បទ​ចម្រៀង​កុមារ​ជា​ភាសា​អង់​គ្លេស ដែល​មាន​ចំណង​ជើង​ថា “ដួង​ផ្កាយ​ដ៏​តូច ដែល​បញ្ចេញ​ពន្លឺ​ព្រិច​ៗ” ជា​បទ​ចម្រៀង​ដ៏​ល្បី​ល្បាញ​ដែល​ក្មេង​ៗ​ចូល​ចិត្ត​ច្រៀង។ ទំនុក​ច្រៀង​របស់​បទ​នេះ មាន​ប្រភព​ដើម នៅ​ក្នុង​បទ​កំណាព្យ ដែល​អ្នក​ស្រី​ចេន ថេយល័រ(Jane Taylor)​បាន​និពន្ធ ដែល​បាន​ពិពណ៌​នា អំពី​ភាព​អស្ចារ្យ​នៃ​ចក្រ​វាលដែល​ព្រះ​ទ្រង់​បាន​បង្កើត ដែល​នៅ​ក្នុង​នោះ មាន​ផ្កាយ “ដ៏​ខ្ពស់ នៅ​ពី​លើ​ផែន​ដី”។ បទ​កំណាព្យ​នេះ មាន​វគ្គ​មួយ​ទៀត ដែល​គេ​បាន​បោះ​ពុម្ភ​ផ្សាយ និង​មិន​ងាយ​រក​បាន ដែល​បាន​រៀប​រាប់​ថា ផ្កាយ​នោះ​បាន​ធ្វើ​ជា​អ្នក​នាំ​ផ្លូវ​អ្នក​ដំណើរ​ក្នុង​ទី​ងងឹត ដោយ​បញ្ចេញ​ពន្លឺ​ដ៏​តូច​របស់​ខ្លួន។

ក្នុង​បទ​គម្ពីរ​ភីលីព សាវ័ក​ប៉ុល​បាន​លើក​ទឹក​ចិត្ត​អ្នក​ជឿ​ព្រះ នៅ​ទីក្រុង​ភីលីព ឲ្យ​ស្តាប់​បង្គាប់​ព្រះ​ជា​ម្ចាស់ ដើម្បី​ធ្វើ​ជា​កូន​ព្រះ​ដែល​រក​បន្ទោស​មិន​បាន … ហើយ​ភ្លឺ​នៅ​កណ្តាល​គេ ដូច​ជា​តួ​ពន្លឺ​នៅ​ក្នុង​លោក ហើយ​ផ្សាយ​ដំណឹង​ល្អ ដល់មនុស្ស​ដែល​នៅ​ក្បែរ​ពួក​គេ(២:១៥-១៦)។ យើង​ប្រហែល​ជា​ឆ្ងល់​ថា តើ​ធ្វើ​ដូច​ម្តេច ឲ្យ​យើង​អាច​បញ្ចេញ​ពន្លឺ​ភ្លឺ ដូចផ្កាយ​នៅ​លើ​មេឃ។ ជា​ញឹក​ញាប់ យើង​ច្រើន​តែ​មាន​អារម្មណ៍​ថា យើង​មាន​ចំណុច​ខ្វះខា​ត និង​ការ​ពិបាក​ជា​ច្រើន បាន​ជា​យើង​គិត​ថា “ពន្លឺ”​របស់​យើង​មិន​អាច​បញ្ចេញ​រស្មី​ភ្លឺ​ល្មម នឹង​នាំ​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ​ឡើយ។ ប៉ុន្តែ ផ្កាយ​មិន​ដែល​ព្យាយាម​ដើរ​តួ​ជា​ផ្កាយ​ឡើយ។ ពួក​វា​គឺ​ជា​ផ្កាយ​ស្រាប់​ហើយ។ ពន្លឺ​ធ្វើ​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរក្នុង​ពិភព​លោក ហើយក៏​បាន​ធ្វើ​ឲ្យ​យើង​ផ្លាស់​ប្តូរ។ ព្រះ​ទ្រង់​ប្រទាន​ពន្លឺដល់​ពិភព​លោក(លោកុប្បត្តិ ១:៣) ហើយ​តាម​រយៈ​ព្រះ​យេស៊ូវ ព្រះទ្រង់​បាន​ប្រទាន​ពន្លឺ​ខាង​វិញ្ញាណ ចូល​ក្នុង​ជីវិត​យើង(យ៉ូហាន ១:១-៤)។

ក្នុង​នាម​ជា​មនុស្ស​ដែល​មាន​ពន្លឺ​របស់​ព្រះនៅ​ក្នុង​ជីវិត យើង​ត្រូវ​បញ្ចេញ​ពន្លឺ ដើម្បី​ឲ្យ​អ្នក​នៅ​ក្បែរ​យើង​បាន​ឃើញ​ពន្លឺ​នោះ ហើយ​មាន​ចិត្ត​ចង់​ស្វែង​រក​ប្រភព​នៃ​ពន្លឺ​នោះ។ ពន្លឺ​ដែល​យើង​បញ្ចេញ នាំ​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ គឺ​មិន​ខុស​ពី​ផ្កាយ ដែល​នៅ​លើ​មេឃ ពេល​រាត្រី​នោះ​ឡើយ។ ពេល​យើង​បញ្ចេញ​ពន្លឺ​នោះ មាន​ន័យ​ថា យើង​បាន​តោង​ព្រះ​បន្ទូល​ជីវិត​ជាប់ក្នុង​លោកិយ ដែល​មាន​ពេញ​ដោយ​ភាព​ងងឹត ដូច​ដែល​សាវ័ក​ប៉ុល​បាន​បង្គាប់ ហើយ​យើង​នាំ​អ្នក​ដទៃ ទៅ​រក​ប្រភព​នៃ​សេចក្តី​សង្ឃឹម​របស់​យើង គឺ​ព្រះ​អម្ចាស់​យេស៊ូវ។—ELISA MORGAN