កាលអ្នកស្រីថេរីសា ប្រេគេរ៉ូវ៉ា(Teresa Prekerowa) នៅក្នុងវ័យជំទង់ ពួកកងទ័ពណាហ្ស៊ី បានលើកទ័ពពីប្រទេសអាឡឺម៉ង់ ចូលឈ្លានពានប្រទេសប៉ូឡូញ ដែលជាប្រទេសកំណើតរបស់គាត់ នៅដើមដំបូងនៃសង្គ្រាមលោកលើកទី២។ ពេលនោះជាពេលចាប់ផ្តើមនៃអំពើប្រល័យពូជសាសន៍ នៅពេលដែលអ្នកជិតខាងរបស់គាត់ ដែលជាជនជាតិយូដា(ឬជ្វីប) បានចាប់ផ្តើមបាត់ខ្លួន ដោយពួកណាហ្ស៊ីបានចាប់ខ្លួន។ ដូចនេះ អ្នកស្រីថេរីសា និងជនរួមជាតិប៉ូឡូញរបស់គាត់ បានប្រថុយជីវិត ដើម្បីជួយសង្រ្គោះអ្នកជិតខាងទាំងនោះ ឲ្យរួចពីតំបន់ដែលមានការរើសអើង ក្នុងទីក្រុងវ៉រសរ និងការសម្លាប់រង្គាលរបស់ពួកណាហ្ស៊ី។ អ្នកស្រីថេរីសាក៏បានក្លាយជាអ្នកប្រវត្តិសាស្រ្តសង្គ្រាម និងប្រល័យពូជសាសន៍ ដ៏ឈានមុខ ប៉ុន្តែ គឺដោយសារតែគាត់មានចិត្តក្លាហាន នៅក្នុងការតតាំងនឹងជំនន់នៃការអាក្រក់ នោះគេក៏បានរាប់បញ្ចូលឈ្មោះគាត់ ទៅក្នុងបញ្ជីឈ្មោះមនុស្សសុចរិតក្នុងចំណោមប្រជាជាតិ នៅឯសារៈមន្ទីរប្រល័យពូជសាសន៍យ៉ាត យ៉ាសេម ក្នុងទីក្រុងយេរូសាឡិម។
យើងចាំបាច់ត្រូវមានសេចក្តីក្លាហាន ដើម្បីឈរតតាំងនឹងការអាក្រក់។ សាវ័កប៉ុលបានប្រាប់ពួកជំនុំ នៅទីក្រុងអេភេសូរថា “ដ្បិតយើងរាល់គ្នាមិនមែនតយុទ្ធនឹងសាច់ឈាមទេ គឺនឹងពួកគ្រប់គ្រង ពួកមានអំណាច និងពួកម្ចាស់នៃសេចក្តីងងឹតនៅលោកីយ៍នេះវិញ”(អេភេសូរ ៦:១២)។ ជាការពិតណាស់ ការអាក្រក់ទាំងអស់នេះ គឺលើសពីលទ្ធភាព ដែលយើងអាចតតាំងម្នាក់ឯង ហេតុនេះហើយបានជាព្រះជាម្ចាស់ប្រទានឲ្យយើង នូវធនធានខាងវិញ្ញាណដ៏ចាំបាច់(គឺគ្រឿងសឹកទាំងមូលរបស់ព្រះ) ដើម្បីឲ្យយើងអាច “ឈរមាំមួន ទាស់នឹងឧបាយកលទាំងអម្បាលម៉ានរបស់អារក្ស”(ខ.១១)។
តើការឈរតតាំង ដោយចិត្តក្លាហាន អាចរាប់បញ្ចូលការអ្វីខ្លះ? គឺអាចរាប់បញ្ចូល ការប្រឆាំងនឹងភាពអយុត្តិធម៌ ឬការជួយការពារនរណាម្នាក់ ដែលអ្នកស្គាល់ ដែលងាយរងគ្រោះ ឬជាជនរងគ្រោះជាដើម។ ទោះយើងអាចជួបការប៉ះទង្គិចអ្វីក៏ដោយ ក៏យើងនៅតែអាចមានចិត្តក្លាហាន ដ្បិតព្រះនៃយើងបានប្រទានអ្វីដែលយើងត្រូវការរួចហើយ ដើម្បីឲ្យអាចឈរឲ្យមាំមួនថ្វាយទ្រង់ ប្រឆាំងនឹងការអាក្រក់។ —BILL CROWDER