ក្មេងប្រុសម្នាក់បានមានជម្ងឺពិការខួរក្បាលពីកំណើត បានជាគាត់មិនអាចនិយាយ ឬទំនាក់ទំនងជាមួយគេឯងបានទេ។ ប៉ុន្តែ ម្តាយរបស់គាត់ គឺអ្នកស្រី ចាន់ថល ប្រាយអិន(Chantal Bryan) មិនដែលបោះបង់ការតស៊ូឡើយ ហើយនៅពេលដែលគាត់មានអាយុ១០ឆ្នាំ ម្តាយគាត់បានរកឃើញវិធីទំនាក់ទំនងជាមួយគាត់ តាមរយៈចលនាភ្នែកគាត់ និងក្តាខៀនដែលមានអក្សរ។
បន្ទាប់ពីការរកឃើញដំណោះស្រាយនេះ ម្តាយគាត់ក៏បានមានប្រសាសន៍ថា “សោររបស់គាត់ត្រូវបានដោះចេញ ឲ្យគាត់អាចទំនាក់ទំនងបាន ហើយឥឡូវនេះ យើងអាចសួរសំណួរអីក៏បានទៅកាន់គាត់?” សព្វថ្ងៃនេះ យ៉ូណាថានអាចអាន និងសរសេរអត្ថបទជាច្រើន រាប់បញ្ចូលទាំងបទកំណាព្យ ដោយធ្វើការទំនាក់ទំនង តាមរយៈភ្នែករបស់គាត់។ ពេលយើងសួរគាត់ថា តើគាត់មានអារម្មណ៍យ៉ាងណា ពេលដែលគាត់អាច “ជជែក” ជាមួយក្រុមគ្រួសារ និងមិត្តភក្តិគាត់ គាត់ក៏បានឆ្លើយថា “វាពិតជាអស្ចារ្យណាស់ ដែលខ្ញុំអាចនិយាយប្រាប់ពួកគេថា ខ្ញុំស្រឡាញ់ពួកគេ”។
រឿងរបស់កុមារយ៉ូណាថាន ពិតជាបានប៉ះពាល់ចិត្តខ្ញុំណាស់ ហើយក៏បាននាំឲ្យខ្ញុំពិចារណា អំពីរបៀបដែលព្រះទ្រង់បានបើកសោរ ដើម្បីដោះយើង ឲ្យរួចពីគុកនៃអំពើបាប។ គឺដូចដែលសាវ័កប៉ុលបានសរសេរសំបុត្រផ្ញើទៅគ្រីស្ទបរិស័ទ នៅក្រុងកូល៉ុសថា “យើង ពីដើម ត្រូវពង្រាត់ចេញ”(កូល៉ុស ១:២១) គំនិតអាក្រក់របស់យើងបានធ្វើឲ្យយើងក្លាយជាខ្មាំងសត្រូវទ្រង់ ប៉ុន្តែ តាមរយៈការសុគតរបស់ព្រះគ្រីស្ទនៅលើឈើឆ្កាង ឥឡូវនេះ ទ្រង់បានថ្វាយយើងរាល់គ្នា ជាដង្វាយបរិសុទ្ធ ឥតសៅហ្មង ហើយឥតកន្លែងបន្ទោសបាន នៅចំពោះទ្រង់(ខ.២២)។ សព្វថ្ងៃនេះ យើងអាច “រស់នៅបែបគួរនឹងព្រះអម្ចាស់” ដោយបង្កើតផលផ្លែខាងវិញ្ញាណ លូតលាស់នៅក្នុងការស្គាល់ទ្រង់ ហើយបានចម្រើនកម្លាំង ដោយព្រះចេស្តាទ្រង់(ខ.១០-១១)។
យើងអាចប្រើសម្លេងរបស់យើងដែលទ្រង់បានរំដោះឲ្យរួចពីបាប ដើម្បីសរសើរដំកើងព្រះ ហើយផ្សាយដំណឹងល្អរបស់ទ្រង់ ឲ្យគេដឹងថា យើងមិនរស់នៅក្នុងចំណងនៃអំពើបាបទៀតទេ។ ខណៈពេលដែលយើងបន្តដំណើរ ក្នុងសេចក្តីជំនឿ យើងអាចប្រកាន់ខ្ជាប់នឹងសេចក្តីសង្ឃឹម ដែលយើងមានក្នុងព្រះគ្រីស្ទ។—AMY BOUCHER PYE