ខ្ញុំបានទទួលការលើកទឹកចិត្ត រៀងរាល់ពេលដែលខ្ញុំបានទៅមើលមជ្ឈមណ្ឌលហាត់ប្រាណ នៅក្បែរផ្ទះខ្ញុំ។ នៅកន្លែងដ៏មមាញឹកនោះ មានសុទ្ធតែអ្នក ដែលព្យាយាមហាត់ប្រាណ ឲ្យមានខុសភាពល្អ និងកម្លាំងកាន់តែខ្លាំង។ គេបានដាក់ផ្លាកសញ្ញា នៅទីនោះ ដើម្បីរំឭកយើងថា យើងមិនត្រូវកាត់ទោសគ្នាទៅវិញទៅមកឡើយ ប៉ុន្តែ គេតែងតែស្វាគមន៍ ពាក្យសម្តី និងសកម្មភាព ដែលបង្ហាញចេញនូវការគាំទ្រគ្នាទៅវិញទៅមក ចំពោះការប្រឹងប្រែងរបស់យើង។
រឿងនេះបានធ្វើឲ្យខ្ញុំនឹកចាំថា អំពីអាកប្បកិរិយា ដែលយើងត្រូវមាន ក្នុងជីវិតខាងវិញ្ញាណ។ អ្នកខ្លះបានព្យាយាមហ្វឹកហាត់ ឲ្យមានភាពរឹងមាំខាងវិញ្ញាណ និងលូតលាស់ ក្នុងសេចក្តីជំនឿ តែពេលខ្លះពួកគេមានអារម្មណ៍ថា ពួកគេហាក់ដូចជាមិនអាចចូលទៅក្នុងចំណោមគ្រីស្ទបរិស័ទដទៃបាន ដោយសារខ្លួនមិនមានភាពរឹងមាំខាងវិញ្ញាណ នៅក្នុងការដើរជាមួយព្រះយេស៊ូវ ដូចអ្នកដទៃ។
ត្រង់ចំណុចនេះ សាវ័កប៉ុលបានបង្រៀនយើង ដោយនិយាយត្រង់ៗថា “ចូរកំសាន្ត ហើយស្អាងចិត្តគ្នា ទៅវិញទៅមក ដូចជាអ្នករាល់គ្នាកំពុងតែធ្វើហើយនោះដែរ”(១ថែស្សាឡូនិច ៥:១១)។ ហើយគាត់បានសរសេរសំបុត្រផ្ញើទៅពួកជំនុំនៅទីក្រុងរ៉ូមថា “ត្រូវឲ្យយើងទាំងអស់គ្នាបំពេញចិត្តអ្នកជិតខាងខ្លួន សំរាប់ជាសេចក្តីល្អ ឲ្យបានស្អាងចិត្តឡើង”(រ៉ូម ១៥:២)។ យើងត្រូវដឹងថា ព្រះវរបិតានៃយើងមានព្រះទ័យសណ្តោស ចំពោះយើងយ៉ាងខ្លាំង បានជាយើងអាចបង្ហាញចេញនូវព្រះគុណរបស់ព្រះអង្គ ដល់អ្នកដទៃ ដោយពាក្យសម្តី និងសកម្មភាព ដែលលើកទឹកចិត្ត។
ខណៈពេលដែលយើង “ទទួលគ្នាទៅវិញទៅមក”(ខ.៧) ចូរយើងថ្វាយការលូតលាស់ខាងវិញ្ញាណរបស់យើង ដាច់ដល់ព្រះជាម្ចាស់ ដោយអនុញ្ញាតឲ្យព្រះវិញ្ញាណព្រះអង្គធ្វើការក្នុងជីវិតយើង។ ហើយខណៈពេលដែលយើងព្យាយាមដើរតាមព្រះអង្គជារៀងរាល់ថ្ងៃ ចូរយើងបង្កើតបរិយាកាស នៃការលើកទឹកចិត្ត សម្រាប់បងប្អួនប្រុសស្រី ក្នុងព្រះយេស៊ូវ ខណៈពេលដែលពួកគេព្យាយាមលូតលាស់ ក្នុងជំនឿរបស់ខ្លួន។—DAVE BRANON