មាន​ពេល​មួយ​មិត្ត​ភក្តិ​របស់​ខ្ញុំ​បាន​ផ្ញើ​អ៊ីមែល​មក​ខ្ញុំ នៅ​ពេល​យប់​ជ្រៅ។ តាម​ពិត ថ្ងៃ​នោះ ខ្ញុំ​កំពុង​តែ​ធ្វើ​ការ​ថែម​ម៉ោង ដើម្បី​ជួយ​សមាជិក​គ្រួសារ​ម្នាក់ ដែល​កំពុង​មាន​ឈឺ​ធ្ងន់។ ដូច​នេះ ខ្ញុំ​មិន​មាន​ពេល សម្រាប់​ការ​រំខាន​ក្នុង​បណ្តាញ​សង្គម​នោះ​ឡើយ។​ ទោះ​ជា​យ៉ាង​ណា​ក៏ដោយ​ នៅ​ពេល​ព្រឹក​បន្ទាប់ ខ្ញុំ​ក៏​បាន​បើក​មើល​សារ​របស់​មិត្ត​ភក្តិ​ខ្ញុំ ហើយ​ក៏​បាន​ឃើញ​សំណួរ​របស់​គាត់។ គាត់​បាន​សួរ​ខ្ញុំ​ថា តើ​ខ្ញុំ​មាន​អ្វី ដែល​អាច​ឲ្យ​គាត់​ជួយ​ដែរ​ឬ​ទេ? ខ្ញុំ​ក៏​មាន​អារម្មណ៍​ខ្មាសអៀន​ ហើយ​ចង់​ឆ្លើយ​ប្រាប់​គាត់​ថា ខ្ញុំ​មិន​មាន​អ្វី ឲ្យ​គាត់​ជួយ​ទេ ពេល​នេះ។ បន្ទាប់​មក ខ្ញុំ​ក៏​បាន​ដក​ដង្ហើម​ធំ ហើយ​ក៏​បាន​កត់​សំគាល់​ឃើញថា​ ខ្ញុំ​ដូច​ជា​ធ្លាប់​ឮ​សំណួរ​ដូច​នេះ កាល​ពី​មុន​មក។

ព្រះយេស៊ូវ​ក៏​ធ្លាប់​សួរ​សំណួរ​នេះ កាល​ទ្រង់​កំពុង​បំពេញ​ព្រះ​រាជ​កិច្ច​នៅ​លើ​ផែន​ដី។ កាល​ទ្រង់​កំពុង​យាង​តាម​ផ្លូវ ទៅ​កុ្រង​យេរីខូ ទ្រង់​ក៏​បាន​ឮ​បុរស​ពិការ​ភ្នែក​ម្នាក់ ឈ្មោះ​បារទីមេ ស្រែក​ហៅ​ឲ្យ​ទ្រង់​ជួយ។​ ទ្រង់​ក៏​បាន​ឈប់ ហើយ​សួរ​គាត់ នូវ​សំណួរ​ស្រដៀង​នឹង​សំណួរ​របស់​មិត្ត​ភក្តិ​ខ្ញុំ​ថា “តើ​ចង់​ឲ្យ​ខ្ញុំ​ធ្វើ​អ្វី​ឲ្យ​អ្នក?” (ម៉ាកុស ១០:៥១)។

សំណួរ​នេះ គឺ​គួរ​ឲ្យ​រំភើប​ចិត្ត​ណាស់។ សំណួរ​នេះ​បាន​បង្ហាញ​ថា ព្រះ​យេស៊ូវ ​ដ៏​ជា​ព្រះ​ដ៏​ប្រោស​ឲ្យ​ជា សព្វ​ព្រះ​ទ័យ​នឹង​ជួយ​យើង។ ប៉ុន្តែ ជំហាន​ដំបូង យើង​ត្រូវ​ទទួល​ស្គាល់​ថា យើង​ត្រូវ​ការ​ទ្រង់ ដែល​នេះ​ជា​ការ​បន្ទាប​ខ្លួន ដើម្បី​ទទួល​ជំនួយ​ពី​ទ្រង់។ លោក​បារទីមេ រស់​ដោយ​សារ​ការ​សុំ​ទាន។ គាត់​ទាល់​ក្រ​ឯក​កោ ហើយ​ក៏​ប្រហែល​ជា​កំពុង​តែ​ឃ្លាន​អាហារ ហើយ​អស់​សង្ឃឹម​ផង។ ប៉ុន្តែ គាត់​ចង់​បាន​ជីវិត​ថ្មី បាន​ជា​គាត់​ទូល​សូម​ឲ្យ​ព្រះ​យេស៊ូវ បំពេញ​តម្រូវ​ការ​មូល​ដ្ឋាន​បំផុត​របស់​គាត់។ គឺ​ដូច​ដែលគាត់​ទូល​ទ្រង់​ថា “លោក​គ្រូ​អើយ សូម​ប្រោស​ភ្នែក​ទូលបង្គំ​ឲ្យ​បាន​ភ្លឺ​ឡើង”។

នេះ​ជា​ការ​ទូល​អង្វរ​ដ៏​ស្មោះ​ត្រង់ របស់​បុរស​ពិការ​ភ្នែក។ ព្រះ​យេស៊ូវ​ក៏​បាន​ប្រោស​ឲ្យ​គាត់​បាន​ជា នៅ​ពេល​នោះ​តែ​ម្តង​។ មិត្ត​ភក្តិ​ខ្ញុំ​ក៏​ចង់​ឲ្យ​ខ្ញុំ​ឆ្លើយ​តប​ទៅ​គាត់​វិញ ដោយ​ស្មោះ​ត្រង់​យ៉ាង​ដូច​នេះ​ផង​ដែរ។ ដូច​នេះ ខ្ញុំ​ក៏​បាន​សន្យា​ចំពោះគាត់​ថា ខ្ញុំ​នឹង​អធិស្ឋាន​សូម​ឲ្យ​ព្រះ​ទ្រង់​បើក​បង្ហាញ​ថា ខ្ញុំ​កំពុង​តែ​ត្រូវ​ការ​អ្វី​ខ្លាំង​បំផុត នៅ​ពេល​នោះ​ រួច​ហើយ ខ្ញុំ​នឹង​ឆ្លើយ​ប្រាប់​គាត់។ តើ​អ្នក​ដឹង​ថា អ្នក​ត្រូវ​ការ​អ្វី​ចាំ​បាច់​បំផុត​នៅ​ថ្ងៃ​នេះ? បើ​មាន​មិត្ត​ភក្តិ​ណា​ម្នាក់​សួរ​អ្នក​ នោះ​សូម​ឆ្លើយ​ប្រាប់​គាត់​ចុះ។ ទន្ទឹម​នឹង​នោះ  អ្នក​អាច​ស្វែង​រក​ជំនួយ​ពី​អង្គ​បុគ្គល ដែល​ខ្ពស់​ជាង​នេះ គឺ​ទូល​ថ្វាយ​ដល់​ព្រះ​ជា​ម្ចាស់។—PATRICIA RAYBON