កាលដែលយើងនៅទីក្រុងឡុងដ៍ មិត្តភក្ដិរបស់យើងម្នាក់បានរៀបចំឲ្យខ្ញុំ និងម៉ាលីន ភរិយារបស់ខ្ញុំទៅទស្សនាសួនអាកាស។ សួនអាកាសនោះស្ថិតនៅជាន់លើបំផុត នៃអគារកម្ពស់៣៥ជាន់ នៅសង្កាត់ពាណិជ្ជកម្មនៃទីក្រុងឡុង។ គេបានដាំរុក្ខជាតិតូចៗ និងដើមឈើ ព្រមទាំងផ្កាស្រស់បំព្រង នៅក្នុងសួនច្បារនោះ ដែលមានកញ្ចក់ហុមព័ទ្ធជុំវិញ។ ប៉ុន្តែ អ្វីដែលយើងចាប់អារម្មណ៍បំផុតនោះ គឺយើងអាចគយគន់ពីខាងលើអគារ ដែលមានកម្ពស់១៥២ ម៉ែត្រ ដោយស្ងើចសរសើរ ព្រះវិហារធំសន្តប៉ុល ព្រមទាំងប៉មទីក្រុងឡុងដ៍ និងអ្វីៗជាច្រើនទៀត។ ទេសភាពនៃរាជធានីទាំងមូល ពិតជាគួរឲ្យពិចពិលរមិលមើលណាស់ ហើយបានធ្វើឲ្យខ្ញុំនឹកចាំ អំពីការដែលព្រះទ្រង់ទតមើលមកយើងរាល់គ្នា។
ព្រះនៃយើងទ្រង់ទតឃើញការទាំងអស់ ដែលយើងជួបប្រទះ។ គឺដូចដែលអ្នកនិពន្ធព្រះគម្ពីរទំនុកដំកើង បានថ្លែងថា “ដ្បិតទ្រង់បានក្រឡេកទតពីជាន់ខ្ពស់នៃទីបរិសុទ្ធទ្រង់ គឺព្រះយេហូវ៉ាបានទតពីស្ថានសួគ៌មក ពិចារណាមើលផែនដី ដើម្បីនឹងស្តាប់ដំងូររបស់ពួកឈ្លើយ ហើយនឹងស្រាយលែងអស់អ្នក ដែលបានតម្រូវឲ្យត្រូវស្លាប់” (ទំនុកដំកើង ១០២:១៩-២០)។
ជារឿយៗ យើងរាល់គ្នាជាប់ខ្លួន ក្នុងពេលបច្ចុប្បន្នកាល ដែលពេញទៅដោយការពិបាក ធ្វើឲ្យយើងមាន “ដំងូរ” ដោយភាពអស់សង្ឃឹម គឺមិនខុសពីមនុស្ស ដែលកំពុងឈឺចាប់ ដែលមានចែងក្នុងបទគម្ពីរ ទំនុកដំកើង ជំពូក ១០២ ប៉ុន្មានទេ។ ប៉ុន្តែ ព្រះទ្រង់ទតឃើញ និងជ្រាប អំពីជីវិតរបស់យើង តាំងពីដើម រហូតដល់ចប់។ មានបញ្ហាខ្លះធ្វើឲ្យយើងងងឹតរកមើលអ្វីមិនយល់ តែព្រះទ្រង់នៅតែយល់អារម្មណ៍របស់យើងជានិច្ច។ អ្នកនិពន្ធបទគម្ពីរទំនុកដំកើងជឿជាក់ថា ដោយសារព្រះទ្រង់ទតឃើញយើងគ្មានកន្លែងចន្លោះ នោះទ្រង់នឹងជួយសង្រ្គោះយើង ឲ្យរួចពី “សេចក្តីស្លាប់” ផង (ខ.២០,២៧-២៨)។
ពេលណាយើងជួបការពិបាក យើងប្រហែលមិនដឹងថា មានអ្វីកើតឡើងបន្ទាប់ទៀត ប៉ុន្តែ ចូរយើងចាំថា ព្រះអម្ចាស់ទ្រង់ជ្រាបទាំងអស់។ យើងអាចទុកចិត្តទ្រង់ ក្នុងគ្រប់កាលៈទេសៈទាំងអស់ ដែលនៅខាងមុខយើង។—Bill Crowder