ខណៈ​ពេល​ដែល​ផ្ទះ​កំពុង​តែ​ត្រូវ​ភ្លើង​ឆាប​ឆេះ ស្រ្តី​ដែល​ជា​អ្នក​បម្រើ​ក្នុង​ផ្ទះ ក៏​បាន​ប្រញាប់​រត់​ចេញ​មក​ក្រៅ ទាំង​ភ័យ​ស្លន់​ស្លោ។ នាង​បាន​រត់ ដោយ​ស្រែក​ហៅ​ឈ្មោះ​ជែកគី(Jacky) ដែល​ជា​ក្មេង​អាយុ​៤​ឆ្នាំ។​

ប៉ុន្តែ ជែកគី​មិន​បាន​រត់​តាម​គាត់​ទេ។ មនុស្ស​ម្នាក់​ដែល​បាន​ឈរ​មើល​ហេតុការណ៍​នេះ នៅ​ក្រៅ​ផ្ទះ ក៏​មាន​ប្រតិ​កម្ម​ឆ្លើយ​តប​ភ្លាម​ៗ ដោយ​ឡើង​ឈរ​ពី​លើ​ស្មា​របស់​មិត្ត​ភក្តិ​របស់​គាត់។ គាត់​ក៏​បាន​ឈោង​ទៅ​រក​បង្អួច នៅ​ជាន់​លើ ហើយ​ក៏​បាន​ទាញ​ជែកគី​ចុះ​មក​ក្រោម ដោយ​សុវត្ថិ​ភាព។ គ្រាន់​តែ​បាន​ជួយ​សង្រ្គោះ​ជែកគី​ភ្លាម ដំបូល​ផ្ទះ​ក៏​បាន​បាក់​ចុះ​មក​ក្រោម។​ ម្តាយ​របស់​ក្មេង​តូច​ជែកគី ក៏​បាន​និយាយ​ថា ជែក​គី គឺ​ជា “កន្ទុយ​ឧស ដែល​បាន​កញ្ឆក់​យក​ចេញ​ពី​ភ្លើង​”។ តើ​អ្នក​ដឹង​ទេ​ថា ក្មេង​តូច​ដែល​ជា​កន្ទុយ​ឧស​នោះ គឺ​ជា​លោក​ចន វេសលី(ឆ្នាំ១៧០៣-១៧៩១) ដែល​ជា​បេសក​ជន ដ៏​ល្បី​ល្បាញ។

ត្រង់​ចំណុច​នេះ អ្នក​ស្រី​ស៊ូសានណា វេសលី(Susanna Wesly) ដែល​ជា​ម្តាយ​របស់​គាត់ កំពុង​តែ​ដក​ស្រង់​ពាក្យ​សម្តី​របស់​លោក​សាការី ជា​ហោរា ដែល​បាន​ផ្តល់​ឲ្យ​នូវ​ការ​បក​ស្រាយ​ដ៏​មាន​តម្លៃ អំពី​ចរិត​លក្ខណៈ​របស់​ព្រះ​ជា​ម្ចាស់។ ហោរា​សាការី​បាន​បក​ស្រាយ អំពី​ការ​បើក​សម្តែង​ដែល​ខ្លួន​បាន​ទទួល យ៉ាង​ដូច​នេះ​ថា អារក្ស​សាតាំង​បាន​ឈរ​នៅ​ខាង​ស្តាំ​លោកយេស៊ួ ដែល​ជា​សម្តេច​សង្ឃ ដើម្បី​ចោទ​ប្រកាន់​លោក(៣:១)។ នោះ​ព្រះអម្ចាស់​ក៏​បាន​ស្តី​បន្ទោស​សាតាំង​ថា តើ​លោក​យេសួរ​មិន​មែន​ជា​កន្ទុយ​ឧស ដែល​បាន​កញ្ឆក់​យក​ចេញ​ពី​ភ្លើង​ទេ​ឬ?(ខ.២)។ ព្រះ​អម្ចាស់​ក៏​បាន​ប្រាប់​លោក​យេសួរ​ថា “អញ​បាន​លើក​ចោល​អំពើ​ទុច្ចរិត​ពី​ឯង​ចេញ​ហើយ អញ​នឹង​ប្រដាប់​ខ្លួន​ឯង ដោយ​សំលៀក​បំពាក់​ដ៏​រុង​រឿង​វិញ” (ខ.៤)។​ បន្ទាប់​មក ព្រះ​អម្ចាស់​ក៏​ប្រទាន​នូវ​ការ​ជំរុញ​ចិត្ត និង​ឱកាស​ដល់​គាត់ ដោយ​បន្ទូល​ថា “បើ​ឯង​នឹង​ដើរ​តាម​ផ្លូវ​របស់​អញ ហើយ​រក្សា​បញ្ញើរ​របស់​អញ នោះ​ឯង​នឹង​ជា​អ្នក​គ្រប់គ្រង​លើ​វិហារ​របស់​អញ ព្រម​ទាំង​រក្សា​ទីលាន​របស់​អញ​ផង”(ខ.៧)។

រឿង​នេះ ក៏​បាន​ឆ្លុះ​បញ្ចាំង​អំពី​អំណោយ ដែល​យើង​បាន​ទទួល​ពី​ព្រះ​ជា​ម្ចាស់ តាម​រយៈ​ជំនឿ​ដែល​យើង​មាន ចំពោះ​ព្រះ​យេស៊ូវ​។ ទ្រង់​បាន​កញ្ឆក់​យើង​ចេញ​ពី​ភ្លើង ទ្រង់​លាង​សម្អាត​យើង ហើយ​ក៏​ធ្វើ​ការ​ក្នុង​ជីវិត​យើង ពេល​ដែល​យើងដើរ​តាម​ការ​ត្រាស​ហៅ​របស់​ព្រះ​វិញ្ញាណ​ទ្រង់។ យើង​គឺ​ជា​កន្ទុយ​ឱស ដែល​ទ្រង់​បាន​កញ្ឆក់​ចេញ​ពី​ភ្លើង។—TIM GUSTAFSON