មាន​ពេល​មួយ ខ្ញុំ​បាន​ឈរ​នៅ​ក្នុង​ផ្លូវ​ដើរ នៅ​ចន្លោះ​ធ្នើ​ដាក់​ទំនិញ ក្នុង​ហាង​ទំនិញ។ ខ្ញុំ​មាន​ការ​ពិបាក នៅ​ក្នុង​ការ​ស្វែង​រក​កាត​ប៉ូស្តាល់​ដ៏​ល្អ​ឥត​ខ្ចោះ សម្រាប់​ទិវា​លោក​ឪពុក។ ទោះ​បី​ជា​ខ្ញុំ និង​ឪពុក​ខ្ញុំ​បាន​ផ្សះផ្សា​គ្នា បន្ទាប់​ពី​យើង​មានទំនាក់​ទំនង​ដ៏​ពិបាក​ជា​ច្រើន​ឆ្នាំ​ហើយ​ក៏​ដោយ ក៏​ខ្ញុំ​នៅ​តែ​មិន​មាន​អារម្មណ៍​ថា មាន​ភាព​ស្និទ្ធ​ស្នាល​ជា​មួយ​ប៉ា​របស់​ខ្ញុំ​ទេ។

នៅ​ថ្ងៃ​នោះ ស្រ្តី​ម្នាក់​ដែល​ឈរ​នៅ​ក្បែរ​ខ្ញុំ​បាន​បញ្ចេញ​សម្លេង​រអ៊ូ ខណៈ​ពេល​ដែល​នាង​កំពុង​តែ​ដាក់​កាត​ប៉ូស្តាល់​ដែល​នាង​បាន​អាន​ហើយ ចូល​ទៅ​ក្នុង​កន្លែង​ដាក់​តាំង​វិញ។ នាង​ក៏​បាន​រអ៊ូ​ថា “ហេតុ​អ្វី​បាន​ជា​គេ មិន​ផលិត​កាត​ប៉ូស្តាល់ សម្រាប់​អ្នក​ដែល​មិន​មាន​ទំនាក់​ទំនង​ល្អ ជា​មួយ​ឪពុក​របស់​ខ្លួន ប៉ុន្តែ កំពុង​តែ​ព្យាយាម​ធ្វើ​នូវ​កិច្ចការ​ដ៏​ត្រឹម​ត្រូវ​ សម្រាប់​គាត់?”

នាង​ក៏​បាន​ប្រញាប់​ចេញ​ទៅ​ក្រៅ​បាត់។ ខ្ញុំ​រក​ឆ្លើយ​ប្រាប់​នាង​មិន​ទាន់ ដូច​នេះ ខ្ញុំ​ក៏​បាន​អធិស្ឋាន​ឲ្យ​នាង។ ខ្ញុំ​ក៏​បាន​អរ​ព្រះ​គុណ​ព្រះ​ជា​ម្ចាស់ ដ្បិត​មាន​តែ​ទ្រង់​ទេ ដែល​អាច​ធ្វើ​ជា​ឪពុក​ដែល​ល្អ​ឥត​ខ្ចោះ ហើយ​ខ្ញុំ​ក៏​បាន​ទូល​សូម​ទ្រង់​ពង្រឹងទំនាក់​ទំនង ដែល​ខ្ញុំ​មាន​ជា​មួយ​ឪពុក​ខ្ញុំ។

ខ្ញុំ​ក៏​ស្រេក​ឃ្លាន​ចង់​បាន​ទំនាក់​ទំនង​កាន់​តែ​ស្និទ្ធ​ស្នាល​ជា​មួយ​ព្រះ​វរ​បិតា​របស់​ខ្ញុំ ដែល​គង់​នៅ​ស្ថាន​សួគ៌​ផង​ដែរ។ ខ្ញុំ​ចង់​មាន​ទំនុក​ចិត្ត ចំពោះ​ព្រះ​វត្ត​មាន អំណាច​ចេស្តា និង​ការ​ការ​ពារ​របស់​ទ្រង់ ដូច​ស្តេចដាវីឌ​ដែរ​(ទំនុកដំកើង ២៧:១-៦)។

ពេល​ស្តេច​ដាវីឌ​ស្រែក​រក​ជំនួយ ទ្រង់​រំពឹង​ថា ព្រះ​ទ្រង់​នឹង​ឆ្លើយ​តប(ខ.៧-៩)។ ទោះ​ឪពុក​ម្តាយ​នៅ​ផែន​ដី​អាចបដិសេធន៍ បោះ​បង់​ចោល ឬ​មិន​អើពើរ​ចំពោះ​កូន​ខ្លួន​ក៏​ដោយ ក៏​ស្តេច​ដាវីឌ​នៅ​តែ​ប្រកាស​ថា ព្រះ​ទ្រង់​នឹង​ទទួល​យកយើង ដោយ​គ្មាន​លក្ខខ័ណ្ឌ(ខ.១០)។ ទ្រង់​បាន​រស់​នៅ ដោយ​មាន​ការ​ជឿ​ជាក់​លើ សេចក្តី​ល្អ​របស់​ព្រះ(ខ.១១-១៣)។ ជួន​កាល ស្តេចដាវីឌ​មាន​ការ​ពិបាក នៅ​ក្នុង​ការ​អនុវត្ត គឺ​មិន​ខុស​ពី​យើង​ឡើង ប៉ុន្តែ ព្រះ​វិញ្ញាណ​បរិសុទ្ធ​ជួយ​ឲ្យ​ទ្រង់​អត់​ទ្រាំ ដោយ​ជំនឿ និង​ការ​ពឹង​ផ្អែក​លើ​ព្រះ​អម្ចាស់(ខ.១៤)។

យើង​ក៏​អាច​ជួប​ទំនាក់​ទំនង​ដ៏​ពិបាក​ផង​ដែរ គឺ​មិន​ខុស​ពី​ស្រ្តី​នៅ​ក្នុង​ហាង​ទំនិញ ដែល​មាន​ការ​ពិបាក​នៅ​ក្នុង​ទំនាក់ទំនង​ជា​មួយ​ឪពុក​គាត់។ ប៉ុន្តែ ទោះ​មនុស្ស​មាន​ចំណុច​ខ្វះ​ខាត ធ្វើ​ឲ្យ​យើង​ខក​ចិត្ត ឬ​ធ្វើ​ឲ្យ​យើង​ឈឺ​ចាប់​ក៏​ដោយ ក៏ព្រះ​ដែល​ជា​ឪពុក​ដ៏​ល្អ​ឥត​ខ្ចោះ នៅ​តែ​ស្រឡាញ់ និង​ការពារ​យើង​ទាំង​ស្រុង។—XOCHITL DIXON