បុរស​ពីរ​នាក់​ត្រូវ​បាន​គេ​កាត់​ទោស ពី​បទ​ជួញ​ដូរ​គ្រឿង​ញៀន ហើយ​បាន​រង់​ចាំ​ទោស​ប្រហារ​ជីវិត អស់​រយៈ​ពេល​១ទសវត្សរ៍​ហើយ។ ខណៈ​ពេល​ដែល​ពួក​គេ​កំពុង​នៅ​ក្នុង​គុក ពួក​គេ​បាន​ស្គាល់​សេចក្តី​ស្រឡាញ់ ដែល​ព្រះ​ទ្រង់​បាន​បង្ហាញ​ឲ្យ​ពួក​គេ​ស្គាល់ នៅ​ក្នុង​អង្គ​ព្រះ​យេស៊ូវ ហើយ​ជីវិត​ពួក​គេ​ក៏​បាន​ផ្លាស់​ប្រែ។ ពេល​ដែល​ពួក​គេ​ដល់​ពេល​ដែលត្រូវ​ទទួល​ទោស​ប្រហារ​ជីវិត ដោយ​បាញ់​នឹង​កំា​ភ្លើង ពួក​គេ​ក៏​បាន​ឈរ​នៅ​ចំពោះ​មុខ​ពេជ្ឈ​ឃាត​ ដោយ​សូត្រ​សេចក្តី​​អធិស្ឋាន​ព្រះ​អម្ចាស់ ហើយ​ច្រៀង​បទ “ព្រះ​គុណ​អស្ចារ្យ”។ ដោយ​សារ​ពួក​គេមា​នជំនឿ​លើ​ព្រះ​ នោះ​តាម​រយៈ​អំណាចនៃ​ព្រះ​វិញ្ញាណ​នៃ​ព្រះ ពួក​គេ​អាច​ប្រឈម​មុខ​ដាក់​សេចក្តី​ស្លាប់ ដោយ​សេចក្តី​ក្លាហាន​ដ៏​អស្ចារ្យ។

ពួក​គេ​បាន​ដើរ​តាម​គំរូ​នៃ​សេចក្តី​ជំនឿ ដែល​ព្រះ​យេស៊ូវ​បាន​ទុក​ឲ្យ។ ពេល​ដែល​ព្រះ​យេស៊ូវ​ជ្រាប​ថា ពេល​ដែល​ទ្រង់​សុគត​ត្រូវ​មក​ដល់ ទ្រង់​ក៏​បាន​ចំណាយ​ពេល​ច្រៀង​សរសើរ​ដំកើង​ព្រះ ជា​មួយ​មិត្ត​សំឡាញ់​ទ្រង់ នៅ​ពេល​ល្ងាច​នោះ។ ពិត​ជា​គួរ​ឲ្យ​កត់​សំគាល់​ណាស់ ដែល​ទ្រង់​អាច​ច្រៀង ក្នុង​កាលៈទេសៈ​ដូច​នេះ ប៉ុន្តែ អ្វី​ដែល​កាន់​តែ​គួរ​ឲ្យ​កត់​សំគាល់​ថែម​ទៀត​នោះ គឺ​បទ​ដែល​ទ្រង់​ច្រៀង។ នៅ​ពេល​យប់​នោះ ព្រះ​យេស៊ូវ និង​មិត្ត​សំឡាញ់​ទ្រង់ បាន​បរិភោគ​អាហារ​បុណ្យ​រំលង ដែល​តែង​តែ​បញ្ចប់ ដោយ​ការ​ច្រៀង​បទ​ទំនុក​ដំកើង ដែល​មាន​បទ​ជា​បន្ត​បន្ទាប់ ដែល​គេ​បាន​ហៅ​ថា ហាលែល​ (ទំនុកដំកើង ជំពូក ១១៣-១១៨)។ នៅ​ពេល​យប់​នោះ ព្រះ​យេស៊ូវ​បាន​ប្រឈម​មុខ​ដាក់​សេចក្តី​ស្លាប់ ដោយ​ការ​ច្រៀង អំពី​ចំណង​នៃ​សេចក្តី​ស្លាប់(ទំនុកដំកើង ១១៦:៣)។ តែ​ទ្រង់​បាន​សរសើរ​ដំកើង​សេចក្តី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​របស់​ព្រះ​ជា​ម្ចាស់​(១១៧:២) ហើយ​បាន​អរ​ព្រះ​គុណ​ព្រះ​អង្គ សម្រាប់​សេចក្តី​សង្រ្គោះ​(១១៨:១៤)។ ជា​ការ​ពិតណាស់ បទ​ទំនុក​ដំកើង​ទាំង​នេះ បាន​កម្សាន្ត​ចិត្ត​ព្រះ​យេស៊ូវ នៅ​យប់​មុន​ពេល​គេ​យក​ទ្រង់​ទៅ​ឆ្កាង។

ព្រះយេស៊ូវ​បាន​មាន​ទំនុក​ចិត្ត​ដ៏​អស្ចារ្យ ចំពោះ​ព្រះ​វរបិតា បាន​ជាទ្រង់​ច្រៀង​អំពី​សេចក្តី​ស្រឡាញ់​របស់​ព្រះ​អង្គ ខណៈ​ពេល​ដែល​ទ្រង់​យាង​ចូល​ទៅ​រក​ការ​សុគត​របស់​ទ្រង់ គឺ​ការ​សុគត ដែល​ទ្រង់​មិន​បាន​ធ្វើ​អ្វី​ខុស ឲ្យ​សម​នឹង​ទទួល​សោះ​ឡើយ! ដោយ​សារ​ព្រះ​យេស៊ូវ នោះ​យើង​ក៏​អាច​មាន​ទំនុក​ចិត្ត​ថា ទោះ​យើង​ជួប​ប្រទះ​បញ្ហា​អ្វី​ក៏​ដោយ ក៏​ព្រះ​ទ្រង់​នៅតែ​គង់​នៅ​ជា​មួយ​យើង​ជា​និច្ច។ —AMY PETERSON