ខ្ញុំមានការងារដំបូងបំផុត នៅភោជនីយដ្ឋានអាហាររហ័ស។ នៅពេលល្ងាចថ្ងៃសៅរ៍ មានបុរសម្នាក់បាននៅក្នុងភោជនីដ្ឋាននោះមិនឃើញទៅណា ហើយក៏បានសួរខ្ញុំថា ខ្ញុំចេញពីធ្វើការនៅម៉ោងប៉ុន្មាន។ ពេលនោះ ខ្ញុំមានអារម្មណ៍មិនស្រួល។ ប៉ុន្មានម៉ោងក្រោយមក គាត់ក៏បានហៅដំឡូងចៀនមួយចាន បន្ទាប់មក គាត់ក៏បានហៅភេសជ្ជះមួយកំប៉ុង ដូចនេះ អ្នកគ្រប់គ្រងភោជ្ជនីយដ្ឋានក៏មិនបានបណ្តេញគាត់ទេ។ ទោះបីជាខ្ញុំមិនរស់នៅឆ្ងាយពីភោជនីដ្ឋាន ក៏ខ្ញុំនៅតែមិនហ៊ានដើរទៅផ្ទះតែម្នាក់ឯង កាត់តាមកន្លែងចតរថយន្ត ហើយកាត់តាមវាលខ្សាច់។ ទីបំផុត ដល់ពេលពាក់កណ្តាលអាធ្រាត ខ្ញុំក៏បានចូលទៅក្នុងការិយ៉ាល័យ ដើម្បីទូរស័ព្ទ។
ហើយប៉ារបស់ខ្ញុំក៏បានលើកទូរស័ព្ទ ហើយក៏បានងើបចេញពីដំណេកដ៏កក់ក្តៅរបស់គាត់ ដោយគ្មានការស្ទាក់ស្ទើរ ។ ៥នាទីក្រោយមក គាត់ក៏បានមកដល់ ហើយក៏បានជូនខ្ញុំទៅផ្ទះ។
កាលនោះខ្ញុំដឹងច្បាស់ថា ប៉ាខ្ញុំនឹងមកជួយខ្ញុំ នៅពេលយប់នោះ ហើយការនេះក៏បានធ្វើឲ្យខ្ញុំនឹកចាំ អំពីការធានា ដែលមានចែង នៅក្នុងបទគម្ពីរ ទំនុកដំកើង ជំពូក៩១។ ព្រះវរបិតានៃយើងដែលគង់នៅស្ថានសួគ៌ តែងតែគង់នៅជាមួយយើងជានិច្ច ដោយការពារ និងថែរក្សាយើង ពេលដែលយើងមានការច្របូកច្របល់ ឬមានការភ័យខ្លាច ឬក៏មានការខ្វះខាត។
ទ្រង់បានប្រកាសថា ពេលដែលពួកគេអំពាវរកទ្រង់ ទ្រង់នឹងឆ្លើយតប(ទំនុកដំកើង ៩១:១៥)។ ទ្រង់មិនគ្រាន់តែជាកន្លែង ដែលយើងអាចរត់ទៅរក ដើម្បីទទួលបាននូវភាពសុខសាន្តប៉ុណ្ណោះទេ។ ទ្រង់ ជា ជម្រករបស់យើង(ខ.១)។ ទ្រង់ជាថ្មដាដែលយើងអាចយកជាទីពំនាក់(ខ.២)។
ពេលដែលយើងមានការភ័យខ្លាច គ្រោះថ្នាក់ ឬភាពមិនច្បាស់លាស់ យើងអាចទុកចិត្តលើព្រះបន្ទូលទ្រង់ ដែលបានសន្យាថា ពេលយើងស្រែករកទ្រង់ ទ្រង់នឹងឮយើង ហើយនឹងគង់នៅជាមួយយើង ពេលយើងមានបញ្ហា(ខ.១៤-១៥)។ ព្រះទ្រង់ជាកន្លែងជ្រកកោនដ៏សុខសាន្តរបស់យើង។—CINDY HESS KASPER