មានពេលមួយ ពេលម្តាយខ្ញុំត្រឡប់មកពីធ្វើការវិញ គាត់បានប្រាប់ខ្ញុំថា មិត្តភក្តិរបស់យើងឈ្មោះ ហេលែន(Helen) បានផ្ញើអំណោយមួយមកខ្ញុំ។ កាលខ្ញុំកំពុងចម្រើនវ័យធំឡើង យើងមិនសូវមានរបស់របរអ្វីច្រើនទេ ដូចនេះ ការទទួលអំណោយមួយ នៅក្នុងប្រអប់សំបុត្រ គឺសប្បាយដូចការប្រារព្ធបុណ្យណូអែល លើកទីពីរអញ្ចឹង។ ខ្ញុំមានអារម្មណ៍ថា ព្រះជាម្ចាស់ស្រឡាញ់ នឹកចាំ និងឲ្យតម្លៃខ្ញុំ តាមរយៈស្រ្តីដ៏អស្ចារ្យម្នាក់នេះ។
ស្រ្តីមេមាយទាល់ក្រ ដែលអ្នកស្រីតេប៊ីថាបានកាត់ខោអាវឲ្យ ប្រាកដជាមានអារម្មណ៍ដូចនេះផងដែរ។ កាលនោះ នាងជាសិស្សស្រីម្នាក់របស់ព្រះយេស៊ូវ ដែលកំពុងរស់នៅ ក្នុងទីក្រុងយ៉ុបប៉េ។ គេឮល្បីថា នាងជាមនុស្សដែលបានធ្វើអំពើសប្បុរសជាច្រើន។ នាងតែងតែ “ធ្វើអំពើល្អ និងជួយអ្នកក្រជាច្រើន”(កិច្ចការ ៩:៣៦)។ បន្ទាប់មក នាងក៏មានជម្ងឺ ហើយក៏បានស្លាប់។ នៅពេលនោះ សាវ័កពេត្រុសកំពុងតែនៅទីក្រុងជិតខាង ដូចនេះ មានគ្រីស្ទបរិស័ទពីរនាក់ បានទៅរកគាត់ ហើយក៏បានអង្វរគាត់ ឲ្យធ្វើដំណើរមកក្រុងយ៉ុបប៉េ។
ពេលលោកពេត្រុសមកដល់ ស្រ្តីមេម៉ាយដែលអ្នកស្រីតេប៊ីថាបានជួយ ក៏បានបង្ហាញភស្តុតាងនៃភាពសប្បុរសរបស់នាង ដែលមានដូចជា “អាវ និងសំលៀកបំពាក់ទាំងប៉ុន្មាន ដែលតេប៊ីថាបានធ្វើ”(ខ.៣៩)។ ព្រះវិញ្ញាណបរិសុទ្ធក៏បានដឹកនាំលោកពេត្រុស ឲ្យអធិស្ឋានឲ្យគាត់ ហើយព្រះជាម្ចាស់ក៏បានប្រោសនាងឲ្យរស់ឡើងវិញ! ដោយសារព្រះទ័យសណ្តោសរបស់ព្រះជាម្ចាស់ នៅក្នុងការប្រោសគាត់ “មនុស្សទាំងឡាយបានដឹងដំណឹងពីការនោះ នៅពេញពាសក្នុងក្រុងយ៉ុបប៉េ ហើយមានមនុស្សជាច្រើន បានជឿដល់ព្រះអម្ចាស់”(ខ.៤២)។
ខណៈពេលដែលយើងបង្ហាញចេញនូវចិត្តសប្បុរស ដល់អ្នកដែលនៅជុំវិញយើង សូមព្រះជាម្ចាស់ប្រទានពរពួកគេ ឲ្យងាកបែរទៅរកព្រះអង្គ ហើយដឹងថា ព្រះអង្គបានឲ្យតម្លៃពួកគេ។—ESTERA PIROSCA ESCOBAR