ក្នុង​អំឡុង​ពេល​វិស្សម​កាល ខ្ញុំ និង​ស្វាមី​ខ្ញុំ​បាន​ចុះ​ឈ្មោះ ចូល​រួម​ការ​ជិះ​ទូក​កម្សាន្ត ចុះ​តាម​ខ្សែ​ទឹក​ទន្លេ​ឆាតា​ហ៊ូឈី នៅ​រដ្ឋ​ចចជា។ ដោយសារ​ខ្ញុំ​បាន​ពាក់​ស្បែក​ជើង​សង្រែក រ៉ូប​សម្រាប់​រដូវ​ក្តៅ និង​មួក​ដែល​មាន​ហាម​ធំ ខ្ញុំ​ក៏​បាន​លាន់​មាត់ ពេល​ដែល​យើង​ដឹង​ថា ការ​ធ្វើ​ដំណើរ​នោះ មាន​រាប់​បញ្ចូល​ការ​ជិះ​ទូក​ចុះ​តាម​ល្បាក់​ទឹក ដែល​មាន​ទឹក​ហូរ​ខ្លាំង គឺខុស​ពី​ការ​ផ្សាយ​ពាណិជ្ជ​កម្ម។ តែ​អរ​ព្រះ​គុណ​ព្រះ​អង្គ ដែល​យើង​បាន​ជិះ​ទូក​នោះ ជា​មួយ​ប្តី​ប្រពន្ធ​មួយ​គូរ ដែល​មាន​បទ​ពិសោធន៍​នៅ​ក្នុង​ការ​ជិះ​ទូក​ចុះ​តាម​ល្បាក់​ទឹក។ ពួក​គេ​ក៏​បាន​បង្រៀន​ស្វាមី​ខ្ញុំ អំពី​មូល​ដ្ឋាន​គ្រឹះ​នៃ​ការ​អ៊ំ​ទូក ហើយ​ក៏​បាន​សន្យា​ថា​ នឹង​នាំ​យើង​ទៅ​ដល់​គោល​ដៅ ដោយ​សុវត្ថិ​ភាព។ ខ្ញុំ​ក៏​បាន​អរ​ព្រះ​គុណ​ព្រះអង្គ​ ដែល​ពេល​នោះ​ខ្ញុំ​មាន​អាវ​សុវត្ថិ​ភាព។ ខ្ញុំ​ក៏​បាន​ស្រែក ហើយ​តោង​ដៃ​ជ័រ​របស់​ទូក​នោះ ទាល់​តែ​យើង​បាន​ទៅ​ដល់​ត្រើយ ដែល​មាន​សុទ្ធ​តែភក់ ដែល​នៅ​ខ្សែ​ទឹក​ខាង​ក្រោម។ ខ្ញុំ​ក៏​បាន​បោះ​ជំហាន​ទៅ​លើ​ឆ្នេរ ហើយ​ក៏​បាន​ចាក់​ទឹក​ចេញ​ពី​ការ​បូប​យួរ​ដៃ​របស់​ខ្ញុំ ខណៈ​ពេល​ដែល​ស្វាមី​ខ្ញុំ​បាន​ជួយពូត​ជាយ​រូប​របស់​ខ្ញុំ ដែល​បាន​ទទឹក​ជោគ។ យើង​ក៏​បាន​អស់​សំណើច​យ៉ាង​សប្បាយ ទោះ​ការ​ធ្វើ​ដំណើរ​នេះ មិន​មាន​ភាព​ងាយ​ស្រួល ដូច​ការ​ផ្សាយ​ពាណិជ្ជ​កម្ម​ក៏​ដោយ។

យ៉ាង​ណា​មិញ ព្រះ​យេស៊ូវ​បាន​ដាស់​តឿន​ពួក​សាវ័ក​ទ្រង់​យ៉ាង​ច្បាស់ អំពី​ការ​ធ្វើ​ដំណើរ​ដ៏​ពិបាក ដែល​ពួក​គេ​នឹង​ជួប​នៅ​ពេល​ខាង​មុខ គឺ​ខុស​ពី​ការ​ផ្សាយ​ពាណិជ្ជ​កម្ម​អំពី​ការ​ធ្វើ​ដំណើរ​នោះ ដែល​មិន​បាន​រៀប​រាប់​ជា​លម្អិត អំពី​ចំណុច​ដ៏សំខាន់​មួយ នៃ​ការ​ធ្វើ​ដំណើរ​នោះ។ ទ្រង់​បាន​ប្រាប់​ពួក​គេ​ថា ពួក​គេ​នឹង​ជួប​ការ​បៀត​បៀន ហើយ​ស្លាប់​ដោយ​សារ​ជំនឿ ហើយ​ទ្រង់​នឹង​សុគត ហើយ​ក្រោយ​មក ទ្រង់​ក៏​បាន​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ។ ទ្រង់​ក៏​បាន​ធានា​ដល់​ពួក​គេ​ថា ពួក​គេ​អាច​ទុក​ចិត្ត​ទ្រង់​បាន ហើយ​ទន្ទឹម​នឹង​នោះ ទ្រង់​ក៏​បាន​បញ្ជាក់​ថា ទ្រង់​នឹង​ដឹក​នាំ​ពួក​គេ ទៅ​រក​ជ័យ​ជម្នះ​ដែល​មិន​អាច​បដិសេធន៍​បាន និង​សេចក្តី​សង្ឃឹម​ដ៏​អស់​កល្ប​(យ៉ូហាន ១៦:១៦-៣៣)។

យើង​ចង់​ឲ្យ​ជីវិត​យើង​មាន​ភាព​ងាយ​ស្រួល​ជាង​នេះ ពេល​ដែល​យើង​ដើរ​តាម​ព្រះ​យេស៊ូវ ប៉ុន្តែ ទ្រង់​បាន​បញ្ជាក់​ច្បាស់​ថា សិស្ស​របស់​ទ្រង់​នឹង​ជួប​បញ្ហា​ជា​ច្រើន។ តែ​ទ្រង់​ក៏​បាន​សន្យា​ថា នឹង​គង់​នៅ​ជា​មួយ​យើង។ ទុក្ខ​លំបាក​មិន​កំណត់ ឬ​បំផ្លាញ​ផែន​ការ​ដែល​ព្រះ​ទ្រង់​មាន​សម្រាប់​យើង​ឡើយ ព្រោះ​ការ​មាន​ជន្ម​ឡើង​វិញ​របស់​ព្រះ​យេស៊ូវ បាន​នាំ​យើង​ទៅរក​ជ័យ​ជម្នះ​ដ៏​អស់​កល្ប​ជា​និច្ច​រួច​ហើយ។—XOCHITL DIXON