មានពេលមួយ គេបានសង្រ្គោះសត្វឥន្រ្ទីក្បាលត្រងោលមួយក្បាល។ ចៅៗរបស់ខ្ញុំមានការជក់ចិត្ត នឹងការទស្សនាសត្វឥន្រ្ទីនេះ នៅទល់នឹងមុខ។ គេថែមទាំងបានអនុញ្ញាត ឲ្យពួកគេប៉ះវាផងដែរ។ អ្នកស្ម័គ្រចិត្តនៅសួនសត្វក៏បានពិពណ៌នាប្រាប់យើង អំពីបក្សីដ៏ខ្លាំងមួយក្បាលនេះ ដែលកំពុងទំនៅលើដៃគាត់ ហើយខ្ញុំក៏មានការភ្ញាក់ផ្អើល ពេលបានដឹងថា សត្វឥន្រ្ទីឈ្មោលមួយក្បាលនេះ មានស្លាបប្រវែង ជិត២ម៉ែត្រ តែដោយសារឆ្អឹងរបស់វាមានប្រហោងក្នុង នោះវាមានទម្ងន់ប្រហែល៤គីឡូក្រាមប៉ុណ្ណោះ។
រឿងនេះបានធ្វើឲ្យខ្ញុំនឹកឃើញសត្វឥន្រ្ទីដ៏មហិមាមួយក្បាល ដែលខ្ញុំធ្លាប់ឃើញហើរសំកាំងពីលើបឹងមួយ ដោយត្រៀមខ្លួនបោះពួយទម្លាក់ខ្លួនចុះមកចាប់ចំណីរបស់ខ្លួន នឹងក្រញាំជើង។ ហើយខ្ញុំក៏បាននឹកឃើញសត្វធំមួយក្បាលទៀត គឺសត្វក្រសារពណ៌ខៀវ មានជើងវែងៗ ដែលខ្ញុំបានលួចមើលឃើញវាកំពុងឈរស្ងៀម នៅមាត់ស្រះមួយ។ វាបានត្រៀមចឹកចំណីរបស់វានៅក្នុងទឹក ដោយចំពុះដ៏វែងរបស់វា។ សត្វទាំងពីរប្រភេទនេះ ស្ថិតនៅក្នុងចំណោមសត្វបក្សីជិត១ម៉ឺនប្រភេទទៀត ដែលអាចដឹកនាំគំនិតយើង ឲ្យគិតអំពីព្រះអាទិកររបស់យើង។
ក្នុងព្រះគម្ពីរយ៉ូប មិត្តភក្តិរបស់លោកយ៉ូបបានជជែកគ្នា អំពីមូលហេតុ ដែលគាត់កំពុងរងទុក្ខវេទនា ហើយក៏បានសួរគាត់ថា “តើអ្នកអាចគិតយល់អាថ៌កំបាំងទំាងអស់របស់ព្រះបានទេ?” (មើល ១១:៥-៩)។ លោកយ៉ូបក៏បានឆ្លើយតប ចំពោះពួកគេវិញ ដោយប្រកាសថា “ចូរអ្នកសួរសត្វតិរច្ឆានឥឡូវចុះ វានឹងបង្រៀនអ្នក ហើយសត្វស្លាប ដែលហើរលើអាកាសផង វានឹងប្រាប់ឲ្យអ្នកដឹង”(យ៉ូប ១២:៧)។ សត្វគឺជាភស្តុតាង ដែលបញ្ជាក់អំពីសេចក្តីពិតដែលថា ព្រះទ្រង់បានរចនា និងថែរក្សា ហើយគ្រប់គ្រងស្នាព្រះហស្តទ្រង់ “ដែលជីវិតនៃសត្វទាំងឡាយ សុទ្ធតែនៅក្នុងព្រះហស្តទ្រង់ ព្រមទាំងខ្យល់ដង្ហើមរបស់មនុស្សផងដូច្នេះ”(ខ.១០)។
ដោយសារព្រះទ្រង់យកព្រះទ័យទុកដាក់ចំពោះសត្វបក្សី (ម៉ាថាយ ៦:២៦ ១០:២៩) នោះយើងក៏អាចដឹងច្បាស់ថា ទ្រង់ស្រឡាញ់ ហើយថែរក្សាយើងរាល់គ្នា សូម្បីតែនៅពេលដែលយើងមិនយល់អំពីកាលៈទេសៈរបស់យើងក៏ដោយ។ ចូរយើងមើលជុំវិញខ្លួនយើង ហើយស្វែងយល់អំពីទ្រង់ចុះ។—ALYSON KIEDA