កាល​សារ៉ា​ចៅ​ស្រី​របស់​ខ្ញុំ នៅ​តូច នាង​បាន​ពន្យល់​ខ្ញុំ​ថា មាន​រឿង​អ្វី​កើត​ឡើង ពេល​ដែល​មនុស្ស​ស្លាប់​ទៅ។ នាង​ថា ពេល​មនុស្ស​ស្លាប់​ទៅ មាន​តែ​មុខ​របស់​ពួក​គេ​ប៉ុណ្ណោះ ដែល​នឹង​ទៅ​នៅ​នគរ​ស្ថាន​សួគ៌ តែ​រូប​កាយ​នឹង​មិន​បាន​ឡើងនគរ​ស្ថាន​សួគ៌​ឡើយ ព្រោះ​ពួក​គេ​នឹង​មាន​រូប​កាយ​ថ្មី ប៉ុន្តែ មុខ​នៅ​តែ​ដូច​ដើម។

ជា​ការ​ពិត​ណាស់ ទ្រឹស្តី​របស់​សារ៉ា អំពី​ជីវិត​អស់​កល្ប​ជា​និច្ច គឺ​ជា​ការ​យល់​ដឹង​តាម​បែប​ក្មេង​ៗ  ប៉ុន្តែ នាង​ពិត​ជា​មាន​ការ​យល់​ដឹង​ខ្លះ​ៗ អំពី​សេចក្តី​ពិត​ដ៏​សំខាន់។ តាម​ន័យ​ធៀប មុខ​របស់​យើង គឺ​ជា​អ្វី​ដែល​យើង​អាច​មើល​ឃើញ ដែល​ឆ្លុះ​បញ្ចាំង​អំពី​វិញ្ញាណ​ដែល​យើង​មើល​មិន​ឃើញ។

ម្តាយ​ខ្ញុំ​ធ្លាប់​និយាយ​ប្រាប់​ខ្ញុំ​ថា ទឹក​មុខ​ក្រមូវ​អាច​នៅ​ជាប់​នៅ​លើ​ផ្ទៃ​មុខ​ខ្ញុំ នៅ​ថ្ងៃ​ណា​មួយ។ គាត់​និយាយ​ត្រូវ​។ ការ​ព្រួយ​បារម្ភ​ធ្វើ​ឲ្យ​យើង​រួញ​ចិញ្ចើម ហើយ​កំហឹង​ក៏​បាន​នៅ​ជាប់​នឹង​មាត់​យើង។ កែវ​ភ្នែក​របស់​យើង អាច​បង្ហា​ញឲ្យ​គេ​ដឹង អំពី​វិញ្ញាណ​ដ៏​វេទនា​របស់​យើង។ ម្យ៉ាង​វិញ​ទៀត កែវ​ភ្នែក​ដែល​សប្បុរស ស្នាម​ញញឹម​ដ៏​សុភាព កក់​ក្តៅ និង​ស្វាគមន៍ គឺ​ជា​សញ្ញា​សំគាល់ អំពី​ការ​ផ្លាស់​ប្រែ​នៅ​ខាង​ក្នុង ទោះ​មុខ​របស់​យើង​មាន​ស្នាម​ជ្រួញ ស្នាម​អុច​ៗ ឬ​ការ​បាត់​បង់​សម្រស់​ដទៃ​ទៀត​ក៏​ដោយ។

យើង​មិន​អាច​ធ្វើ​អ្វី​បាន​ច្រើន សម្រាប់​ផ្ទៃ​មុខ ដែល​យើង​មាន​ពី​កំណើត​ទេ ប៉ុន្តែ យើង​អាច​ធ្វើ​អ្វី​ម្យ៉ាង ដើម្បី​កែ​ប្រែ​ជីវិត​យើង។ យើង​អាច​អធិ​ស្ឋាន សូម​ការ​បន្ទាប​ខ្លួន ការ​អត់​ធ្មត់ ភាព​សប្បុរស ការ​ទ្រំា​ទ្រ ការ​ដឹង​គុណ ការ​អត់​ទោស សន្តិ​ភាព និង​សេចក្តី​ស្រឡាញ់(កាឡាទី ៥:២២-២៦)។

ដោយ​ព្រះ​គុណ​របស់​ព្រះ និង​ការ​រៀប​ចំ​ពេល​វេលា​របស់​ទ្រង់ យើង​អាច​លូត​លាស់ ឲ្យ​កាន់​តែ​មាន​លក្ខណៈ​ដូច​ព្រះ​អម្ចាស់​យើង នៅ​ផ្នែក​ខាង​ក្នុង គឺ​ភាព​ដូច ដែល​ឆ្លុះ​បញ្ចាំង​ឡើង នៅ​លើ​ផ្ទៃ​មុខ​ដែល​សប្បុរស និង​វ័យ​ចំណាស់។ គឺដូច​ដែល​កវី​កំណាព្យ​អង់​គ្លេស ឈ្មោះ ចន ដុន(John Donne ឆ្នាំ​១៥៧២ -១៦៣១) បាន​មាន​ប្រសាសន៍​ថា វ័យ​របស់​មនុស្ស ប្រែ​ក្លាយ​ជា “មាន​ភាព​គួរ​ឲ្យ​ស្រឡាញ់​បំផុត នៅ​ថ្ងៃ​ចុង​ក្រោយ”។—DAVID H. ROPER