កាល​នៅ​ពី​ក្មេង នៅ​ក្នុង​ភូមិ​ដែល​ខ្ញុំ​រស់​នៅ ខ្ញុំ​បាន​រក​ឃើញ​ថា សត្វ​មាន់​មាន​ចំណុច ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ចាប់​អារម្មណ៍​ខ្លាំង។ ពេល​ណា​ខ្ញុំ​ចាប់​បាន​មាន់​មួយ​ក្បាល ខ្ញុំ​បាន​កាន់​វា​ឲ្យ​ក្រាប​នៅ​លើ​ដី​ពីរ​បី​នាទី រួច​ខ្ញុំ​ក៏​បាន​ព្រលែង​វា​ថ្នម​ៗ។ ពេល​នោះ ​សត្វ​មាន់​នៅ​តែ​ក្រាប​នៅ​លើ​ដី ដោយ​គិត​ស្មាន​ថា ខ្ញុំ​កំពុង​តែ​កាន់​វា​ជាប់។ ទោះ​វា​អាច​ស្ទុះ​រត់​ចេញ​ពី​ខ្ញុំ ដោយ​សេរី​ក៏ដោយ ក៏​វា​នៅ​តែ​មាន​អារម្មណ៍​ថា​ជាប់​ទៅ​ណា​មិន​រួច​ដដែល។

ពេល​យើង​ទទួល​ជឿ​ព្រះ​យេស៊ូវ ទ្រង់​ក៏​បាន​រំដោះ​យើង​ឲ្យ​រួច​ពី​អំពើ​បាប និង​រួច​ពី​ចំណង​ដែល​អារក្ស​បាន​ចង​រឹត​យើង​។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ យើង​ត្រូវ​ការ​ពេល​វេលា ដើម្បី​កែ​ប្រែ​ទម្លាប់ និង​គំនិត​ដែល​ជាប់​មាន​បាប ហេតុ​នេះ​ហើយ បាន​ជា សាតាំង​អាច​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ថា យើង​នៅ​ជាប់​ចំណង​របស់​វា។ ប៉ុន្តែ ព្រះ​វិញ្ញាណ​របស់​ព្រះ បាន​រំដោះយើង​ឲ្យ​រួច​ហើយ។ ទ្រង់​មិន​បាន​ធ្វើ​ឲ្យ​យើង​ក្លាយ​ជា​ទាសករ​ឡើយ។ គឺ​ដូច​ដែល​សាវ័ក​ប៉ុល​បាន​ប្រាប់​ពួក​ជំនុំ​នៅ​ទីក្រុង​រ៉ូម​ថា “ហេតុ​នោះ នៅ​ជាន់​នេះ អ្នក​ណា​ដែល​នៅ​ក្នុង​ព្រះគ្រីស្ទយេស៊ូវ នោះ​គ្មាន​ទោស​សោះ។ ដ្បិត​អំណាច​របស់​ព្រះវិញ្ញាណ​នៃ​ជីវិត ដែល​នៅ​ក្នុង​ព្រះគ្រីស្ទយេស៊ូវ នោះ​បាន​ប្រោស​ឲ្យ​ខ្ញុំ​រួច​ពី​អំណាច​របស់​អំពើ​បាប និង​សេចក្តី​ស្លាប់​ហើយ”(រ៉ូម​ ៨:១-២)។

តាម​រយៈ​ការ​អាន​ព្រះ​គម្ពីរ ការ​អធិ​ស្ឋាន និង​អំណាច​នៃ​ព្រះ​វិញ្ញាណ​បរិសុទ្ធ ព្រះ​ទ្រង់​ធ្វើ​ការ​ក្នុង​យើង ដើម្បី​លាង​សម្អាត​យើង ហើយ​ជួយ​យើង​ឲ្យ​រស់​នៅ ថ្វាយ​ទ្រង់។ ព្រះ​គម្ពីរ​បាន​លើក​ទឹក​ចិត្ត​យើង ឲ្យ​ដើរ​ជា​មួយ​ព្រះ​យេស៊ូវ ដោយ​ទំនុក​ចិត្ត ដោយ​ឈប់​មាន​អារម្មណ៍​ថា យើង​នៅ​ជាប់​ចំណង​ទៀត។

ព្រះ​យេស៊ូវ​បាន​មាន​បន្ទូល​ថា “ដូច្នេះ បើ​ព្រះ​រាជ​បុត្រា​ប្រោស​ឲ្យ​អ្នក​រាល់​គ្នា​បាន​រួច នោះ​នឹង​បាន​រួច​ជា​ពិត”(យ៉ូហាន ៨:៣៦)។ សូម​ឲ្យ​សេរីភាព​ដែល​យើង​មាន​ក្នុង​ព្រះ​គ្រីស្ទ បាន​លើក​ទឹក​ចិត្ត​យើង ឲ្យ​ស្រឡាញ់ និង​បម្រើ​ទ្រង់។—LAWRENCE DARMANI