ខ្ញុំ​បាន​នឹក​ចាំ អំពី​យោបល​ដ៏​ល្អ​ៗ​មួយ​ចំនួន ដែល​មិត្ត​ភក្តិ​ខ្ញុំ​ម្នាក់​បាន​ផ្តល់​ឲ្យ​ខ្ញុំ។ នៅ​ដើម​ដំបូង​នៃ​អាជីព​របស់​គាត់ ជា​អ្នក​ចាក់​ផ្សាយ​វិទ្យុ គាត់​មាន​ការ​ពិបាក មិន​ដឹង​ថា ត្រូវ​ឆ្លើយ​តប​យ៉ាង​ដូច​ម្តេច ចំពោះ​ការ​រិះ​គន់ និង​ការ​សរសើរ។ ពេល​នោះ គាត់​យល់​ថា ព្រះ​ជា​ម្ចាស់​កំពុង​តែ​លើក​ទឹក​ចិត្ត​គាត់ ឲ្យ​ទទួល​យក​ការ​រិះ​គន់​ ក៏​ដូច​ជា​ការ​សរសើរ។ តើ​គាត់​ត្រូវទទួល​ការ​ទាំង​ពីរ​យ៉ាង​នេះ ទុក​ក្នុង​ចិត្ត​ដោយ​របៀប​ណា? គឺ​គាត់​បាន​រៀន​សូត្រ អំពី​ប្រយោជន៍ ដែល​គាត់​អាច​ទទួល​បាន​ពី​ការរិះ​គន់ ហើយ​ទទួល​យក​ការ​សរសើរ​ពី​អ្នក​ដទៃ។ បន្ទាប់​មក គាត់​យក​ការ​ទាំង​ពីរ​យ៉ាង​នេះ ទុក​ក្នុង​ចិត្ត​ ហើយ​បន្ត​ដំណើរ​ទៅ​មុខ​ទៀត ដោយ​ការ​បន្ទាប​ខ្លួន ក្នុង​ព្រះ​គុណ និង​អំណាច​ចេស្តា​របស់​ព្រះ។

ការ​រិះ​គន់ និង​ការ​សរសើរ​បណ្តាល​ឲ្យ​យើង​មាន​អារម្មណ៍​ដ៏​មាន​អំណាច តែ​បើ​មិន​ប្រយ័ត្ន​ទេ វា​អាច​នាំ​ឲ្យ​យើង​លើក​ដំកើង​ខ្លួន​ឯង ឬ​មាន​អំណួត។ បទ​គម្ពីរ​សុភាសិត​បាន​ចែង​អំពី​អត្ថ​ប្រយោជន៍​នៃ​ការ​លើក​ទឹក​ចិត្ត និង​ការ​ផ្តល់​យោបល់​ដ៏​ឆ្លាត​វ័យ។ គឺ​ដូច​មាន​សេចក្តី​ចែង​ថា “​ដំណឹង​ដែល​គាប់​ចិត្ត នោះ​រមែង​ចំរើន​កំឡាំង​ដល់​ឆ្អឹង។ ត្រចៀក​ណា​ដែល​ស្តាប់​តាម​សេចក្តី​បន្ទោស​នៃ​ជីវិត នោះ​នឹង​អាស្រ័យ​នៅ​ជា​កណ្តាល​ពួក​អ្នក​ប្រាជ្ញ។ អ្នក​ណា​ដែល​មិន​ព្រម​ទទួល​សេចក្តី​ប្រៀនប្រដៅ​នោះ​ឈ្មោះ​ថា​ស្អប់​ខ្ពើម​ដល់​ព្រលឹង​ខ្លួន តែ​អ្នក​ណា​ដែល​ស្តាប់​តាម​សេចក្តី​បន្ទោស នោះ​បាន​យោបល់​វិញ”(១៥:៣០-៣២)។

បើ​យើង​បាន​ទទួល​ការ​ស្តី​បន្ទោស នោះ​យើង​អាច​សម្រេច​ចិត្ត​ឲ្យ​ការ​ស្តី​បន្ទោស​នោះ​សំលៀង​យើង​ឲ្យ​មុត។ បទ​គម្ពីរ​សុភាសិត​បាន​ចែង​ថា “ត្រចៀក​ណា​ដែល​ស្តាប់​តាម​សេចក្តី​បន្ទោស​នៃ​ជីវិត នោះ​នឹង​អាស្រ័យ​នៅ​ជា​កណ្តាល​ពួក​អ្នក​ប្រាជ្ញ”(ខ.៣១)។ ហើយ​បើ​គេ​ឲ្យ​ពរ​យើង ដោយ​ពាក្យ​សរសើរ នោះ​យើង​អាច​រៀន​សូត្រ ពី​ការ​រិះ​គន់ និង​ការ​សរសើរ ទទួល​ទុក​ក្នុង​ចិត្ត ហើយ​បន្ត​ដំណើរ​ទៅ​មុខ​ទៀត នៅ​ក្នុង​ព្រះ​អង្គ​(ខ.៣៣)។—RUTH O’REILLY-SMITH