នៅក្នុងរឿងប្រលោមលោក ដែលអ្នកស្រីអេមីលី ប្រុនតេ(Emily Bronte) បាននិពន្ធ លោកវូធើរីង ហាយ(Wuthering Heights) ជាបុរសម្នាក់ ដែលបានដកស្រង់ខគម្ពីរជាញឹកញាប់ ដើម្បីរិះគន់អ្នកដទៃ ហើយគេក៏បានហៅគាត់ថា “ពួកផារិស៊ីដ៏គួរឲ្យធុញទ្រាន់ ដែលតាំងខ្លួនជាអ្នកសុចរិត ដែលប្រើព្រះគម្ពីរក្នុងផ្លូវខុស ដើម្បីកោសយកព្រះបន្ទូលសន្យាសម្រាប់តែខ្លួនឯង ហើយថ្លែងនូវពាក្យបណ្តាសារដាក់អ្នកជិតខាងរបស់ខ្លួន”។
រឿងនេះអាចនាំឲ្យយើងនឹកចាំ អំពីមនុស្សម្នាក់ដែលយើងស្គាល់។ ប៉ុន្តែ តើយើងរាល់គ្នា មានលក្ខណៈដូចគាត់ដែរឬទេ? តើយើងងាយនឹងរិះគន់អ្នកដទៃ ចំពោះបរាជ័យរបស់ពួកគេ តែដល់ពេលដែលខ្លួនឯងបរាជ័យ យើងក៏បានធ្វើការដោះសារឬ?
ក្នុងព្រះគម្ពីរបរិសុទ្ធ មានអ្នកខ្លះបានធ្វើផ្ទុយពីនេះ។ ពួកគេសុខចិត្តលះបង់ការសន្យា ដែលព្រះទ្រង់មានចំពោះពួកគេ ហើយថែមទាំងសុខចិត្តត្រូវបណ្តាសារ ឲ្យតែអ្នកដទៃបានទទួលសេចក្តីសង្រ្គោះ។ សូមយើងពិចារណាអំពីលោកម៉ូសេចុះ។ គាត់បានទូលដល់ព្រះជាម្ចាស់ថា គាត់សុខចិត្តឲ្យព្រះទ្រង់លុបឈ្មោះគាត់ ចេញពីបញ្ជីរបស់ទ្រង់ ឲ្យតែទ្រង់អត់ទោសឲ្យពួកអ៊ីស្រាអែល(និក្ខមនំ ៣២:៣២)។ ពុំនោះទេ យើងអាចមើលគំរូរបស់សាវ័កប៉ុល ដែលសុខចិត្ត ឲ្យ “ខ្លួនគាត់ដាច់ចេញពីព្រះគ្រីស្ទ” ឲ្យតែរាស្រ្តរបស់ទ្រង់ ទទួលជឿទ្រង់(រ៉ូម ៩:៣)។
ការតាំងខ្លួនជាមនុស្សសុចរិត គឺជារឿងដែលតែងតែកើតមានជាធម្មតា ប៉ុន្តែ ព្រះគម្ពីរបានចែងអំពីអ្នក ដែលបានស្រឡាញ់អ្នកដទៃ លើសខ្លួនឯង។ ព្រះយេស៊ូវបានធ្វើជាគំរូនៃសេចក្តីស្រឡាញ់ប្រភេទនេះ។ ទ្រង់បានបង្រៀនថា “គ្មានអ្នកណាមានសេចក្តីស្រឡាញ់ធំជាងនេះ គឺដែលអ្នកណានឹងប្តូរជីវិត ជំនួសពួកសំឡាញ់របស់ខ្លួននោះទេ”(យ៉ូហាន ១៥:១៣)។ ព្រះយេស៊ូវបានស្រឡាញ់យើង តាំងពីមុនពេលយើងស្គាល់ទ្រង់ ពោលគឺទ្រង់បានស្រឡាញ់យើង “ដល់ចុងបញ្ចប់”(១៣:១) ដោយជ្រើសរើសយកសេចក្តីស្លាប់ ដើម្បីប្រទានជីវិតដល់យើងរាល់គ្នា។
សព្វថ្ងៃនេះ ទ្រង់បានអញ្ជើញយើងឲ្យចូលមហាគ្រួសាររបស់ព្រះ ឲ្យស្រឡាញ់ និងទទួលសេចក្តីស្រឡាញ់ប្រភេទនេះ(១៥:៩-១២)។ ហើយខណៈពេលដែលយើងបង្ហាញចេញនូវសេចក្តីស្រឡាញ់របស់ព្រះគ្រីស្ទ ដែលល្អហួសក្តីស្រមៃ ដល់អ្នកដទៃ នោះលោកិយនឹងបានស្គាល់ទ្រង់។—MONICA BRANDS