ខ្ញុំបាននឹកចាំ អំពីយោបលដ៏ល្អៗមួយចំនួន ដែលមិត្តភក្តិខ្ញុំម្នាក់បានផ្តល់ឲ្យខ្ញុំ។ នៅដើមដំបូងនៃអាជីពរបស់គាត់ ជាអ្នកចាក់ផ្សាយវិទ្យុ គាត់មានការពិបាក មិនដឹងថា ត្រូវឆ្លើយតបយ៉ាងដូចម្តេច ចំពោះការរិះគន់ និងការសរសើរ។ ពេលនោះ គាត់យល់ថា ព្រះជាម្ចាស់កំពុងតែលើកទឹកចិត្តគាត់ ឲ្យទទួលយកការរិះគន់ ក៏ដូចជាការសរសើរ។ តើគាត់ត្រូវទទួលការទាំងពីរយ៉ាងនេះ ទុកក្នុងចិត្តដោយរបៀបណា? គឺគាត់បានរៀនសូត្រ អំពីប្រយោជន៍ ដែលគាត់អាចទទួលបានពីការរិះគន់ ហើយទទួលយកការសរសើរពីអ្នកដទៃ។ បន្ទាប់មក គាត់យកការទាំងពីរយ៉ាងនេះ ទុកក្នុងចិត្ត ហើយបន្តដំណើរទៅមុខទៀត ដោយការបន្ទាបខ្លួន ក្នុងព្រះគុណ និងអំណាចចេស្តារបស់ព្រះ។
ការរិះគន់ និងការសរសើរបណ្តាលឲ្យយើងមានអារម្មណ៍ដ៏មានអំណាច តែបើមិនប្រយ័ត្នទេ វាអាចនាំឲ្យយើងលើកដំកើងខ្លួនឯង ឬមានអំណួត។ បទគម្ពីរសុភាសិតបានចែងអំពីអត្ថប្រយោជន៍នៃការលើកទឹកចិត្ត និងការផ្តល់យោបល់ដ៏ឆ្លាតវ័យ។ គឺដូចមានសេចក្តីចែងថា “ដំណឹងដែលគាប់ចិត្ត នោះរមែងចំរើនកំឡាំងដល់ឆ្អឹង។ ត្រចៀកណាដែលស្តាប់តាមសេចក្តីបន្ទោសនៃជីវិត នោះនឹងអាស្រ័យនៅជាកណ្តាលពួកអ្នកប្រាជ្ញ។ អ្នកណាដែលមិនព្រមទទួលសេចក្តីប្រៀនប្រដៅនោះឈ្មោះថាស្អប់ខ្ពើមដល់ព្រលឹងខ្លួន តែអ្នកណាដែលស្តាប់តាមសេចក្តីបន្ទោស នោះបានយោបល់វិញ”(១៥:៣០-៣២)។
បើយើងបានទទួលការស្តីបន្ទោស នោះយើងអាចសម្រេចចិត្តឲ្យការស្តីបន្ទោសនោះសំលៀងយើងឲ្យមុត។ បទគម្ពីរសុភាសិតបានចែងថា “ត្រចៀកណាដែលស្តាប់តាមសេចក្តីបន្ទោសនៃជីវិត នោះនឹងអាស្រ័យនៅជាកណ្តាលពួកអ្នកប្រាជ្ញ”(ខ.៣១)។ ហើយបើគេឲ្យពរយើង ដោយពាក្យសរសើរ នោះយើងអាចរៀនសូត្រ ពីការរិះគន់ និងការសរសើរ ទទួលទុកក្នុងចិត្ត ហើយបន្តដំណើរទៅមុខទៀត នៅក្នុងព្រះអង្គ(ខ.៣៣)។—RUTH O’REILLY-SMITH