កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន ខ្ញុំ​បាន​ចូល​រួម​ពិធី​មង្គល​ការ​មួយ ដែល​ក្នុង​នោះ មនុស្ស​ពីរ​នាក់ មក​ពី​ប្រទេស​ផ្សេង​គ្នា​បាន​រៀប​ការ​ជា​មួយ​គ្នា។ ការ​ចម្រុះ​វប្បធម៌​យ៉ាង​ដូច​នេះ អាច​ជា​ការ​ប្រសើរ​ណាស់ ប៉ុន្តែ ពិធី​មង្គល​ការ​នេះ បាន​បូក​បញ្ចូ​លប្រពៃណីយ៍​គ្រីស្ទ​បរិសទ ជា​មួយ​នឹង​ប្រពៃណី​នៃ​ជំនឿ​ដែល​ថ្វាយ​បង្គំ​ព្រះ​ក្លែង​ក្លាយ​ជា​ច្រើន​អង្គ។

លោក​សេផានា ជា​ហោរា​ដែល​បាន​ថ្កោល​ទោស ដោយ​ច្បាស់​ៗ ចំពោះ​ការ​បូក​បញ្ចូល​សាសនា​ដទៃ ជា​មួយ​នឹង​ជំនឿ​លើ​ព្រះ​ដ៏​ពិត។ ពូជ​អំបូរ​យូដា​បាន​ក្លាយ​ជា​ក្រុម​មនុស្ស​ដែល​ថ្វាយ​បង្គំ​ព្រះ​ដ៏ពិ​ត ប៉ុន្តែ ក៏​បាន​ពឹង​ផ្អែក​ទៅ​លើ​ព្រះ​ម៉ូឡុក(សេផានា ១:៥)។ លោក​សេផានា​បាន​រៀប​រាប់​ថា ពួក​គេ​បាន​ដាក់​បញ្ចូល​វប្បធម៌​របស់​សាសន៍ដទៃ(ខ.៨) ហើយ​ក៏បាន​ព្រមាន​ពួក​គេ​ថា ដោយ​សារ​តែ​រឿង​នេះ ព្រះ​ទ្រង់​នឹង​បណ្តេញ​ប្រជាជន​យូដា ចេញ​ពី​ស្រុក​កំណើត​របស់​ខ្លួន​មិន​ខាន។

ប៉ុន្តែ ព្រះ​ទ្រង់​មិន​ដែល​ឈប់​ស្រឡាញ់​រាស្រ្ត​ទ្រង់​ឡើយ។ ទ្រង់​បាន​ជំនុំ​ជម្រះ​ពួក​គេ ដើម្បី​បង្ហាញ​ពួក​គេ​ឲ្យ​ដឹង​ខ្លួន​ថា ពួក​គេ​ចាំ​បាច់​ត្រូវ​ងាក​បែរ​ទៅ​រក​ទ្រង់​វិញ។ ដូច​នេះ លោក​សេផានា​ក៏​បាន​លើក​ទឹក​ចិត្ត​ប្រជាជន​យូដា ឲ្យ “ស្វែង​រក​សេចក្តី​សុចរិត និង​សេចក្តី​សុភាព(ឬ​ការ​បន្ទាប​ខ្លួន)”(២:៣)។ បន្ទាប់​មក ព្រះ​អម្ចាស់ ក៏​បាន​ប្រទាន​ពួក​គេនូវ​ព្រះ​បន្ទូល​ដ៏​ស្រទន់ ដោយ​សន្យា​ថា នឹង​ស្អាង​ពួក​គេ​ឡើង​វិញ នៅ​ពេល​អនា​គត។ គឺ​ដូច​ដែល​ទ្រង់​មាន​បន្ទូល​ថា ទ្រង់​នឹង​ប្រមូល​ពួក​គេ​ឲ្យ​មូល​មក​រក​ទ្រង់​វិញ ហើយ​នៅ​ពេល​នោះ ទ្រង់​នឹង​នាំ​ពួក​គេ​ឲ្យ​ត្រឡប់​មក​ស្រុក​កំណើត​វិញ(៣:២០)។

គេ​ងាយ​នឹង​ថ្កោល​ទោស ចំពោះ​ការ​បូក​បញ្ចូល​ជំនឿ​គ្រីស្ទ​បរិស័ទ ជា​មួយ​ជំនឿ​សាសនា​ដទៃ ដូច​នៅ​ក្នុង​ពិធី​មង្គល​ការ ដែល​ខ្ញុំ​បាន​ចូល​រួម។ ប៉ុន្តែ តាម​ពិត យើង​រាល់​គ្នា​សុទ្ធ​តែ​ងាយ​នឹង​ច្របល់​សេចក្តី​ពិត​របស់​ព្រះ ជា​មួយ​វប្បធម៌​របស់​យើង​។ យើង​ត្រូវ​ការ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ដឹក​នាំ​យើង ដើម្បី​ឲ្យ​យើង​ដឹង​ច្បាស់​ថា ជំនឿ​របស់​យើង​មាន​ភាព​ត្រឹម​ត្រូវ តាម​សេចក្តី​ពិត​របស់​ព្រះ​ឬ​អត់ ហើយ​បន្ទាប់​មក យើង​ត្រូវ​រស់​នៅ តាម​សេចក្តី​ពិត ដោយ​ទំនុក​ចិត្ត និង​សេចក្តី​ស្រឡាញ់​។ ព្រះ​វរបិតា​នៃ​យើង​ទ្រង់​នឹង​ឱប​ដោយ​ភាព​កក់​ក្តៅ ចំពោះ​នរណា​ដែល​ថ្វាយ​បង្គំ​ទ្រង់ ដោយ​វិញ្ញាណ និង​សេចក្តី​ពិត(យ៉ូហាន ៤:២៣-២៤)។—TIM GUSTAFSON