នៅ​ឯ​កិច្ច​ពិភាក្សា​តុ​មូល​មួយ ស្ដី​ពី​ការ​ផ្សះ​ផ្សា មាន​អ្នក​ចូល​រួម​ម្នាក់​បាន​ថ្លែង​យ៉ាង​ឈ្លាស​វៃ​ថា “ចូរ​កុំ​ធ្វើ​ឲ្យ​មនុស្ស​ ជាប់​នៅ​ក្នុង​ពេល​អតីត​កាល​ឡើយ”។ គាត់​បាន​សង្កេត​ឃើញ​ថា ជា​ទូទៅ​ មនុស្ស​យើង​ច្រើន​តែ​នឹក​ចាំ​អំពី​កំហុស​របស់​គេ ហើយ​មិន​ចង់​ផ្ដល់​ឱកាស​ ឲ្យ​គេ​កែ​ប្រែ​ទេ។

​មាន​ពេល​ជា​ច្រើន​ដង នៅ​ក្នុង​ដំណើរ​ជីវិត​របស់​សាវ័ក​ពេត្រុស ព្រះ​ទ្រង់​អាច​ “​បង្កក” គាត់​ ឲ្យ​ជាប់​ក្នុង​កំហុស ​នៅ​ពេល​អតីត​កាល។ ប៉ុន្តែ ទ្រង់​មិន​ដែល​បង្កក​គាត់​ម្ដង​ណា​ឡើយ។ មាន​ពេល​មួយ លោក​ពេត្រុស​ ដែល​ជា​សាវ័ក​ដ៏​ឆេះ​ឆួល ធ្លាប់​បាន ប្រាប់​ព្រះយេស៊ូវ​ឲ្យ​ធ្វើ​ខុស​នឹង​ព្រះ​បន្ទូល​ទ្រង់ ហើយ​ក៏​ត្រូវ​ទ្រង់​​ស្ដី​បន្ទោស​ឲ្យ(ម៉ា​ថាយ ១៦:២១-២៣)។ ក្រោយ​មក លោក​ពេត្រុស​ក៏​បាន​បដិសេធ​ថា​ មិន​ស្គាល់​ព្រះ​គ្រីស្ទ​(យ៉ូហាន ១៨:១៥-២៧) រួច​ព្រះ​អម្ចាស់​ក៏​បាន​ស្អាង​គាត់​ឡើង​វិញ(២១:១៥-១៩)។ ហើយ​គាត់​ក៏​ធ្លាប់​បាន រួម​ចំណែក​នៅ​ក្នុង​ការ​បែង​ចែក​ជាតិ​សាសន៍ ក្នុង​ពួក​ជំនុំ​ផង​ដែរ។

បញ្ហា​នេះ​បាន​កើត​មាន​ឡើង នៅពេល​ដែល​លោក​ពេត្រុស (ឬ​ហៅ​ថា កេផាស) បាន​ដក​ខ្លួន​ចេញ​ពី​ពួក​សាសន៍​ដទៃ (កាឡាទី ២:១១-១២)។ ​មុន​នោះ​បន្តិច គាត់​មាន​ទំនាក់​ទំនង​ជា​មួយ​ពួក​សាសន៍​ដទៃ ជា​ធម្មតា។ ប៉ុន្តែ ​ពួក​សាសន៍​យូដា​ខ្លះ​បាន​មក​ទទូច​ ឲ្យ​មាន​ការ​កាត់​ស្បែក​ជា​ចាំបាច់​ សម្រាប់​ពួក​អ្នក​ជឿ​ដល់​ព្រះ​គ្រីស្ទ។ ហេតុ​នេះ​ហើយ លោក​ពេត្រុស​ក៏​បាន​គេច​ចេញ​ពី​ពួក​សាសន៍​ដទៃ ដែល​មិន​បាន​កាត់​ស្បែក​។ ទង្វើ​នេះ​បាន​បង្ហាញ​ឲ្យ​ឃើញ​ការ​វិល​ត្រឡប់​ដ៏​គ្រោះ​ថ្នាក់ ទៅ​រក​ក្រឹត្យ​វិន័យ​របស់​លោក​ម៉ូសេ។​ សាវ័ក​ប៉ុល​ក៏​បាន​ហៅ​អាកប្ប​កិរិយា​របស់​ពេត្រុស​ថា “ទង្វើ​មាន​ពុត” (ខ.១៣)។​

ដោយ​ព្រោះ​តែ​ភាព​ក្លាហាន​របស់​លោក​ប៉ុល នៅ​ក្នុង​ការ​កែ​តម្រង់​លោក​ពេត្រុស ​បញ្ហា​នោះ​ក៏​បាន​ដោះ​ស្រាយ។ លោក​ពេត្រុស​ក៏​បន្ត​ធ្វើ​ការ​ងារ​បម្រើ​ព្រះ ដោយ​វិញ្ញាណ​នៃ​ការ​រួបរួម​គ្នា តាម​ដែល​ព្រះទ្រង់សព្វ​ព្រះហឫទ័យ​ឲ្យ​យើងមាន។​

យើង​មិន​ត្រូវ​ឲ្យ​នរណា​ម្នាក់ នៅ​ជាប់​កក ក្នុង​កំហុស​ដ៏​អាក្រក់​បំផុត ក្នុង​អតីត​កាល​នោះ​ឡើយ។ ដោយ​សារ​ព្រះ​គុណ​នៃ​ព្រះ នោះ​យើង​អាច​រួប​រួម​គ្នា ហើយ​រៀន​សូត្រ​ពី​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​កម្សាន្ត​ចិត្ត​គ្នា តាម​ដែល​ចាំ​បាច់ ព្រម​ទាំង​រីក​ចម្រើន​ឡើង​ជា​មួយ​គ្នា នៅ​ក្នុង​សេចក្តី​ស្រឡាញ់​របស់​ទ្រង់។—Tim Gustafson