មិត្ត​ភក្តិ​របស់​ខ្ញុំ​ម្នាក់ ដែល​ជា​ជន​ជាតិ​តង់ហ្សានី មាន​ចក្ខុ​វិស័យ​ចង់​កែ​ប្រែ​ដី​មួយ​កន្លែង ដែល​គេ​បាន​ទុក​ចោល នៅ​ក្នុង​ទីក្រុង​ដូដូម៉ា។ ដោយសារ​គាត់​មើល​ឃើញ​តម្រូវ​ការ​របស់​ស្ដ្រី​មេម៉ាយ​មួយ​ចំនួន ក្នុង​តំបន់​នោះ អ្នក​ស្រី​រស់(Ruth) ចង់​ប្រែ​ក្លាយ​ដីប៉ុន្មាន​ហិចតា​នេះ ទៅ​ជា​កន្លែង​ចិញ្ចឹម​មាន់ និង​ដាំ​ដំណាំ​ផ្សេង​ៗ។ ការ​ដែល​គាត់​មាន​ចក្ខុ​វិស័យ ក្នុង​ការ​បំពេញ​តម្រូវ​ការ​របស់​អ្នក​ដែល​ខ្វះ​ខាត មាន​ឫស​គល់​នៅ​ក្នុង​សេចក្តី​ស្រឡាញ់ ដែល​គាត់​មាន​ចំពោះ​ព្រះ​ជា​ម្ចាស់ ហើយ​នាង​បាន​ទទួល​ការ​បណ្ដាល​ចិត្ត​ មក​ពី​តួ​អង្គ​នាង​រស់ នៅ​ក្នុង​ព្រះ​គម្ពីរ។

នៅ​គ្រា​សញ្ញា​ចាស់ ក្រឹត្យ​វិន័យ​របស់​ព្រះជាម្ចាស់ បាន​អនុញ្ញាត​ឲ្យ​ជន​ក្រីក្រ ឬ​ជន​បរទេស​ច្រូត ឬ​រើស​កួរ​ស្រូវ នៅ​កៀនស្រែ​(លេវីវិន័យ ១៩:៩-១០)។ នាង​រស់(នៅ​ក្នុង​ព្រះ​គម្ពីរ) គឺ​ជា​ជន​បរទេស ហើយ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ រើស​កួរ​ស្រូវ​ធ្វើ​ជា​អាហារ សម្រាប់នាង និង​ម្ដាយ​ក្មេក​របស់​នាង។ ទី​បំផុត នាង​រស់ និង​នាង​ណាអូមី​ក៏​បាន​ទទួល​បាន​ជម្រក និង​ការ​ការពារ​ដ៏​ល្អ បន្ទាប់​ពី​បាន​រើស​កួរ​ស្រូវ ក្នុង​ស្រែ​របស់​លោក​បូអូស ដែល​ជា​បងប្អូន​សាច់​ជិត។ នាង​រស់​បាន​ប្រើ​ភាព​វៃ​ឆ្លាត និង​ខំ​ប្រឹង​ប្រែង​ធ្វើ​ការ នៅ​ពេល​ថ្ងៃ ដោយ​ខំ​រើស​សន្សំ​ទុក​ស្បៀង​អាហារ នៅ​កៀន​ស្រែ​មក ហើយ​ព្រះ​ជា​ម្ចាស់​ក៏​បាន​ប្រទាន​ពរ​ដល់​នាង។

ទឹក​ចិត្ត​ស្រឡាញ់​របស់​នាង​រស់ ដែល​ជា​មិត្តភក្តិ​របស់​ខ្ញុំ និង​ការ​លះ​បង់​របស់​នាង​រស់ ដែល​ជា​តួ​អង្គ​ក្នុង​ព្រះ​គម្ពីរ នាំ​ឲ្យ​ខ្ញុំអរ​ព្រះ​គុណ​ដល់​ព្រះ​ជា​ម្ចាស់ សម្រាប់​ការ​ដែល​ទ្រង់​ថែរក្សា​ជន​ក្រីក្រ និង​អ្នក​ទន់​ខ្សោយ​។ អ្នក​ទាំង​ពីរ​សុទ្ធ​តែ​បាន​បណ្តាល​ចិត្ត​ខ្ញុំ ឲ្យ​ខ្ញុំ​រក​វិធី​ជួយ​អ្នក​ដទៃ ក្នុង​សហគមន៍​របស់​ខ្ញុំ ហើយ​ជួយ​ឲ្យ​បាន​ទូ​លំទូលាយ​ថែម​ទៀត ដើម្បី​សំដែង​ការ​អរ​ព្រះ​គុណ​របស់​ខ្ញុំ ចំពោះ​ព្រះ​ដែល​ប្រទាន​ពរ​។ តើ​អ្នក​ផ្សាយ​សេចក្ដី​មេត្តា​ករុណា​របស់​ទ្រង់ ដល់​អ្នក​ដទៃ ដោយ​របៀប​ណា​ខ្លះ ដែល​ជា​ការ​ថ្វាយ​បង្គំ​ដល់​ទ្រង់? -AMY BOUCHER PYE