ពេលដែលភរិយារបស់មិត្តភក្តិខ្ញុំ កើតជម្ងឺវង្វេង ការផ្លាស់ប្តូរ ដែលបានបណ្តាលមកពីជម្ងឺនេះ បានធ្វើឲ្យជីវិតគាត់ជួបភាពជូរចត់។ គាត់ចាំបាច់ត្រូវចូលនិវត្តន៍មុនពេលកំណត់ ដើម្បីមើលថែភរិយាគាត់ ហើយខណៈពេលដែលជម្ងឺនេះមានសភាពកាន់តែធ្ងន់ធ្ងរឡើងៗ នាងត្រូវការការថែទាំកាន់តែខ្លាំង។
គាត់ប្រាប់ខ្ញុំថា គាត់ខឹងនឹងព្រះជាម្ចាស់ណាស់ ប៉ុន្តែ ពេលដែលគាត់អធិស្ឋានអំពីរឿងនេះ កាន់តែច្រើន ព្រះជាម្ចាស់ក៏បានបើកបង្ហាញអ្វីដែលបានកប់ក្នុងចិត្តគាត់ និងបង្ហាញឲ្យដឹងថា គាត់មានភាពអាត្មានិយមប៉ុណ្ណា នៅក្នុងជីវិតអាពាហ៍ពិពាហ៍របស់គាត់។ គាត់ក៏បាននិយាយសារភាពទាំងទឹកភ្នែកថា នាងបានឈឺដប់ឆ្នាំហើយ ប៉ុន្តែ ព្រះជាម្ចាស់បានជួយគាត់ ឲ្យមានទស្សនៈ និងគំនិតខុសពីមុន។ សព្វថ្ងៃនេះ ខ្ញុំបានធ្វើអ្វីៗគ្រប់យ៉ាង ដោយសេចក្តីស្រឡាញ់ ចំពោះនាង ហើយខ្ញុំក៏បានធ្វើថ្វាយព្រះយេស៊ូវផងដែរ។ ការមើលថែនាង គឺជាឯកសិទ្ធិដ៏អស្ចារ្យ ក្នុងជីវិតគាត់”។
ជួនកាល ព្រះជាម្ចាស់ឆ្លើយតបការអធិស្ឋានរបស់យើង ដោយមិនបានប្រទានអ្វីដែលយើងចង់បាននោះទេ តែទ្រង់ជំរុញចិត្តយើង ឲ្យមានការផ្លាស់ប្រែ។ មានពេលមួយ ហោរាយ៉ូណាសមានកំហឹងឆួលឡើង ដោយសារព្រះជាម្ចាស់ប្រោសប្រណីដល់ទីក្រុងនីនីវេ ដែលជាទីក្រុងដ៏អាក្រក់ ឲ្យជៀសផុតពីការបំផ្លិចបំផ្លាញ។ ពេលនោះ ព្រះអង្គក៏បានបណ្តាលឲ្យរុក្ខជាតិមួយដើមដុះឡើង ដើម្បីឲ្យគាត់មានម្លប់ជ្រក នៅពេលថ្ងៃក្តៅ(យ៉ូណាស ៤:៦)។ បន្ទាប់មក ទ្រង់ក៏បានធ្វើឲ្យវាក្រៀមស្វិត។ ពេលលោកយ៉ូណាសរអ៊ូរទាំ ព្រះទ្រង់ក៏បានឆ្លើយតបថា “ការដែលឯងខឹងពីដំណើរដើមវល្លិនោះ តើគួរឬ?”(ខ.៧-៩)។ លោកយ៉ូណាសគិតតែពីខ្លួនឯង បានជាគាត់ឆ្លើយថា ដែលគាត់ខឹងនោះ គឺត្រូវហើយ។ ប៉ុន្តែ ព្រះជាម្ចាស់ក៏បានជំរុញចិត្តគាត់ ឲ្យគិតពីអ្នកដទៃ និងមានក្តីអាណិតចំពោះគេ។
ជួនកាល ព្រះជាម្ចាស់ប្រើការអធិស្ឋានរបស់យើង តាមរបៀបដែលយើងមិននឹកស្មានដល់ ដើម្បីជួយយើង ឲ្យឱនលំទោន និងលូតលាស់។ វាជាការផ្លាស់ប្រែដែលយើងអាចស្វាគមន៍ ដោយចិត្តបើកចំហ ព្រោះព្រះអង្គសព្វព្រះទ័យនឹងកែប្រែជីវិតយើង ដោយសេចក្តីស្រឡាញ់របស់ទ្រង់។—JAMES BANKS