ខណៈពេលដែលផ្ទះកំពុងតែត្រូវភ្លើងឆាបឆេះ ស្រ្តីដែលជាអ្នកបម្រើក្នុងផ្ទះ ក៏បានប្រញាប់រត់ចេញមកក្រៅ ទាំងភ័យស្លន់ស្លោ។ នាងបានរត់ ដោយស្រែកហៅឈ្មោះជែកគី(Jacky) ដែលជាក្មេងអាយុ៤ឆ្នាំ។
ប៉ុន្តែ ជែកគីមិនបានរត់តាមគាត់ទេ។ មនុស្សម្នាក់ដែលបានឈរមើលហេតុការណ៍នេះ នៅក្រៅផ្ទះ ក៏មានប្រតិកម្មឆ្លើយតបភ្លាមៗ ដោយឡើងឈរពីលើស្មារបស់មិត្តភក្តិរបស់គាត់។ គាត់ក៏បានឈោងទៅរកបង្អួច នៅជាន់លើ ហើយក៏បានទាញជែកគីចុះមកក្រោម ដោយសុវត្ថិភាព។ គ្រាន់តែបានជួយសង្រ្គោះជែកគីភ្លាម ដំបូលផ្ទះក៏បានបាក់ចុះមកក្រោម។ ម្តាយរបស់ក្មេងតូចជែកគី ក៏បាននិយាយថា ជែកគី គឺជា “កន្ទុយឧស ដែលបានកញ្ឆក់យកចេញពីភ្លើង”។ តើអ្នកដឹងទេថា ក្មេងតូចដែលជាកន្ទុយឧសនោះ គឺជាលោកចន វេសលី(ឆ្នាំ១៧០៣-១៧៩១) ដែលជាបេសកជន ដ៏ល្បីល្បាញ។
ត្រង់ចំណុចនេះ អ្នកស្រីស៊ូសានណា វេសលី(Susanna Wesly) ដែលជាម្តាយរបស់គាត់ កំពុងតែដកស្រង់ពាក្យសម្តីរបស់លោកសាការី ជាហោរា ដែលបានផ្តល់ឲ្យនូវការបកស្រាយដ៏មានតម្លៃ អំពីចរិតលក្ខណៈរបស់ព្រះជាម្ចាស់។ ហោរាសាការីបានបកស្រាយ អំពីការបើកសម្តែងដែលខ្លួនបានទទួល យ៉ាងដូចនេះថា អារក្សសាតាំងបានឈរនៅខាងស្តាំលោកយេស៊ួ ដែលជាសម្តេចសង្ឃ ដើម្បីចោទប្រកាន់លោក(៣:១)។ នោះព្រះអម្ចាស់ក៏បានស្តីបន្ទោសសាតាំងថា តើលោកយេសួរមិនមែនជាកន្ទុយឧស ដែលបានកញ្ឆក់យកចេញពីភ្លើងទេឬ?(ខ.២)។ ព្រះអម្ចាស់ក៏បានប្រាប់លោកយេសួរថា “អញបានលើកចោលអំពើទុច្ចរិតពីឯងចេញហើយ អញនឹងប្រដាប់ខ្លួនឯង ដោយសំលៀកបំពាក់ដ៏រុងរឿងវិញ” (ខ.៤)។ បន្ទាប់មក ព្រះអម្ចាស់ក៏ប្រទាននូវការជំរុញចិត្ត និងឱកាសដល់គាត់ ដោយបន្ទូលថា “បើឯងនឹងដើរតាមផ្លូវរបស់អញ ហើយរក្សាបញ្ញើររបស់អញ នោះឯងនឹងជាអ្នកគ្រប់គ្រងលើវិហាររបស់អញ ព្រមទាំងរក្សាទីលានរបស់អញផង”(ខ.៧)។
រឿងនេះ ក៏បានឆ្លុះបញ្ចាំងអំពីអំណោយ ដែលយើងបានទទួលពីព្រះជាម្ចាស់ តាមរយៈជំនឿដែលយើងមាន ចំពោះព្រះយេស៊ូវ។ ទ្រង់បានកញ្ឆក់យើងចេញពីភ្លើង ទ្រង់លាងសម្អាតយើង ហើយក៏ធ្វើការក្នុងជីវិតយើង ពេលដែលយើងដើរតាមការត្រាសហៅរបស់ព្រះវិញ្ញាណទ្រង់។ យើងគឺជាកន្ទុយឱស ដែលទ្រង់បានកញ្ឆក់ចេញពីភ្លើង។—TIM GUSTAFSON