កញ្ញាដាយអ៊ែន គ្រូហ្គ័រ(Diane Kruger) គឺជាតារាភាពយន្ត ដែលគេបានឲ្យដើរតួរ ក្នុងរឿងមួយ ដែលបានធ្វើឲ្យនាងមានភាពល្បីល្បាញ។ ប៉ុន្តែ ក្នុងរឿងនោះ នាងត្រូវដើរតួរជាភរិយា និងម្តាយវ័យក្មេងម្នាក់ ដែលជួបការបាត់បង់ប្តី និងកូន ហើយនាងមិនធ្លាប់ជួបការបាត់បង់ដ៏ធ្ងន់ធ្ងរយ៉ាងនេះ ដោយផ្ទាល់ខ្លួនទេ។ នាងមិនដឹងថា គេអាចជឿលើសមត្ថភាពសម្តែងរបស់នាងឬអត់ទេ។ ប៉ុន្តែ នាងបានទទួលយកការសម្តែងនេះ ហើយដើម្បីត្រៀមខ្លួនដើរតួរ ក្នុងរឿងនេះ នាងក៏បានទៅចូលរួម នៅក្នុងការជួបជុំគ្នា ដែលគេបានរៀបចំ សម្រាប់ជួយអ្នកដែលកំពុងតែឆ្លងកាត់ជ្រលង នៃការទួញសោកដ៏ធ្ងន់ធ្ងរ។
ពីដំបូង នាងបានផ្តល់ការលើកទឹកចិត្ត និងយោបល់ ពេលដែលអ្នកនៅក្នុងក្រុមនោះ បានចែកចាយអំពីរឿងរបស់ពួកគេ។ នាងចង់ជួយលើកទឹកចិត្តពួកគេ ប៉ុន្តែ យូរៗទៅ នាងក៏បានឈប់និយាយ ហើយគ្រាន់តែស្តាប់គេនិយាយវិញ។ គឺទាល់តែដល់ពេលនោះ ទើបនាងចាប់ផ្តើមយល់ អំពីបទពិសោធន៍ ទុក្ខលំបាក និងជីវិតរបស់ពួកគេ។ ហើយនាងយល់អំពីទុក្ខលំបាករបស់ពួកគេ ដោយសារនាងប្រើត្រចៀកស្តាប់ពួកគេនិយាយ ។
មានពេលមួយ ហោរាយេរេមាបានចោទប្រកាន់ប្រជាជនអ៊ីស្រាអែលថា បានបដិសេធមិនព្រមប្រើ “ត្រចៀក” ស្តាប់ព្រះសូរសៀងព្រះអម្ចាស់។ ហោរារូបនេះមិនបានសំចៃពាក្យសម្តីឡើយ។ គាត់បានហៅពួកគេថា “ជនជាតិល្ងីល្ងើ ហើយឥតយោបល់”(យេរេមា ៥:២១)។ ព្រះជាម្ចាស់ធ្វើការក្នុងជីវិតយើងជានិច្ច ដោយមានបន្ទូលជាពាក្យនៃសេចក្តីស្រឡាញ់ ការបង្រៀន ការលើកទឹកចិត្ត និងការដាស់តឿន។ ព្រះវរបិតាសព្វព្រះទ័យឲ្យយើងរៀន ហើយមានភាពពេញវ័យ ហើយដើម្បីឲ្យយើងរៀនសូត្រ និងមានភាពពេញវ័យ ទ្រង់បានប្រទានឲ្យយើងមានឧបករណ៍ជាច្រើន សម្រាប់ប្រើ ដែលមានត្រចៀកជាដើម។
យើងត្រូវសួរខ្លួនឯងថា តើយើងនឹងប្រើត្រចៀកយើង ដើម្បីស្តាប់ឲ្យស្គាល់ព្រះទ័យព្រះវរបិតានៃយើងឬទេ? —JOHN BLASÉ