មាន​ពេល​មួយ ពួក​ជំនុំ​របស់​ខ្ញុំ​បាន​ធ្វើ​ការ​រំឭក អំពី​ការ​គ្រប់​យ៉ាង ដែល​ព្រះ​ទ្រង់​បាន​ធ្វើ​កន្លង​មក ក្នុង​ប្រវត្តិ​នៃ​ពួក​ជំនុំ​របស់​ យើង។ បន្ទាប់​មក ​ក្រុម​អ្នក​ដឹកនាំ​បាន​ធ្វើ​បទ​បង្ហាញ ទៅ​កាន់​សមាជិក​ពួក​ជំនុំ​ទាំង​មូល នូវ​សំណើរ​សុំ ឲ្យ​មាន​ការ​សាង​សង់​ក្លឹប​ហាត់​ប្រាណ​ថ្មី​មួយ ដើម្បី​ជួយ​ឲ្យ​យើង​អាច​បម្រើ​ដល់​សហគមន៍​ បាន​កាន់​តែ​ប្រសើរ​ឡើង។ ក្រុម​អ្នក​ដឹកនាំ​ក៏​បាន​ប្រកាស​ថា ពួក​គេ​នឹង​ធ្វើ​ការ​សន្យា​ជាលាយ​លក្ខណ៍​អក្សរ​មុន​គេ ថានឹង​ដាក់​ដង្វាយ​ឧបត្ថម្ភ សម្រាប់​ការ​សាង​សង់​នេះ។ ដំបូង​ឡើយ ខ្ញុំ​បាន​អធិស្ឋាន​ទាំង​ចិត្ត​រារែក ដោយ​ភាព​អាត្មា​និយម​ ព្រោះ​មិន​ចង់​ថ្វាយ​ប្រាក់​ លើស​ពី​ចំនួន​ដែល​យើង​បាន​ប្ដេជ្ញា​ចិត្ត​ថ្វាយ​រួច ហើយ។ ប៉ុន្តែ ខ្ញុំ​និង​ស្វាមី​របស់​ខ្ញុំក៏​បាន​ព្រម​ចិត្ត​គ្នា អធិស្ឋាន​សម្រាប់​ដំណើរ​ការ​សាង​សង់​នោះ។​ ខណៈ​ពេល​ដែល​យើង​កំពុង​គិត​ អំពី​ការ​ទាំង​អស់​ ដែល​ព្រះ​នៅ​តែ​បន្ត​ផ្គត់​ផ្គង់​ ដល់​យើង​ ទី​បំផុត យើង​ក៏​បាន​សម្រេច​ចិត្ត​​ បន្ថែម​ការ​ថ្វាយ​ដង្វាយ ប្រចាំ​ខែ។ ជា​លទ្ធ​ផល​ ​ដង្វាយ​សរុប​ដែល​បាន​មកពី​គ្រប់​ក្រុម​គ្រួសារ​ នៃ​ព្រះ​វិហារ​របស់​យើង មាន​ចំនួន​គ្រប់គ្រាន់​ ដើម្បី​ចំណាយ​ទៅ​លើ​ការ​សាងសង់​អគារ​រួច​រាល់​ទាំង​ស្រុង។

យើង​ក៏​បាន​អរ​ព្រះ​គុណ​ដល់​ព្រះ​ជា​ម្ចាស់ សម្រាប់​ការ​ដែល​ទ្រង់​បាន​ប្រើ​ប្រាស់​ក្លឹប​ហាត់​ប្រាណ​នោះ តាម​មធ្យោ​បាយ​ជា​ច្រើន ដើម្បី​ធ្វើ​ពិធី​សម្រាប់​សហគមន៍ ចាប់​តាំង​ពី​ពួក​យើង​បាន​សម្ភោធ​បើក​ឲ្យ​ប្រើ​ប្រាស់​មក។ ការ​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ឃើញ​ស្ដេច​ដាវីឌ ដែល​ជា​អ្នក​ថ្វាយ​ដ៏​សទ្ធា​ម្នាក់​ទៀត។ ទោះ​បី​ជា​ព្រះ​អម្ចាស់​មិន​បាន​ជ្រើស​រើស​ស្ដេច​ដាវីឌ ឲ្យ​ស្អាង​ព្រះវិហារ​ថ្វាយ​ព្រះ​អង្គ​ក៏​ដោយ ក៏​ទ្រង់​នៅ​តែ​បាន​ថ្វាយ​គ្រប់​អស់​ទាំង​ធន​ធានដែល​ទ្រង់​មាន សម្រាប់​គម្រោង​សាង​សង់​នោះ(១របាក្សត្រ ២៩:១-៥)។ ពួក​មន្រ្តី​ថ្នាក់​ក្រោម​របស់​ទ្រង់ ក៏​បាន​ថ្វាយ​ដង្វាយ យ៉ាង​សប្បុរស​ផង​ដែរ(ខ.៦-​៩)។ ស្ដេច​ដាវីឌ​ជ្រាប​ថា គ្រប់​របស់​ទាំង​អស់​ដែល​ទ្រង់ និង​ពួក​គេ​បាន​ថ្វាយ គឺ​សុទ្ធ​តែ​ជា​ព្រះពរ​ដែល​ព្រះ​ទ្រង់​បាន​ប្រទាន គឺ​ព្រះ​ដ៏​ជា​ព្រះ​អាទិករ​ ព្រះ​ដ៏​ជួយទំនុក​បម្រុង និង​ជាម្ចាស់​លើ​របស់​ទាំង​អស់(ខ.១០-១៦)។​

កាល​ណា​យើង​ទទួល​ស្គាល់​ថា ព្រះ​ទ្រង់​គឺ​ជា​ម្ចាស់​លើ​ទាំង​អស់ យើង​អាច​ប្ដេជ្ញា​ចិត្ត​ថ្វាយ ដោយ​សទ្ធា និង​ស្មោះត្រង់ ដើម្បី​ជា​ប្រយោជន៍​ដល់​អ្នក​ដទៃ។ ហើយ​យើង​ក៏​អាច​ទុក​ចិត្ត​ថា ព្រះ​ទ្រង់​តែង​តែ​ជួយ​ផ្គត់​​ផ្គង់​ជា​និច្ច​ ហើយ​ជឿ​ថា ​ព្រះ​អង្គ​ក៏​អាច​នឹង​ប្រើ​ប្រាស់​ភាព​សប្បុរស​របស់​អ្នក​ដទៃ ដើម្បី​ជួយ​យើង ក្នុង​ពេល​ដែល​យើង​ត្រូវការ​ផង​ដែរ។ —Xochitl Dixon