មិត្តភក្តិរបស់ខ្ញុំម្នាក់ ដែលជាជនជាតិតង់ហ្សានី មានចក្ខុវិស័យចង់កែប្រែដីមួយកន្លែង ដែលគេបានទុកចោល នៅក្នុងទីក្រុងដូដូម៉ា។ ដោយសារគាត់មើលឃើញតម្រូវការរបស់ស្ដ្រីមេម៉ាយមួយចំនួន ក្នុងតំបន់នោះ អ្នកស្រីរស់(Ruth) ចង់ប្រែក្លាយដីប៉ុន្មានហិចតានេះ ទៅជាកន្លែងចិញ្ចឹមមាន់ និងដាំដំណាំផ្សេងៗ។ ការដែលគាត់មានចក្ខុវិស័យ ក្នុងការបំពេញតម្រូវការរបស់អ្នកដែលខ្វះខាត មានឫសគល់នៅក្នុងសេចក្តីស្រឡាញ់ ដែលគាត់មានចំពោះព្រះជាម្ចាស់ ហើយនាងបានទទួលការបណ្ដាលចិត្ត មកពីតួអង្គនាងរស់ នៅក្នុងព្រះគម្ពីរ។
នៅគ្រាសញ្ញាចាស់ ក្រឹត្យវិន័យរបស់ព្រះជាម្ចាស់ បានអនុញ្ញាតឲ្យជនក្រីក្រ ឬជនបរទេសច្រូត ឬរើសកួរស្រូវ នៅកៀនស្រែ(លេវីវិន័យ ១៩:៩-១០)។ នាងរស់(នៅក្នុងព្រះគម្ពីរ) គឺជាជនបរទេស ហើយត្រូវបានអនុញ្ញាតឲ្យ រើសកួរស្រូវធ្វើជាអាហារ សម្រាប់នាង និងម្ដាយក្មេករបស់នាង។ ទីបំផុត នាងរស់ និងនាងណាអូមីក៏បានទទួលបានជម្រក និងការការពារដ៏ល្អ បន្ទាប់ពីបានរើសកួរស្រូវ ក្នុងស្រែរបស់លោកបូអូស ដែលជាបងប្អូនសាច់ជិត។ នាងរស់បានប្រើភាពវៃឆ្លាត និងខំប្រឹងប្រែងធ្វើការ នៅពេលថ្ងៃ ដោយខំរើសសន្សំទុកស្បៀងអាហារ នៅកៀនស្រែមក ហើយព្រះជាម្ចាស់ក៏បានប្រទានពរដល់នាង។
ទឹកចិត្តស្រឡាញ់របស់នាងរស់ ដែលជាមិត្តភក្តិរបស់ខ្ញុំ និងការលះបង់របស់នាងរស់ ដែលជាតួអង្គក្នុងព្រះគម្ពីរ នាំឲ្យខ្ញុំអរព្រះគុណដល់ព្រះជាម្ចាស់ សម្រាប់ការដែលទ្រង់ថែរក្សាជនក្រីក្រ និងអ្នកទន់ខ្សោយ។ អ្នកទាំងពីរសុទ្ធតែបានបណ្តាលចិត្តខ្ញុំ ឲ្យខ្ញុំរកវិធីជួយអ្នកដទៃ ក្នុងសហគមន៍របស់ខ្ញុំ ហើយជួយឲ្យបានទូលំទូលាយថែមទៀត ដើម្បីសំដែងការអរព្រះគុណរបស់ខ្ញុំ ចំពោះព្រះដែលប្រទានពរ។ តើអ្នកផ្សាយសេចក្ដីមេត្តាករុណារបស់ទ្រង់ ដល់អ្នកដទៃ ដោយរបៀបណាខ្លះ ដែលជាការថ្វាយបង្គំដល់ទ្រង់? -AMY BOUCHER PYE