មាន​ពេល​មួយ ពេល​ម្តាយ​ខ្ញុំ​ត្រឡប់​មក​ពី​ធ្វើ​ការ​វិញ គាត់​បាន​ប្រាប់​ខ្ញុំ​ថា មិត្ត​ភក្តិ​របស់​យើង​ឈ្មោះ ហេលែន(Helen) បាន​ផ្ញើ​អំណោយ​មួយ​មក​ខ្ញុំ។ កាល​ខ្ញុំ​កំពុង​ចម្រើន​វ័យ​ធំ​ឡើង យើង​មិន​សូវ​មាន​របស់​របរ​អ្វី​ច្រើន​ទេ ដូច​នេះ ការ​ទទួល​អំណោយ​មួយ នៅ​ក្នុង​ប្រអប់​សំបុត្រ គឺ​សប្បាយ​ដូច​ការ​ប្រារព្ធ​បុណ្យ​ណូអែល លើក​ទីពីរ​អញ្ចឹង។ ខ្ញុំ​មាន​អារម្មណ៍​ថា ព្រះ​ជា​ម្ចាស់​ស្រឡាញ់ នឹក​ចាំ និង​ឲ្យ​តម្លៃ​ខ្ញុំ តាម​រយៈ​ស្រ្តី​ដ៏​អស្ចារ្យ​ម្នាក់​នេះ។

ស្រ្តី​មេមាយ​ទាល់​ក្រ ដែល​អ្នក​ស្រី​តេប៊ីថា​បាន​កាត់​ខោអាវ​ឲ្យ ប្រាកដ​ជា​មាន​អារម្មណ៍​ដូច​នេះ​ផង​ដែរ។ កាល​នោះ នាងជា​សិស្ស​ស្រី​ម្នាក់​របស់​ព្រះ​យេស៊ូវ ដែល​កំពុង​រស់​នៅ ក្នុង​ទីក្រុង​យ៉ុបប៉េ។ គេ​ឮ​ល្បី​ថា នាង​ជា​មនុស្ស​ដែល​បាន​ធ្វើ​អំពើ​សប្បុរស​ជា​ច្រើន។ នាង​តែង​តែ “ធ្វើ​អំពើ​ល្អ និង​ជួយ​អ្នក​ក្រ​ជា​ច្រើន”(កិច្ចការ ៩:៣៦)។ បន្ទាប់​មក នាង​ក៏​មាន​ជម្ងឺ ហើយ​ក៏​បាន​ស្លាប់។​ នៅ​ពេល​នោះ សាវ័ក​ពេត្រុស​កំពុង​តែ​នៅ​ទីក្រុង​ជិត​ខាង ដូច​នេះ មាន​គ្រីស្ទ​បរិស័ទ​ពីរ​នាក់ បាន​ទៅ​រក​គាត់ ហើយ​ក៏​បាន​អង្វរ​គាត់ ឲ្យ​ធ្វើ​ដំណើរ​មក​ក្រុង​យ៉ុបប៉េ។

ពេល​លោក​ពេត្រុស​មក​ដល់ ស្រ្តី​មេម៉ាយ​ដែល​អ្នក​ស្រី​តេប៊ីថា​បាន​ជួយ ក៏​បាន​បង្ហាញ​ភស្តុតាង​នៃ​ភាព​សប្បុរស​របស់​នាង ដែល​មាន​ដូច​ជា “អាវ និង​សំលៀក​បំពាក់​ទាំង​ប៉ុន្មាន ដែល​តេប៊ីថា​បាន​ធ្វើ”(ខ.៣៩)។ ព្រះ​វិញ្ញាណ​បរិសុទ្ធ​ក៏បាន​ដឹក​នាំ​លោក​ពេត្រុស ឲ្យ​អធិស្ឋាន​ឲ្យ​គាត់ ហើយ​ព្រះ​ជា​ម្ចាស់​ក៏​បាន​ប្រោស​នាង​ឲ្យ​រស់​ឡើង​វិញ!​ ដោយសារ​ព្រះ​ទ័យ​សណ្តោស​របស់​ព្រះ​ជា​ម្ចាស់ នៅ​ក្នុង​ការ​ប្រោស​គាត់​ “មនុស្ស​ទាំងឡាយ​បាន​ដឹង​ដំណឹង​ពី​ការ​នោះ នៅ​ពេញពាស​ក្នុង​ក្រុង​យ៉ុបប៉េ ហើយ​មាន​មនុស្ស​ជា​ច្រើន បាន​ជឿ​ដល់​ព្រះអម្ចាស់”(ខ.៤២)​។

ខណៈ​ពេល​ដែល​យើង​បង្ហាញ​ចេញ​នូវ​ចិត្ត​សប្បុរស ដល់​អ្នក​ដែល​នៅ​ជុំវិញ​យើង សូម​ព្រះ​ជា​ម្ចាស់​ប្រទាន​ពរ​ពួក​គេ ឲ្យ​ងាក​បែរ​ទៅ​រក​ព្រះ​អង្គ ហើយ​ដឹង​ថា ព្រះ​អង្គ​បាន​ឲ្យ​តម្លៃ​ពួក​គេ។—ESTERA PIROSCA ESCOBAR