ខ្ញុំ​បាន​ទទួល​ការ​លើក​ទឹក​ចិត្ត រៀង​រាល់​ពេល​ដែល​ខ្ញុំ​បាន​ទៅ​មើល​មជ្ឈ​មណ្ឌល​ហាត់​ប្រាណ នៅ​ក្បែរ​ផ្ទះ​ខ្ញុំ។ នៅ​កន្លែង​ដ៏​មមាញឹក​នោះ​ មាន​សុទ្ធ​តែ​អ្នក ដែល​ព្យាយាម​ហាត់​ប្រាណ ឲ្យ​មាន​ខុស​ភាព​ល្អ និង​កម្លាំង​កាន់​តែ​ខ្លាំង។ គេ​បាន​ដាក់​ផ្លាក​សញ្ញា នៅ​ទីនោះ ដើម្បី​រំឭក​យើង​ថា យើង​មិន​ត្រូវ​កាត់​ទោស​គ្នា​ទៅ​វិញ​ទៅ​មក​ឡើយ ប៉ុន្តែ គេ​តែង​តែ​ស្វាគមន៍ ​ពាក្យ​សម្តី និង​សកម្ម​ភាព ដែល​បង្ហាញ​ចេញ​នូវ​ការ​គាំ​ទ្រ​គ្នា​ទៅ​វិញ​ទៅ​មក ចំពោះ​ការ​ប្រឹង​ប្រែង​របស់​យើង​។

រឿង​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ​ថា អំពី​អាកប្ប​កិរិយា ដែល​យើង​ត្រូវ​មាន ក្នុង​ជីវិត​ខាង​វិញ្ញាណ។ អ្នក​ខ្លះ​បាន​ព្យាយាម​ហ្វឹកហាត់ ឲ្យ​មាន​ភាព​រឹង​មាំ​ខាង​វិញ្ញាណ និង​លូត​លាស់ ក្នុង​សេចក្តី​ជំនឿ តែ​ពេល​ខ្លះ​ពួក​គេ​មាន​អារម្មណ៍​ថា ពួក​គេ​ហាក់​ដូច​ជា​មិន​អាច​ចូល​ទៅ​ក្នុង​ចំណោម​គ្រីស្ទ​បរិស័ទ​ដទៃ​បាន ដោយសារ​ខ្លួន​មិន​មាន​ភាព​រឹង​មាំ​ខាង​វិញ្ញាណ នៅ​ក្នុង​ការ​ដើរ​ជា​មួយ​ព្រះ​យេស៊ូវ ដូច​អ្នក​ដទៃ។

ត្រង់​ចំណុច​នេះ សាវ័ក​ប៉ុល​បាន​បង្រៀន​យើង ដោយ​និយាយ​ត្រង់​ៗ​ថា “ចូរ​កំសាន្ត ហើយ​ស្អាង​ចិត្ត​គ្នា ទៅ​វិញ​ទៅ​មក ដូច​ជា​អ្នក​រាល់​គ្នា​កំពុង​តែ​ធ្វើ​ហើយ​នោះ​ដែរ”(១ថែស្សាឡូនិច ៥:១១)។ ហើយ​គាត់​បាន​សរសេរ​សំបុត្រ​ផ្ញើ​ទៅ​ពួក​ជំនុំ​នៅ​ទីក្រុង​រ៉ូម​ថា “ត្រូវ​ឲ្យ​យើង​ទាំង​អស់​គ្នា​បំពេញ​ចិត្ត​អ្នក​ជិត​ខាង​ខ្លួន សំរាប់​ជា​សេចក្តី​ល្អ ឲ្យ​បាន​ស្អាង​ចិត្ត​ឡើង”(រ៉ូម ១៥:២)។ យើង​ត្រូវ​ដឹង​ថា ព្រះ​វរបិតា​នៃ​យើង​មាន​ព្រះ​ទ័យ​សណ្តោស ចំពោះ​យើង​យ៉ាង​ខ្លាំង បាន​ជា​យើង​អាច​បង្ហាញចេញ​នូវ​ព្រះ​គុណ​របស់​ព្រះ​អង្គ ដល់​អ្នក​ដទៃ ដោយ​ពាក្យ​សម្តី និង​សកម្ម​ភាព ដែល​លើក​ទឹក​ចិត្ត។

ខណៈ​ពេល​ដែល​យើង “ទទួល​គ្នា​ទៅ​វិញ​ទៅ​មក”(ខ.៧) ចូរ​យើង​ថ្វាយ​ការ​លូត​លាស់​ខាង​វិញ្ញាណ​របស់​យើង ដាច់​ដល់​ព្រះ​ជា​ម្ចាស់ ដោយ​អនុញ្ញាត​ឲ្យ​ព្រះ​វិញ្ញាណ​ព្រះ​អង្គ​ធ្វើ​ការ​ក្នុង​ជីវិត​យើង។ ហើយ​ខណៈ​ពេល​ដែល​យើង​ព្យាយាម​ដើរ​តាម​ព្រះ​អង្គ​ជា​រៀង​រាល់​ថ្ងៃ ចូរ​យើង​បង្កើត​បរិយា​កាស នៃ​ការ​លើក​ទឹក​ចិត្ត សម្រាប់​បង​ប្អួន​ប្រុស​ស្រី ក្នុង​ព្រះ​យេស៊ូវ​ ខណៈ​ពេល​ដែល​ពួក​គេ​ព្យាយាម​លូត​លាស់ ក្នុង​ជំនឿ​របស់​ខ្លួន។—DAVE BRANON