នៅ​ពេល​ព្រឹក​ថ្ងៃ​មួយ ពេល​ដែល​កូន​ស្រី​ខ្ញុំ​បាន​រៀប​ចំ​ខ្លួន​រួច​រាល់​ហើយ នាង​ក៏​បាន​និយាយ​ឮ​ៗ​ថា “គួរ​ឲ្យ​ស្រឡាញ់”។​ ខ្ញុំ​មិន​ដឹង​ថា នាង​ចង់​និយាយ​ពី​អ្វី​ទេ។ បន្ទាប់​មក នាង​ក៏​បាន​ទះ​ថ្មម​ៗ ពី​លើ​អាវ​របស់​នាង ដែល​បង​ប្អួន​ជី​ដូន​មួយរបស់​នាង​បាន​ឲ្យ។ នៅ​ពី​មុខ​អាវ​នោះ ខ្ញុំ​ឃើញ​ពាក្យ “គួរ​ឲ្យ​ស្រឡាញ់”។ ខ្ញុំ​ក៏​បាន​ឱប​នាង​យ៉ាង​ណែន ហើយ​ក៏​បាន​ញញឹម ដោយ​ក្តី​អំណរ។ ខ្ញុំ​ក៏​បាន​ប្រាប់​នាង​ថា “កូន​គួរ​ឲ្យ​ស្រឡាញ់​ណាស់!” នាង​ក៏​បាន​ញញឹម​កាន់​តែ​ខ្លាំង​ ដោយ​និយាយ​ពាក្យ​នោះ​ម្តង​ហើយ​ម្តង​ទៀត។

ខ្ញុំ​មិន​មែន​ជា​ឪពុក​ដែល​ល្អ​ឥត​ខ្ចោះ​ទេ។ ប៉ុន្តែ ពេល​នោះ ជា​ពេល​ដ៏​ល្អ​ឥត​ខ្ចោះ។​ នៅ​ក្នុង​ការ​ឆ្លើយ​ឆ្លង​ដ៏​មាន​ន័យ​នោះ ខ្ញុំ​បាន​ឃើញ​ទឹក​មុខ​របស់​កូន​ស្រី​ខ្ញុំ បញ្ចេញ​រស្មី ដោយ​សារ​នាង​បាន​ទទួល​សេចក្តី​ស្រឡាញ់​ដោយ​ឥត​លក្ខ​ខ័ណ្ឌ ពោល​គឺ​នាង​បាន​បញ្ចេញ​ទឹក​មុខ​នៃ​ក្តី​អំណរ។ នាង​ដឹង​ថា ពាក្យ​ដែល​នៅ​ពី​ខាង​មុខ​អាវ​របស់​នាង គឺ​ត្រូវ​នឹង​អារម្មណ៍​ដ៏ពិត ដែល​ឪពុក​របស់​នាង​មាន ចំពោះ​នាង។ តើ​មាន​មនុស្ស​ប៉ុន្មាន​នាក់ ដែល​ដឹង​ច្បាស់ ក្នុង​ចិត្ត​ថា ព្រះ​វរបិតា​បាន​ស្រឡាញ់​យើង ដោយ​សេចក្តី​ស្រឡាញ់​ដែល​គ្មាន​ព្រំដែន? ជួន​កាល យើង​ពិបាក​នឹង​យល់ អំពី​សេចក្តី​ពិត​នេះ។ ពួក​កូន​ចៅ​អ៊ីស្រាអែល​នៅ​សម័យ​ដើម ក៏​មាន​បញ្ហា​នេះ​ផង​ដែរ។ ពួក​គេ​ឆ្ងល់​ថា តើ​ទុក្ខ​លំបាក​របស់​ពួក​គេ គឺ​ជា​សញ្ញា​បញ្ជាក់​ថា ព្រះ​ទ្រង់​លែង​ស្រឡាញ់​ពួក​គេ​ឬ​យ៉ាង​ណា? ប៉ុន្តែ ក្នុង​បទ​គម្ពីរ យេរេមា ៣១:៣ ហោរា​យេរេមា​បាន​រំឭក​ពួក​គេ​ថា កាល​ពី​មុន ព្រះ​ទ្រង់​ធ្លាប់​មាន​បន្ទូល​ប្រាប់​ពួក​គេ​ថា ទ្រង់​ស្រឡាញ់​ពួក​គេ ដោយ​សេចក្តី​ស្រឡាញ់​ដ៏​ស្ថិត​ស្ថេរ​នៅ​អស់​កល្ប​ជា​និច្ច។

យើង​ក៏​ស្រេក​ឃ្លាន​រក​សេចក្តី​ស្រឡាញ់​ដែល​ឥត​លក្ខ​ខ័ណ្ឌ​នោះ​ផង​ដែរ។ តែ​របួស​ក្នុង​ចិត្ត ការ​ខក​ចិត្ត និង​កំហុស ដែល​យើង​បាន​ជួប​ប្រទះ អាច​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​អវិជ្ជ​មាន​គ្រប់​ប្រភេទ គឺ​មិន​មាន​អារម្មណ៍​ថា យើង​គួរ​ឲ្យ​ស្រឡាញ់​ឡើយ។ ប៉ុន្តែ ព្រះ​ទ្រង់​បើក​ចំហរ​ព្រះ​ហស្ត​ទ្រង់ គឺ​ព្រះ​ហស្ត​នៃ​ព្រះ​ដ៏​ជា​ឪពុក​ល្អ​ឥត​ខ្ចោះ ហើយ​ក៏​បាន​អញ្ជើញ​យើង ឲ្យ​ពិសោធន៍ និង​សម្រាក​នៅ​ក្នុង​សេចក្តី​ស្រឡាញ់​របស់​ព្រះ​អង្គ។—ADAM HOLZ