ថ្ងៃ​មួយ នៅ​ពេល​ខ្ញុំ​ត្រឡប់​មក​ពី​ធ្វើ​ការ​វិញ ខ្ញុំ​បាន​ឃើញ​ស្បែក​ជើង​កែង​មួយ​គូរ នៅ​ក្បែរ​ផ្លូវ​ឡាន។ ខ្ញុំ​គិត​ថា ខ្ញុំ​ដឹង​ច្បាស់ថា ស្បែក​ជើង​នោះ ជា​របស់​នរណា។ ដូច្នេះ ខ្ញុំ​ក៏​បាន​ដាក់​វា នៅ​ក្នុង​រោង​ដាក់​ឡាន ទុក​ឲ្យ​លីសា កូន​ស្រី​របស់​ខ្ញុំ ពេល​ដែល​នាង​ត្រឡប់​មក​ផ្ទះ ដើម្បី​មក​ទទួល​កូន​របស់​នាង។ ប៉ុន្តែ នៅ​ពេល​ខ្ញុំ​សួរ​លីសា ខ្ញុំ​ក៏​បាន​ដឹង​ថា វា​មិន​មែន​ជា​របស់​នាង​ទេ។ តាម​ការ​ពិត នៅ​ក្នុង​គ្រួសារ​របស់​យើង គ្មាន​នរណា​ម្នាក់ ថា​ស្បែក​ជើង​នោះ ជា​របស់​ខ្លួន​ទេ ដូច្នេះ ខ្ញុំ​ក៏​យក​វា ទៅ​ទុក​នៅ​កន្លែង​ដើម​វិញ។ នៅថ្ងៃ​បន្ទាប់ ស្បែក​ជើង​នោះ ក៏​បាន​បាត់​ទៅ។ នេះ​ជា​រឿង​ដ៏​អាថ៌​កំបាំង!

តើ​អ្នក​ដឹង​ទេ​ថា សាវ័ក​ប៉ុល​បាន​និយាយ​អំពី​ការ​អាថ៌​កំបាំង​មួយ នៅ​ក្នុង​សំបុត្រ​របស់​គាត់? ប៉ុន្តែ ការអាថ៌​កំបាំង​ដែល​គាត់​បាន​រៀប​រាប់ គឺ​ខុស​ពី​រឿង​ស៊ើប​អង្កេត។ ​ឧទាហរណ៍ ក្នុង​បទ​គម្ពីរ អេភេសូរ ជំពូក៣ សាវ័ក​ប៉ុល​បាន​មាន​ប្រសាសន៍ អំពី​អាថ៌កំបាំង​មួយ ដែល “កាល​នៅ​អស់​ទាំង​គ្រា​ជាន់​មុន មិន​បាន​ប្រទាន​ឲ្យ​ពួក​មនុស្ស​ជាតិ​ស្គាល់​” (ខ.៥) ។​ គាត់​បាន​បក​ស្រាយ​អំពីអាថ៌​កំបាំង​នេះ​ថា កាល​ពី​អតីត​កាល ព្រះ​ជា​ម្ចាស់​បាន​បើក​សម្តែង​អង្គ​ទ្រង់ តាម​រយៈ​សាសន៍​អ៊ីស្រាអែល តែ​ឥឡូវ​នេះ​វិញ ទ្រង់បាន​បើក​សម្តែង តាម​រយៈ​ព្រះ​យេស៊ូវ​ថា ពួក​សាសន៍​ដទៃ ដែល​នៅ​ក្រៅ​សាសន៍​អ៊ីស្រាអែល ក៏​អាច “គ្រង​មរតក​ជា​នឹង​មួយ​អ៊ីស្រាអែល​ផង​ដែរ” (ខ.៦)។

សូម​យើង​គិត​មើល ការ​នេះ គឺ​មាន​ន័យ​ថា អស់​អ្នក​ដែល​ទទួល​ជឿ​ព្រះ​យេស៊ូវ ជា​ព្រះ​អង្គ​សង្គ្រោះ អាច​នឹង​ស្រឡាញ់ ហើយ​បម្រើ​ព្រះ​ជា​មួយ​គ្នា។ យើង​រាល់​គ្នា​សុទ្ធ​តែ “អាច​ចូល​ទៅ​រក​ទ្រង់ ដោយ​មាន​សេរីភាព និង​ទំនុក​ចិត្ត” (ខ.១២)។ ហើយតាម​រយៈ​ការ​រួប​រួម​គ្នា​របស់​ពួក​ជំនុំ នោះ​លោកិយ​នឹង​បាន​ឃើញ​ប្រាជ្ញា​របស់​ព្រះ និង​សេចក្តី​ល្អ​របស់​ទ្រង់ (ខ.១០)។

សូម​សរសើរ​តម្កើង​ព្រះ​អង្គ ដោយ​ព្រោះ​សេចក្ដី​សង្រ្គោះ ដែល​ទ្រង់​បាន​ប្រទាន​យើង​រាល់​គ្នា។ ទ្រង់​បាន​បើក​សម្តែង​អាថ៌កំបាំង​នៃ​ការ​រួប​រួម​គ្នា​ របស់​មនុស្ស​មាន​ប្រវត្តិ​ខុស​ៗ​គ្នា នៅ​ក្នុង​ព្រះ​យេស៊ូវ។—Dave Branon