ជា​ញឹក​ញាប់ យើង​ច្រើន​តែ​ស្ដាប់​ឮ​គេ​និយាយ​ថា សុភ​មង្គល​កើត​មក​ពី​ការ​ធ្វើ​អ្វី​មួយ តាម​ចិត្ត​របស់​យើង។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ទស្សនៈ​នេះ​មិន​ត្រឹម​ត្រូវ​ទេ។ ទស្សនៈ​នេះ​នាំ​មក​នូវ​ ភាព​គ្មាន​ន័យ ភាព​ថប់​បារម្ភ និង​ការ​ឈឺ​ក្បាល។

កវី​កំណាព្យ​ឈ្មោះ ដាប់បិលយូ អេចហ៍ អូដិន (W. H. Auden) បាន​សង្កេត​ឃើញ​ថា ​មនុស្ស​បាន​ព្យាយាម​រក​វិធី​គេច​ចេញ​ពី​បញ្ហា ដោយ​ប្រើ​ការ​សប្បាយ។​ គាត់​បាន​សរសេរ ក្នុង​បទ​កំណាព្យ​របស់​គាត់​ថា ​“អ្នក​ទាំង​នោះ មិន​ខុស​ពី​មនុស្ស​ដែល​វង្វេង​ នៅ​ក្នុង​ព្រៃ​ខ្មោច​លង  ក្មេង​ៗ​ដែល​ខ្លាច​ងងឹត​នៅ​ពេល​យប់ មនុស្ស​ដែល​មិន​ធ្លាប់​មាន​អំណរ ឬ​មិន​ធ្លាប់​ធ្វើ​ជា​មនុស្ស​ល្អ”។ ​

យ៉ាង​ណា​មិញ ស្ដេច​ដាវីឌ​ដែល​ជា​អ្នក​និពន្ធ​បទ​គម្ពីរ​ទំនុក​ដំកើង បាន​ថ្លែង​អំពី ដំណោះ​ស្រាយ សម្រាប់​ការ​ភ័យ​ខ្លាច និង​ការ​ខ្វះ​ក្តី​អំណរ ដែល​យើង​មាន​ក្នុង​ជីវិត។ គឺ​ដូច​ដែល​មាន​សេចក្តី​ចែង​ថា​ “ខ្ញុំ​បាន​ស្វែង​រក​ព្រះ​យេហូវ៉ា ហើយ​ទ្រង់​ក៏​ឆ្លើយ​តប​មក​ខ្ញុំ ក៏​ប្រោស​ឲ្យ​ខ្ញុំ​ រួច​ពី​អស់​ទាំង​សេចក្តី​ភិត​ភ័យ​របស់​ខ្ញុំ” (ទំនុក​ដំកើង​ ៣៤:៤)។ សុភ​មង្គល គឺ​បាន​មក​ពី​ការ​ដែល​បាន​ប្រព្រឹត្ត​ តាម​ព្រះ​ហឫ​ទ័យ ឬ​ផ្លូវ​របស់​ព្រះ។ នេះ​គឺ​ជា​ការពិត ដែល​យើង​អាច​សង្កេត​មើល​ជា​រៀង​រាល់​ថ្ងៃ។ ស្ដេច​ដាវីឌ​បាន​ថ្លែង​ទៀត​ថា “អ្នក​ណា​ដែល​ពឹង​ដល់​ទ្រង់ នោះ​ក៏​មាន​សេចក្តី​អំណរ​ដ៏​ព្រោង​ព្រាយ”(ខ.៥)។ ចូរ​សាក​ល្បង​ខ្លួន​ឯង​ចុះ នោះ​អ្នក​នឹង​បាន​ដឹង​ការ​ពិត​មិន​ខាន។ គឺ​ដូច​ដែល​ស្ដេច​ដាវីឌ បាន​មាន​បន្ទូល​ថា “ឱ​សូម​ភ្លក់​មើល​ឲ្យ​ដឹង​ថា ព្រះយេហូវ៉ា​ទ្រង់​ល្អ​ចុះ” (ខ.៨)។

មនុស្ស​យើង​ចូល​ចិត្ត​និយាយ​ថា “ទាល់​តែ​បាន​មើល​ឃើញ​ផ្ទាល់​ភ្នែក ទើប​ពួក​គេ​ព្រម​ជឿ​”។ នោះ​ជា​របៀប​ដែល​យើង​យល់​ដឹង ឬ​ស្គាល់​អ្វី​ដែល​មានក្នុង​លោកិយ​នេះ។ អ្នក​ខ្លះ​និយាយ​ថា ចូរ​បង្ហាញ​ភស្តុតាង​ឲ្យ​ខ្ញុំ​បាន​ឃើញ​ ជា​មុន​សិន ទើប​ខ្ញុំ​ជឿ​អ្នក។ តែ​ព្រះ​ទ្រង់​បាន​ឲ្យ​យើង​មាន​ទស្សនៈ​ផ្ទុយ​ពី​នេះ។ ចូរ​ជឿជា​មុន​សិន នោះ​អ្នក​នឹង​បាន​ឃើញ​ជា​ក្រោយ។ “ចូរ​ភ្លក់​សិន​ចុះ នោះ​អ្នក​នឹង​បាន​ដឹង”។

ចូរ​ជឿ​ព្រះ​បន្ទូល​គ្រប់​ពាក្យ របស់​ព្រះ​អម្ចាស់។ ចូរ​ធ្វើ​អ្វី​ដែល​ទ្រង់​ប្រាប់​ឲ្យ​អ្នក​ធ្វើ​ចុះ នោះ​អ្នក​នឹង​បាន​ឃើញ​លទ្ធផល​។ ​​ទ្រង់​នឹង​ប្រទាន​ព្រះ​គុណ​ដល់​អ្នក ដើម្បី​ឲ្យ​អាច​ធ្វើ​រឿង​ដែល​ត្រឹម​ត្រូវ ហើយ​ធ្វើ​បាន​កាន់​តែ​ច្រើន​ថែម​ទៀត​។ ទ្រង់​សព្វ​ព្រះ​ទ័យ​នឹង​គង់​នៅ​ក្នុង​អ្នក ព្រោះ​ទ្រង់​គឺ​ជា​ប្រភព​នៃ​ការ​ល្អ​គ្រប់​ជំពូក ហើយ​ព្រះ​វត្ត​មាន​ទ្រង់ ក្នុង​ជីវិត​អ្នក នាំ​មក​នូវ​សុភមង្គល​អស់​កល្ប​ជា​និច្ច។ —David H. Roper