ពេល​ដែល​ភរិយា​របស់​មិត្ត​ភក្តិ​ខ្ញុំ កើត​ជម្ងឺ​វង្វេង ការ​ផ្លាស់​ប្តូរ ដែល​បាន​បណ្តាល​មក​ពី​ជម្ងឺ​នេះ បាន​ធ្វើ​ឲ្យ​ជីវិត​គាត់​ជួប​ភាព​ជូរ​ចត់។ គាត់​ចាំ​បាច់​ត្រូវ​ចូល​និវត្តន៍​មុន​ពេល​កំណត់ ដើម្បី​មើល​ថែ​ភរិយា​គាត់ ហើយ​ខណៈ​ពេល​ដែល​ជម្ងឺ​នេះមាន​សភាព​កាន់​តែ​ធ្ងន់​ធ្ងរ​ឡើង​ៗ នាង​ត្រូវ​ការ​ការ​ថែ​ទាំ​កាន់​តែ​ខ្លាំង។

គាត់​ប្រាប់​ខ្ញុំ​ថា គាត់​ខឹង​នឹង​ព្រះ​ជា​ម្ចាស់​ណាស់ ប៉ុន្តែ ពេល​ដែល​គាត់​អធិស្ឋាន​អំពី​រឿង​នេះ កាន់​តែ​ច្រើន ព្រះ​ជា​ម្ចាស់​ក៏​បាន​បើក​បង្ហាញ​អ្វី​ដែល​បាន​កប់​ក្នុង​ចិត្ត​គាត់​ និង​បង្ហាញ​ឲ្យ​ដឹង​ថា គាត់​មាន​ភាព​អាត្មា​និយម​ប៉ុណ្ណា នៅ​ក្នុង​ជីវិត​អាពាហ៍​ពិពាហ៍​របស់​គាត់។ គាត់​ក៏​បាន​និយាយ​សារ​ភាព​ទាំង​ទឹក​ភ្នែក​ថា នាង​បាន​ឈឺ​ដប់​ឆ្នាំ​ហើយ ប៉ុន្តែ ព្រះ​ជា​ម្ចាស់បាន​ជួយ​គាត់ ឲ្យ​មាន​ទស្សនៈ និង​គំនិត​ខុស​ពី​មុន។ សព្វ​ថ្ងៃ​នេះ ខ្ញុំ​បាន​ធ្វើ​អ្វី​ៗ​គ្រប់​យ៉ាង ដោយ​សេចក្តី​ស្រឡាញ់ ចំពោះ​នាង ហើយ​ខ្ញុំ​ក៏​បាន​ធ្វើ​ថ្វាយ​ព្រះយេស៊ូវ​ផង​ដែរ។ ការ​មើល​ថែ​នាង គឺ​ជា​ឯក​សិទ្ធិ​ដ៏​អស្ចារ្យ ក្នុង​ជីវិត​គាត់”។

ជួន​កាល ព្រះ​ជា​ម្ចាស់​ឆ្លើយ​តប​ការ​អធិស្ឋាន​របស់​យើង ដោយ​មិន​បាន​ប្រទាន​អ្វី​ដែល​យើង​ចង់​បាន​នោះ​ទេ តែ​ទ្រង់​ជំរុញ​ចិត្ត​យើង ឲ្យ​មាន​ការ​ផ្លាស់​ប្រែ។ មាន​ពេល​មួយ ហោរា​យ៉ូណាស​មាន​កំហឹង​ឆួល​ឡើង ដោយ​សារ​ព្រះ​ជា​ម្ចាស់​ប្រោស​ប្រណី​ដល់​ទីក្រុង​នីនីវេ ដែល​ជា​ទីក្រុង​ដ៏​អាក្រក់ ឲ្យ​ជៀស​ផុត​ពី​ការ​បំផ្លិច​បំផ្លាញ។ ពេល​នោះ​ ព្រះ​អង្គ​ក៏​បាន​បណ្តាល​ឲ្យ​រុក្ខ​ជាតិ​មួយ​ដើម​ដុះ​ឡើង ដើម្បី​ឲ្យ​គាត់​មាន​ម្លប់​ជ្រក នៅ​ពេល​ថ្ងៃ​ក្តៅ​(យ៉ូណាស ៤:៦)។ បន្ទាប់​មក ទ្រង់​ក៏​បាន​ធ្វើ​ឲ្យ​វា​ក្រៀម​ស្វិត។ ពេល​លោក​យ៉ូណាស​រអ៊ូរទាំ ព្រះ​ទ្រង់​ក៏​បាន​ឆ្លើយ​តប​ថា “ការ​ដែល​ឯង​ខឹង​ពី​ដំណើរ​ដើម​វល្លិ​នោះ តើ​គួរ​ឬ?”(ខ.៧-៩)។ លោក​យ៉ូណាស​គិត​តែ​ពី​ខ្លួន​ឯង បាន​ជា​គាត់​ឆ្លើយ​ថា ដែល​គាត់​ខឹង​នោះ គឺ​ត្រូវ​ហើយ។ ប៉ុន្តែ ព្រះ​ជា​ម្ចាស់​ក៏​បាន​ជំរុញ​ចិត្ត​គាត់ ឲ្យ​គិត​ពី​អ្នក​ដទៃ និង​មាន​ក្តី​អាណិត​ចំពោះ​គេ។

ជួន​កាល ព្រះ​ជា​ម្ចាស់​ប្រើ​ការ​អធិស្ឋាន​របស់​យើង តាម​របៀប​ដែល​យើង​មិន​នឹក​ស្មាន​ដល់ ដើម្បី​ជួយ​យើង ឲ្យ​ឱន​លំទោន និង​លូត​លាស់។ វា​ជា​ការ​ផ្លាស់​ប្រែ​ដែល​យើង​អាច​ស្វាគមន៍ ដោយ​ចិត្ត​បើក​ចំហ ព្រោះ​ព្រះ​អង្គ​សព្វ​ព្រះ​ទ័យ​នឹង​កែ​ប្រែ​ជីវិត​យើង ដោយ​សេចក្តី​ស្រឡាញ់​របស់​ទ្រង់។—JAMES BANKS