពេល នៅ​ក្នុង​បន្ទប់​សិក្សា​របស់​ខ្ញុំ ខ្ញុំ​កំពុង​តែ​ផ្តោត​អារម្មណ៍​ទៅ​លើ​កិច្ចការ​នៅ​លើ​តុ​របស់​ខ្ញុំ ហើយ​ក៏​បាន​ឮ​សម្លេង​គេ​ហែក​ក្រដាស់ ពី​ក្រោយ​ខ្នង​ខ្ញុំ។  ខ្ញុំ​ក៏​បាន​ងាក​ទៅ​ក្រោយ ឃើញ​កូន​ឆ្កែ​មួយ​ក្បាល​នោះ កំពុង​មាន​ទឹក​មុខ​ដឹង​ថា​ខ្លួន​ខុស នៅ​ពី​មុខ​សៀវភៅ​ដែល​កំពុង​បើក ហើយ​មាន​សន្លឹក​សៀវភៅ​មួយ​សន្លឹក​កំពុង​តែ​យោល​ជាប់​នឹង​មាត់​វា។

ពេទ្យ​សត្វ​បាន​ប្រាប់​យើង​ថា ម៉ាក​កំពុង​តែ​ឆ្លង​កាត់ “វ័យ​ទំពារ”។ ពេល​ដែល​កូន​ឆ្កែ​ជ្រុះ​ធ្មេញ​ទឹក​ដោះ​របស់​វា ធ្មេញ​អចិន្ត្រៃ​របស់​វា​ក៏​បាន​ដុះ​ឡើង ធ្វើ​ឲ្យ​វា​ឈឺ​ជើង​ធ្មេញ ។ វា​ក៏​បាន​ព្យាយាម​បំបាត់​ការ​ឈឺ​ចាប់ ដោយ​ទំពារ​របស់​របរ​ស្ទើរ​គ្រប់​មុខ។ ដូច​នេះ យើង​ត្រូវ​តែ​ឃ្លាំ​មើល​ម៉ាក ដោយ​ប្រុង​ប្រ​យ័ត្ន ដើម្បី​កុំ​ឲ្យ​វា​ទំពារ​អ្វី ដែល​អាច​គ្រោះ​ថ្នាក់​ដល់​ខ្លួន​វា​បាន ហើយ​យើង​ក៏​បាន​នាំ​វា ឲ្យ​ទៅ​ទំពារ​របស់​ដែល​នាំ​ឲ្យ​វា​មាន​សុខ​ភាព​ល្អ​វិញ។

ម៉ាក​ចេះ​តែ​ចង់​ទំពារ​នេះ​ទំពារ​នោះ​ជា​និច្ច បាន​ខ្ញុំ​ត្រូវ​ឧស្សាហ៍​មើល​វា។ ការ​នេះ បាន​នាំ​ឲ្យ​ខ្ញុំ​នឹក​គិត​ថា តើ​សព្វ​ថ្ងៃ​នេះ ​យើង “ទំពារ” អ្វី​ខ្លះ នៅ​ក្នុង​ចិត្ត និង​គំនិត​របស់​យើង។ តើ​យើង​មាន​ការ​ប្រុង​ប្រយ័ត្ន នៅ​ក្នុង​ផ្តល់​អាហារ ឲ្យ​វិញ្ញាណ​ដ៏អស់​កល្ប​ដែរ​ឬ​ទេ ពេល​ដែល​យើង​អាន ឬ​បើក​មើល​អ៊ីន​ធើណែត ឬ​ក៏​មើល​ទូរទស្សន៍? ព្រះ​គម្ពីរ​បាន​លើក​ទឹក​ចិត្ត​យើង “​ឲ្យ​សង្វាត​រក​ទឹក​ដោះ​សុទ្ធ ខាង​ឯ​ព្រលឹង​វិញ្ញាណ​វិញ ដូច​ជា​ទារក​ដែល​ទើប​នឹង​កើត ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ចំរើន​ធំ​ឡើង ដរាប​ដល់​បាន​សង្គ្រោះ គឺ​បើ​អ្នក​រាល់​គ្នា​បាន​ភ្លក់​ឲ្យ​ដឹង​ថា ព្រះអម្ចាស់​ទ្រង់​ល្អ​មែន”(១ពេត្រុស ២:២-៣)។ យើង​ចាំ​បាច់​ត្រូវ​ចម្អែត​ចិត្ត និង​គំនិត​យើង​ជា​រៀង​រាល់​ថ្ងៃ ដោយ​ព្រះ​បន្ទូល​ព្រះ និង​សេចក្តី​ពិត បើ​សិន​ជា​យើង​ចង់​ចម្រើន​ឡើង ក្នុង​នាម​ជា​អ្នក​ដើរ​តាម​ព្រះ​គ្រីស្ទ។ នៅ​ពេល​នោះ យើង​អាច​លូត​លាស់ ដល់​ពេញ​វ័យ​ខាង​វិញ្ញាណ នៅ​ក្នុង​ទ្រង់។—JAMES BANKS