ពេល​ដែល​ខ្ញុំ​មើល​ទៅ​អាសនា ពី​កន្លែង​ខ្ញុំ​ឈរ​អធិស្ឋាន​ ក្នុង​ពិធី​បុណ្យ​សព​ ខ្ញុំ​ក៏​បាន​ឃើញ​ស្លាក​ធ្វើ​ពី​ស្ពាន់ ដែល​គេ​បាន​ឆ្លាក់​បទ​គម្ពីរ យ៉ូហាន ១២:២១ ពី​លើ​ថា “លោក​ម្ចាស់ យើង​ខ្ញុំ​ចង់​ឃើញ​ព្រះ​យេស៊ូវ”។ ពេល​នោះ ខ្ញុំ​នឹក​គិត​ក្នុង​ចិត្ត​ថា បទ​គម្ពីរ​នេះ គឺ​សក្កិ​សម​នឹង​ឲ្យ​យើង​ពិចារណា អំពី​ការ​ដែល​យើង​មើល​ឃើញ​ព្រះ​យេស៊ូវ នៅ​ក្នុង​ជីវិត​របស់​ស្រ្តី​ម្នាក់ ដែល​យើង​កំពុង​តែ​ប្រារព្ធ​ពិធី​បុណ្យ​សព​ជូន​គាត់ ដោយ​ទឹក​ភ្នែក និង​ស្នាម​ញញឹម។ ​នាង​ជួប​ប្រទះ​នឹង​បញ្ហា ដែល​ត្រូវ​ប្រឈម​មុខ ព្រម​ទាំង​ការ​ខក​ចិត្ត​ជា​ច្រើន កាល​នាង​នៅ​រស់ តែទោះ​ជា​យ៉ាង​ណា​ក៏ដោយ ​នាង​នៅ​តែ​មិន​បោះ​បង់​សេចក្តី​ជំនឿ​ ដែល​នាង​មាន ចំពោះ​ព្រះ​គ្រីស្ទ​ឡើយ។ ​​ហើយ​យើង​អាច​មើល​ឃើញ​ព្រះ​យេស៊ូវ នៅ​ក្នុង​ជីវិត​គាត់ គឺ​ដោយ​ព្រោះ​តែ​ព្រះវិញ្ញាណ​នៃ​ព្រះ ដែល​ទ្រង់​គង់​នៅ​ក្នុង​នាង។

ព្រះ​គម្ពីរ​ដំណឹងល្អ​ ​យ៉ូហាន បាន​រៀប​រាប់ ​អំពី​ព្រឹត្តិ​ការណ៍ បន្ទាប់​ពី​ព្រះយេស៊ូវ​យាង​ចូល​ទីក្រុង​យេរូសាឡិម ដោយ​គង់​លើ​ខ្នង​សត្វ​លា (យ៉ូហាន ១២:១២-១៦)។ ពេល​នោះ​មាន​សាសន៍​ក្រេក​ខ្លះ​ បាន​មក​ឯ​ភីលីព ដែល​ជា​សាវ័ក​ម្នាក់​របស់​ព្រះ​យេស៊ូវ សួរ​គាត់​ថា “លោក​ម្ចាស់​ . . . យើង​ខ្ញុំ​ចង់​ឃើញ​ព្រះយេស៊ូវ” (ខ.២១)។ ពួក​គេ​ទំនង​ជា​មាន​បំណង​ចង់​ដឹង អំពី​ការ​ប្រោស​ជំងឺ និង​ការ​អស្ចារ្យ​ ដែល​ព្រះយេស៊ូវ​បាន​ធ្វើ ប៉ុន្តែ ពួកគេ​មិន​មែន​ជា​សាសន៍​យូដា បាន​ជា​ពួក​គេ​មិន​មាន​សិទ្ធិ​ចូល​ទៅ​ ទីលាន​ខាង​ក្នុង​នៃ​ព្រះវិហារ។ នៅ​ពេល​ដែល​ការ​ស្នើរ​សូម​របស់​ពួក​គេ បាន​ឮ​ដល់​ព្រះយេស៊ូវ ​ទ្រង់​ក៏​បាន​ថ្លែង​ថា ពេល​វេលា​ដែល​ទ្រង់​ត្រូវ​ដំកើង​ឡើង បាន​មក​ដល់​ហើយ (ខ.២៣)​។ ទ្រង់​មាន​បន្ទូល​ដូច្នោះ ព្រោះ​ទ្រង់​ចង់​បើក​បង្ហាញ​ថា ទ្រង់​នឹង​ត្រូវ​សុគត​ ជំនួស​អំពើ​បាប នៃ​មនុស្ស​ជាច្រើន។ ទ្រង់​នឹង​សម្រេច​បេសកកម្ម​របស់​ទ្រង់ ដែល​នឹង​ជួយ​សង្រ្គោះ មិនមែន​តែ​សាសន៍​យូដា​ប៉ុណ្ណោះ តែ​គឺ​ដល់​សាសន៍​ដទៃ​ទាំង​ប៉ុន្មាន​ផង​ដែរ (ដូចជា ​“សាសន៍​ក្រេក” ខ.២០) ហើយ​ពួក​គេ​នឹង​បាន​ឃើញ​ព្រះ​យេស៊ូវ។

បន្ទាប់​ពី​ព្រះ​យេស៊ូវ​បាន​មានព្រះ​ជន្ម​រស់​ពី​សុគត​ឡើង​វិញ ទ្រង់​បាន​ចាត់​ព្រះ​វិញ្ញាណ​បរិសុទ្ធ មក​សណ្ឋិត​នៅ​ក្នុង​ពួក​អ្នកដើរ​តាមទ្រង់​ទាំង​អស់(យ៉ូហាន ១៤:១៦-១៧)។ ដូច្នេះ កាល​ណា​យើង​រាល់​គ្នា​ស្រឡាញ់ ហើយ​បម្រើ​ព្រះ​យេស៊ូវ យើង​នឹង​កត់​សំគាល់​ឃើញ ទ្រង់​កំពុង​ធ្វើការ​ នៅ​ក្នុង​ជីវិត​របស់​យើង​ផ្ទាល់​។ ហើយ ដែល​ពិសេស​ជាង​នេះ​ទៀត​នោះ ​អស់​អ្នក​ដែល​នៅ​ជុំវិញ​យើង គេ​ក៏​អាច​មើល​ឃើញ​ព្រះ​យេស៊ូវ​ផង​ដែរ! —Amy Boucher Pye