មាន​រឿង​មួយ​ដំណាល​ថា មាន​អ្នក​នេសាទ​ត្រី​សាំម៉ុង​មួយ​ក្រុម បាន​ជួប​ជុំ​គ្នា ក្នុង​ផ្ទះ​សំណាក់​របស់​ជន​ជាតិ​ស្កត់​ឡង់មួយ​កន្លែង បន្ទាប់​ពី​ការ​នេសាទ​ពេញ​មួយ​ថ្ងៃ។ មាន​ពួក​គេ​ម្នាក់​បាន​រៀប​រាប់ អំពី​ការ​នេសាទ​របស់​ខ្លួន ដល់​មិត្ត​ភក្តិ​ទាំង​ឡាយ ដែល​មាន​វត្ត​មាន នៅ​ទី​នោះ ដោយ​ឆ្កា​ដៃ​ឆ្កា​ជើង ហើយ​ដៃ​គាត់​ក៏​បាន​គ្រវាស​ពី​លើ​តុ​ចំ​កែវ​មួយ ប៉ើង​ទៅបុក​នឹង​ជញ្ជាំង បែក​ខ្ទេច ហើយ​ក៏​បាន​ធ្វើ​ឲ្យ​ប្រឡាក់​ជញ្ជាំង​ពណ៌​ស។ បុរស​នោះ ក៏​បាន​សុំ​ទោស​ម្ចាស់​ផ្ទះ​សំណាក់ ហើយ​ក៏​ព្រម​សង​ថ្លៃ​ខូច​ខាត ប៉ុន្តែ គាត់​មិន​អាច​ធ្វើ​អ្វី​បាន​ឡើយ​ នៅ​ពេល​នោះ ព្រោះ​ជញ្ចាំង​បាន​ខូច​ទៅ​ហើយ។ មាន​បុរស​ម្នាក់​ដែល​អង្គុយ​នៅ​ក្បែរ​នោះ ក៏​បាន​និយាយ​ថា “កុំ​បារម្ភ​អី”។ បុរស​នោះ​ក៏​បាន​ក្រោក​ឈរ​ឡើង ​ដក​ឧបករណ៍សម្រាប់​គូរ​គំនូរ​ចេញ​ពី​ហោប៉ៅ​ខោ​គាត់ ហើយ​ក៏​បាន​ចាប់​ផ្តើម​គួរ​រូប​ជុំវិញ​កន្លែង​ប្រឡាក់​ដ៏​អាក្រក់​នោះ។ រូប​គំនូរ​ក្បាលសត្វ​រមាំង​ដ៏​អស្ចារ្យ​ក៏​បាន​លេច​ឡើង បន្តិច​ម្តង​ៗ នៅ​លើ​ជញ្ជាំង​នោះ។ បុរស​នោះ គឺជា​លោក​ម្ចាស់ អ៊ី អេឆ លែនសៀ(E. H. Landseer) ដែល​វិចិត្រករ​រូប​សត្វ​ដែល​ឈាន​មុខ​គេ របស់​ប្រទេស​ស្កត់​ឡង់។

ស្តេច​ដាវីឌ ជា​ស្តេច​ដ៏​ល្បី​ល្បាញ​របស់​ជន​ជាតិ​អ៊ីស្រាអែល ដែល​បាន​និពន្ធ​បទ​គម្ពីរ​ទំនុក​ដំកើង ជំពូក​៥១។ ទ្រង់​បាននាំ​សេចក្តី​អាម៉ាស់ មក​លើ​ខ្លួន​ឯង និង​មក​លើ​ប្រទេស​ជាតិ​របស់​ទ្រង់ ដោយ​សារ​អំពើ​បាប​របស់​ទ្រង់។ ទ្រង់​បាន​ប្រព្រឹត្តិ​អំពើ​ផឹត​ក្បត់​ជា​មួយ​ភរិយា​របស់​មិត្ត​ភក្តិ​របស់​ទ្រង់ ហើយ​ក៏​បាន​បង្កើត​គម្រោង​សម្លាប់​គាត់ ដែល​ទង្វើរ​ទាំង​ពីរ​នេះ គឺ​សុទ្ធ​តែ​សម​នឹង​ឲ្យ​ទ្រង់​ទទួល​ទោស​ស្លាប់​ដូច​គ្នា។​ ពេល​នោះ ជីវិត​ទ្រង់​ហាក់​ដូច​ជា​ត្រូវ​បាន​បំផ្លាញ​អស់​ហើយ។ ប៉ុន្តែ ទ្រង់​បាន​ទូល​អង្វរ​ដល់​ព្រះ​ជា​ម្ចាស់​ថា “សូម​ឲ្យ​ទូលបង្គំ​មាន​ចិត្ត​រីករាយ​ចំពោះ​សេចក្តី​សង្គ្រោះ នៃ​ទ្រង់​ឡើង​វិញ ហើយ​ទប់ទល់​ទូលបង្គំ​ដោយ​ព្រះវិញ្ញាណ​ដ៏​សទ្ធា​នៃ​ទ្រង់”(ខ.១២)។

យើង​ប្រហែល​ជា​បាន​ប្រព្រឹត្ត​នូវ​ទង្វើរ​ដ៏​ខ្មាសអៀន កាល​ពី​អតីត​កាល គឺ​មិន​ខុស​ពី​ស្តេច​ដាវីឌ​ទេ ហើយ​យើង​ក៏​នៅ​ចាំរឿង​ទាំង​នោះ ដែល​ជេរ​ស្តី​ឲ្យ​យើង នៅ​ពេល​កណ្តាល​អាធ្រាត។ យើង​ក៏​បាន​ស្តាយ​ក្រោយ ចង់​តែ​ឲ្យ​ពេល​វេលា​ត្រឡប់ថយ​ក្រោយ​វិញ។ ប៉ុន្តែ ព្រះ​គុណ​របស់​ព្រះ មិន​គ្រាន់​តែ​នាំ​មក​នូវ​ការ​អត់​ទោស​បាប​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​អាច​ប្រើ​កំហុស​របស់​យើង ដើម្បី​ជួយ​កែ​ប្រែ​យើង ឲ្យ​ល្អ​ប្រសើរ​ជាង​មុន​ទៀត​ផង។ ព្រះ​ទ្រង់​អាច​ប្រើ​ការ​គ្រប់​យ៉ាង ឲ្យ​មាន​ប្រយោជន៍។—DAVID H. ROPER