នៅពេលដែលខ្ញុំ និងមិត្តភក្តិរបស់ខ្ញុំចេញដើរលេង យើងក៏បានជជែកគ្នា អំពីការស្រឡាញ់ព្រះគម្ពីរ។ មិត្តរបស់ខ្ញុំ បានធ្វើឲ្យខ្ញុំមានការភ្ញាក់ផ្អើល នៅពេលដែលគាត់បាននិយាយថា គាត់មិនសូវចូលចិត្តអានព្រះគម្ពីរសញ្ញាចាស់ប៉ុន្មានទេ ព្រោះព្រះគម្ពីរសញ្ញាចាស់បានចែងអំពីរឿងដែលពិបាកអាន និងនិយាយអំពីការសងសឹក។ គាត់ចង់អាន តែរឿងព្រះយេស៊ូវប៉ុណ្ណោះ។
យើងប្រហែលជាយល់ស្របនឹងពាក្យដែលនាងបាននិយាយ ពេលដែលយើងបានអាន ព្រះគម្ពីរណាហ៊ុម គឺដែលបានចែងថា “ព្រះយេហូវ៉ាទ្រង់សងសឹក ហើយទ្រង់រក្សានូវសេចក្តីក្រោធ” (ណាហ៊ុម ១:២)។ ប៉ុន្តែ យើងក៏មានសង្ឃឹមឡើង ពេលដែលបានអានខបន្ទាប់ ដែលបានចែងថា “ព្រះយេហូវ៉ាទ្រង់យឺតនឹងខ្ញាល់ ហើយមានព្រះចេស្តាយ៉ាងធំ” (ខ.៣)។
នៅពេលដែលយើងស្វែងយល់ឲ្យកាន់តែស៊ីជម្រៅ អំពីសេចក្តីក្រោធរបស់ព្រះ នោះយើងនឹងបានដឹងថា ពេលដែលទ្រង់មានសេចក្តីក្រោធម្ដងៗ នោះច្រើនតែដោយសារទ្រង់ការពាររាស្រ្តរបស់ទ្រង់ ឬការពារព្រះនាមរបស់ទ្រង់ផ្ទាល់។ ដោយសារតែព្រះទ្រង់មានសេចក្តីស្រឡាញ់ហូរហៀរ ព្រះអង្គត្រូវតែស្វែងរកយុត្តិធម៌ ហើយកាត់ទោសរាល់ទាំងសេចក្តីកំហុស ប៉ុន្តែ ទ្រង់នឹងសង្រ្គោះដល់អស់អ្នកណា ដែលត្រឡប់មករកទ្រង់វិញ។ យើងឃើញថាទ្រង់មិនគ្រាន់តែបានបង្ហាញចេញនូវសេចក្តីស្រឡាញ់ នៅក្នុងគ្រាសញ្ញាចាស់ ដោយត្រាស់ហៅរាស្រ្តរបស់ទ្រង់ ឲ្យវិលមករកទ្រង់វិញប៉ុណ្ណោះឡើយ ប៉ុន្តែ ទ្រង់ថែមទាំងបានបង្ហាញសេចក្តីស្រឡាញ់ទ្រង់ នៅក្នុងគ្រាសញ្ញាថ្មីផងដែរ ដោយចាត់ព្រះរាជបុត្រាតែ១ របស់ទ្រង់ ឲ្យសុគតនៅលើឈើឆ្កាង ជំនួសបាបយើងរាល់គ្នា។
យើងមិនអាចយល់បានទាំងស្រុង អំពីអាថ៌កំបាំង នៃបុគ្គលិកលក្ខណៈរបស់ព្រះជាម្ចាស់ ប៉ុន្តែ យើងអាចជឿទុកចិត្តថា ទ្រង់មិនត្រឹមតែសម្រេចនូវយុត្តិធម៌ប៉ុណ្ណោះទេ តែថែមទាំងបានធ្វើជាប្រភពនៃសេចក្តីស្រឡាញ់យ៉ាងបរិបូរផងដែរ។ យើងមិនចាំបាច់ត្រូវមានការភ័យខ្លាច ចំពោះព្រះជាម្ចាស់នោះឡើយ ពីព្រោះព្រះទ្រង់ “ល្អ ទ្រង់ជាទីពឹងមាំមួននៅគ្រាលំបាក ក៏ស្គាល់អស់អ្នកដែលយកទ្រង់ ជាទីពឹងផ្អែក”(ខ.៧)។—Amy Boucher Pye